ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ គ្រោះថ្នាក់ចរាចរណ៍ ២ ករណី នៅពេលវេលាផ្សេង គ្នា និងនៅទីកន្លែងផ្សេងគ្នា នៅក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ បង្កឱ្យរងរបួសធ្ងន់ ស្រាល ប្រាំនាក់ និងខូចខាតមធ្យោបាយ ។
ប្រភពព័ត៌មានអោយដឹងថ្ងៃទី២២ខែមីនាថា: ករណីទី១ រថយន្តតូយ៉ូតា កាមរី (ឆ្លាម) ពាក់ផ្លាកលេខ បន្ទាយមានជ័យ 2A.8519 បានបើកបរលើផ្លូវជាតិលេខ៥៦ ទិសដៅពីខាងជើងមកខាងត្បូង ក្នុងល្បឿនលឿន ឡើងជែងមិនប្រយ័ត្ន ក៏ទៅបុកម៉ូតូ ម៉ាកហុងដា ឌ្រីម ១១០ គ្មានស្លាកលេខ បង្កឱ្យម៉ូតូដួលចូលក្រោមរថយន្តបែនធុនធំ ម៉ាកហ៊ីយាន់ដាយ ពាក់ផ្លាកលេខ កំពង់ចាម 3A.7399 ដែលបើកស្របទិសជាមួយម៉ូតូ បណ្តាលឱ្យយុវជនម្នាក់ អាយុប្រមាណជាង ២០ ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅ ស្រុកស្វាយចេក រងរបួសធ្ងន់។ ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ លើផ្លូវជាតិលេខ៥៦ ស្ថិតភូមិតាម៉ា សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ។
ឯករណីមួយទៀត ដែលបានកើតឡើង នៅថ្ងៃទី២០ ខែមីនា លើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ មានថយន្តម៉ាក គា វីស្តូ ពាក់ផ្លាកលេខ ភ្នំពេញ 2V.1442 មានអ្នករួមដំណើរក្នុងឡាន ពីរនាក់ ធ្វើដំណើរក្នុង ទិសដៅពីខាងកើត មកខាងលិច ក្នុងល្បឿនលឿន បានឡើងវ៉ាខាងឆ្វេង បណ្តាលទៅ បុករថយន្តកាមរី (ឆ្លាម) ពាក់ផ្លាកលេខ បន្ទាយមានជ័យ 2A.3224 ក្នុងដំណើរបញ្ច្រាស ទិសគ្នា ពីខាងលិច មកខាងកើត ហើយជ្រុលបន្តទៅបុកម៉ូតូកង់បី (PassUp) មួយគ្រឿង ទៀត រួចបន្តទៅប៉ះរថយន្តអ៊ីស៊ុយហ្ស៊ុយ ឌុយមិច ពាក់ផ្លាកលេខ ភ្នំពេញ 2BS.9221 បង្កឱ្យរងរបួសធ្ងន់ស្រាល បួននាក់ ក្នុងនោះមានស្រី មួយនាក់៕ V / N