ខេត្តកំពត​នឹងមាន​ផ្សារ​សម្រាប់​ដាក់លក់​ផលិតផល​ក្នុងស្រុក ដើម្បី​កេរ្តិ៍ឈ្មោះ និង​គុណភាព​

2219
ចែករម្លែក
  • 49
    Shares

​ដោយ​: បូកគោ / កំពត​: ក្នុង​បំណង​បញ្ចៀស​នូវ​ការយល់ច្រឡំ ក៏ដូចជា​រក្សា​កេរ្តិ៍ឈ្មោះ និង​គុណភាព នៃ​ផលិតផល​ក្នុងស្រុក​ឱ្យបាន​ល្អប្រសើរ ជូន​ភ្ញៀវ​ជិត​ឆ្ងាយ​ទាំងអស់ អាជ្ញាធរ​ខេត្តកំពត នឹង​បង្កើត​ផ្សារ​សម្រាប់​ដាក់តាំង​លក់​កសិផល​ដាច់ដោយឡែក​នា ពេល​ឆាប់ៗ​ខាងមុខ​។​

​ថ្លែង​ក្នុង​កិច្ចពិភាក្សា​ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​កាលពី​ចុង​សប្តាហ៍​កន្លងទៅ លោក ជាវ តា​យ អភិបាលខេត្ត​កំពត​បា​ន​មានប្រសាសន៍ថា ផ្លែ​ទុរេន​របស់​ខេត្តកំពត ត្រូវបានគេទទួលស្គាល់​ជា​យូរ​មកហើយ​ថា មាន​រសជាតិ​ឆ្ងាញ់​គ្មាន​គូ​ប្រៀប​។ ប៉ុន្តែ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ភ្ញៀវ​ភាគច្រើន ពិសេស​អ្នក​ភ្នំពេញ​តែង​ត្អូញត្អែរថា ពួកគាត់​មកលេង​កំពត​ទិញ​លែង​បាន​ទុរេន​ឆ្ងាញ់​ហូប​ដូច​មុន​ទៀតហើយ ទោះបី​ទិញ​ផ្ទាល់​នៅ​ខេត្ត​នេះ​ក្តី ពោលគឺ​រសជាតិ​ដូច​ទុរេន​នៅ​ភ្នំពេញ​ដែល​គេ​នាំ​មកពី​ប្រទេស​ថៃ​ដែរ​។ ព្រោះតែ​បាតុភាព​នេះ រូបលោក​ផ្ទាល់​បាន​ចុះ​ជួប​អ្នកលក់​ទុរេន​ដែល​នាំ​មកពី​ប្រទេស​ថៃ ដោយ​ពួកគាត់​បាន​សារភាព​ថាបើ​មិន​ប្រើ​ឈ្មោះ​ជា​ទុរេន​កំពត​នោះ​ពួកគាត់​លក់​មិន​ដាច់ ហើយ​អត់​ចំណេញ​ទៀតផង​។

​លោក​អភិបាលខេត្ត​បាន​បន្តថា​ដូច្នេះ នាពេលខាងមុខ អាជ្ញាធរខេត្ត​នឹង​បង្កើត​ផ្សារ​សម្រាប់​ដាក់តាំង​លក់​ផលិតផល​របស់​ខេត្ត​ដាច់ដោយឡែក​ដើម្បី​បញ្ចៀស​នូវ​រូបភាព​ក្លែងបន្លំ​តទៅទៀត​។ ប៉ុន្តែ​ក្នុងករណី​មាន​ទំនិញ​ស្រដៀង​គ្នា​នេះ​នាំ​មកពី​ក្រៅ ហើយ​ត្រូវ​ការលក់​ក្នុង​ផ្សារ​នោះដែរ អាជ្ញាធរ​មិន​ហាមឃាត់​ទេ តែ​ត្រូវ​ដាក់ឈ្មោះ​បង្ហាញ​ឱ្យបាន​ច្បាស់លាស់​ដើម្បី​សម្តែង​ភាពស្មោះត្រង់​ចំពោះ​អតិថិជន និង​រក្សា​កិត្តិយស ក៏ដូចជា​គុណភាព​នៃ​លិ​ត​ផល​របស់​ខេត្តកំពត ចៀសវាង​មានការ​យល់ច្រឡំ​តទៅទៀត​។​

​លោក​សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​បាន​សម្តែង​ក្តី​មោទនៈ​ថា​លោក​គាំទ្រ​ទាំងស្រុង​ចំពោះ​គំនិត​ផ្តួចផ្តើម​បង្កើត​មជ្ឈមណ្ឌល​ដាក់តាំង​បង្ហាញ និង​លក់​ផលិតផល​ដែលជា​របស់​អ្នក​ខេត្តកំពត​នេះ​។ សព្វថ្ងៃ ទោះបី​នៅតាម​រមណីយដ្ឋាន​នានា សមត្ថកិច្ច​ក្នុង​ដែន​ជំនាញ​ទប់ស្កាត់​បានល្អ តែ​បាតុភាព​អវិជ្ជមាន​កើតឡើង​នៅក្រៅ​តំបន់​កម្សាន្ត​ពាក់ព័ន្ធ​នឹង​ការ​ក្លែងបន្លំ​ឈ្មោះ​ផលិតផល​ទាំង​នោះបាន​ជះឥទ្ធិពល​អាក្រក់​មួយផ្នែកធំ​សម្រាប់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តកំពត​។​

​ទាក់ទិន​នឹង​កិច្ចប្រឹងប្រែង​ដើម្បី​រក្សា​កេរ្តិ៍ឈ្មោះ និង​គុណភាព​ផលិតផល​ក្នុងស្រុក​នេះ នា​ពិធី​បើកសម្ពោធ​ការដាក់​តាំង​បង្ហាញ​ផ្សព្វផ្សាយ​ផលិតផល​ក្នុង​ខេត្ត​កាលពី​ខែមិថុនា ឆ្នាំ​២០១៨ កន្លងទៅ លោក ស៊ុត តារា អគ្គនាយករង​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​នៃ​ក្រសួងពាណិជ្ជកម្ម​បាន​មានប្រសាសន៍ថា ការបង្កើតបាន​នូវ​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​មានឈ្មោះ​ល្បី ហើយ​ត្រូវបាន​ទទួលស្គាល់​ដ៏​ទូលំទូលាយ​នោះ ជា​មោទនភាព​មួយ​សម្រាប់​អ្នក​ខេត្ត​សាមី​ដែលជា​ម្ចាស់​ផលិតផល​ផ្ទាល់​។ ខេត្តកំពត​មាន​ផលិតផល​ជា​សក្តានុពល​មួយចំនួន ដូចជា​អំបិល ទឹកត្រី ម្រេច មង្ឃុត ទុរេន​ជាដើម​។ ដោយសារ​ភាពល្បីល្បាញ​នេះហើយ​ទើប​ឈ្មួញ​ខិលខូច​មួយចំនួន​ព្យាយាម​យក​ផលិតផល​ស្រដៀង​គ្នា​ពី​បណ្តា​ភូមិសាស្ត្រ​នានា ឬ​ប្រទេសជិតខាង​ចូលមកក្នុង​ខេត្ត ដោយ​ប្រើ​ឈ្មោះថា​ជា​ផលិតផល​របស់​ខេត្តកំពត​។ លោក អគ្គនាយក​រដ្ឋ​បាន​រំលឹកថា​ដើម្បី​រក្សា​កេរ្តិ៍ឈ្មោះ និង​គុណភាព​នៃ​ផលិតផល​ឱ្យបាន​ល្អប្រសើរ ក៏ដូចជា​បញ្ចៀស​នូវ​ផល​អវិជ្ជមាន​ផ្សេងៗ សមត្ថកិច្ច​ក្នុង​ដែន​ជំនាញ​ត្រូវ​យកចិត្តទុកដាក់​បង្កា​រ​ទប់ស្កាត់ ឱ្យបាន​ដាច់ខាត​រាល់​សកម្មភាព​នាំ​ទំនិញ​ក្លែងបន្លំ​ចូលមក​ខេត្ត​របស់ខ្លួន​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម