ដោយៈ សុផល / ភ្នំពេញៈ នាវាល្បាតបារាំងមួយគ្រឿង ឈ្មោះ Prairial នឹងចូលសំចត នៅកំពង់ផែក្រុងព្រះសីហនុ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ស្ថានទូតបារាំង ប្រចាំកម្ពុជា។
បន្ទាប់ពីការបំពេញបេសសកម្ម យ៉ាងយូរ លើផ្ទៃសមុទ្រ ការចូលសំចតនេះ នឹងជាឱកាសមួយក្នុងការរិតចំណងមិត្តភាព រវាងកងទ័ពបារាំង និងកងទ័ពកម្ពុជា។ ការចូលសំចតចុងក្រោយរបស់នាវាបារាំងនៅកម្ពុជា ធ្វើឡើងកាលពីឆ្នាំ២០១៦ ហើយការចូលសំចត ដែលគ្រោងធ្វើឡើង កាលពីឆ្នាំ២០២០-២០២១ មិនអាចប្រព្រឹត្ត ទៅបាន ដោយសារស្ថានភាពសុខាភិបាល។ ដូច្នេះទស្សនកិច្ចរបស់នាវា Prairial គឺជាសញ្ញាថ្មីមួយទៀតនៃភាពរស់រវើកនៃទំនាក់ទំនង រវាងប្រទេសទាំងពីរ។
នាវា Prairial មានមូលដ្ឋាននៅ Papeete គឺជានាវារបស់កងទ័ពបារាំង នៅប៉ូលីនេស៊ី ដែលស្ថិតក្រោមការបញ្ជារបស់ឧត្តមនាវីត្រី Geoffroy d’Andigné ។ នាវានេះ ត្រូវបានប្រើប្រាស់ សម្រាប់បំពេញបេសកកម្មផ្សេងៗដូចជាការការពារអធិបតេយ្យនៅតាមតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់បារាំង ឬការផ្តល់ជំនួយ ដល់ប្រជាជន ឬចូលរួមក្នុងកិច្ចសហប្រតិបត្តិការនានា។
នាវានេះ មានបណ្តោយប្រវែង ៩៤ ម៉ែត្រ ហើយមានសមាជិកនាវិក ប្រមាណ១០០ នាក់ ដោយមានផ្ទុកឧទ្ធម្ភាគចក្រ មួយគ្រឿង ប្រភេទ Dauphin។ ជាទូទៅ នាវា Prairial ចូលរួមនៅក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ នៅក្នុងដែនទឹកអន្តរជាតិ និងក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់បណ្តាប្រទេសដែនកោះ នៃមហាសមុទ្រប៉ាស៊ីហ្វិក។
សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងទៀតថាៈ នាវានេះតែងតែបំពេញបេសកកម្ម ជាប្រចាំនៅតំបន់អាស៊ី ដើម្បីគូសបញ្ជាក់អំពី ការប្រកាន់ខ្ជាប់របស់បារាំង ចំពោះការ គោរពច្បាប់អន្តរជាតិ និងសេរីភាព នៃការធ្វើនាវាចរណ៍ នៅក្នុងតំបន់រួម។ ក្រុមនាវិក តែងធ្វើការផ្លាស់ប្តូរសកម្មភាពជាមួយកងកម្លាំង នៃប្រទេសអាស៊ាន កូរ៉េ និងជប៉ុន ដែលជួយពង្រឹងលទ្ធភាព នៃការធ្វើប្រតិបត្តិការចម្រុះ ជាមួយទាហានជើងទឹក នៃប្រទេសដៃគូ។ ជាក់ស្តែង នាពេលកន្លងមក នាវានេះបានចូលរួម នៅក្នុងសមយុទ្ធ មួយ ជាមួយឆ្មាំសមុទ្រហ្វីលីពីន។
នៅប្រទេសកម្ពុជា ការចូលសំចតនេះ នឹងជាឱកាសផ្លាស់ប្តូរបទពិសោធន៍ ជាពិសេសរវាងទាហានជើងទឹកបារាំង និងកម្ពុជា តាមរយៈការបង្ហាញយុទ្ធសាស្រ្ត និងជំនួបស្និទ្ធ ស្នាលផ្សេងៗទៀតដូចជាការប្រកួតបាល់ទាត់ជាដើម។
ការចូលសំចតរបស់នាវា Prairial ធ្វើឡើងក្នុងក្របខ័ណ្ឌនៃយុទ្ធសាស្រ្តរបស់បារាំង ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ បារាំងក៏ជាប្រទេសអធិបតេយ្យមួយ នៅឥណ្ឌូប៉ាស៊ីហ្វិក ផងដែរ ព្រោះនៅក្នុងតំបន់នេះ បារាំង មានទឹកដីឯនាយសមុទ្រចំនួន៧ ដោយមាន ពលរដ្ឋបារាំង រស់នៅចំនួន ១,៦ លាននាក់ និងយោធាបារាំងចំនួន ៧.០០០ នាក់។ ៩៣% នៃតំបន់សេដ្ឋកិច្ចផ្តាច់មុខ របស់បារាំង ស្ថិតនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
ការប្តេជ្ញាចិត្តរបស់បារាំង នៅក្នុងតំបន នេះឆ្លុះបញ្ចាំងឱ្យឃើញ នៅក្នុងវិស័យធំៗ ចំនួន៤គឺ៖ សន្តិសុខ និងការការពារ សេដ្ឋកិច្ច ពហុភាគីនិយម និងវិធានច្បាប់ បម្រែបម្រួលអាកាសធាតុ និងការគ្រប់គ្រង មហាសមុទ្រដោយចីរភាព។ ប្រទេសបារំាង ខិតខំពង្រឹងបន្ថែមទៀត នូវភាពជាដៃគូ និងវត្តមានរបស់ខ្លួន នៅក្នុងតំបន់នេះ។ សហភាពអឺរ៉ុប ក៏មានទស្សនវិស័យដូចគ្នា ចំពោះអាទិភាពទាំងនេះ ដែលត្រូវបាន ដាក់បញ្ចូល ក្នុងយុទ្ធសាស្រ្តសហប្រតិបត្តិការអឺរ៉ុប នៅឥណ្ឌូប៉ាស៊ីហ្វិក។
ការចូលសំចតរបស់នាវា Prairial ឆ្លុះបញ្ចាំងពីការលើកកម្ពស់ទំនាក់ទំនងបារាំង កម្ពុជា ដែលស្តែងចេញ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ ជាច្រើន នៅឆ្នាំនេះ។ វាក៏ជាលទ្ធផលនៃការពង្រឹងភាពជាដៃគូរវាងប្រទេសបារាំង ជាមួយ អាស៊ានផងដែរ។ បច្ចុប្បន្ន ប្រទេសបារាំង បានក្លាយទៅជាសមាជិកសង្កេតការណ៍នៅក្នុងក្រុមការងារចំនួនពីរ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+) ក្នុងនោះ មានក្រុមការងារ ទទួលបន្ទុកសន្តិសុខលំហសមុទ្រ ។ នេះគឺជាការទទួលស្គាល់ កិច្ចខិតខំប្រឹងប្រែងរបស់បារាំង សម្រាប់សន្តិសុខតំបន់ និងការគាំទ្រដល់ដំណើរការសន្តិសុខជាទូទៅ ដែលអាស៊ាន ស្ថិតនៅចំកណ្តាល៕ V / N