ដោយ៖ ដេប៉ូ /​ ភ្នំពេញ៖ សត្វក្រៀល ជាប្រភេទសត្វដ៏កម្រមួយបែប កំពុងមានវត្តមាន នៅប្រទេសកម្ពុជា។ សត្វប្រភេទនេះ កំពុងទទួលបានការថែរក្សា ការពារយ៉ាងយកចិត្ត ទុកដាក់ ពីសំណាក់ក្រសួងបរិស្ថាន អង្គការដៃគូ អាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍។

បើយោងតាមទំព័រហ្វេសប៊ុក របស់ក្រសួងបរិស្ថាន បានឱ្យដឹង នៅថ្ងៃទី២២ ខែ មីនា ឆ្នាំ២០២៣ថាៈ ក្រៀល ជាប្រភេទសត្វ ដែលកំពុងទទួលរងការគំរាមកំហែង (VU) លើពិភលោក ។ សត្វប្រភេទនេះ ត្រូវបានចុះក្នុងបញ្ជីក្រហម របស់អង្គការ IUCN ។

សត្វប្រភេទនេះដែរ វាមានវត្តមានពេញមួយឆ្នាំ នៅប្រទេសកម្ពុជា ហើយភាគច្រើន រស់នៅតាមតំបន់វាលទំនាបលិចទឹក វាលស្រែ តាមតំបន់វាលស្មៅ ក្នុងព្រៃល្បោះ នៅតំបន់ភូមិភាគឧត្តរ នៃប្រទេសកម្ពុជា តំបន់បឹងទន្លេសាប ជាពិសេសខេត្តព្រះវិហារ បន្ទាយមានជ័យ កំពត និង តាកែវ ។

សត្វក្រៀល មានដងខ្លួនធំ ហើយខ្ពស់ ពណ៌ប្រផេះ ក្បាលពណ៌ក្រហម ដោយមានបន្ទូល ក្បាលប្រផេះ គ្មានរោម ចំពុះវែងត្រង់ ជើងក្រហមវែង និងជាប្រភេទសត្វស្លាប ដែល មិនអាចទុំ លើដើមឈើបាន។ ក្រៀល រកចំណីជាហ្វូង តែបន្តពូជមិនប្រមូលផ្តុំគ្នាឡើយ ជាសត្វមានភក្ដីភាព រវាងគូរបស់វា ដោយបន្តពូជតែញីមួយ ឈ្មោលមួយប៉ុណ្ណោះ ហើយ បន្តពូជ​នៅតំបន់ភាគឧត្តរ និងឦសាន នៃប្រទេសកម្ពុជា ជាពិសេសខេត្តព្រះវិហារ៕ V / N