ដោយ:មុនីរ័ត្ន/ភ្នំពេញៈ លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ចំនួន២ បទល្មើស ។ក្នុងនោះទី១.ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា៤៣៧(ស្ទួន) នៃច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។ នេះបើតាមការបញ្ជាក់របស់លោកប្លង់ សុផលអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាន នគរបារាជធានីភ្នំពេញ បានប្រាប់រស្មីកម្ពុជានៅរាត្រីថ្ងៃទី ២២ខែមីនា នេះថា នៅរសៀល ថ្ងៃទី២២ ខែមីនា នេះ សមត្ថកិច្ចបានបញ្ជូនខ្លួនលោកយឹម ស៊ីណន និងលោក ហ៊ុន កុសល ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ដោយចោទ ប្រកាន់ពីបទល្មើស ទី១. បទញុះញង់ និងទី២. បទ ប្រមាថលើអង្គព្រះមហាក្សត្រ។

គួររំលឹកថាសមត្ថកិច្ចបានឃាត់ខ្លួនលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ដែលបានបង្ហោះសារញុះញង់តាមបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងរូបភាពព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីព្រះទានព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២១ ខែមីនា ។
សូមជម្រាបថាឈ្មោះ យឹម ស៊ីណន រស់នៅ សង្កាត់ព្រៃស ខណ្ឌដង្កោ និងឈ្មោះ ហ៊ុន កុសល ឃាត់ខ្លួននៅខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការប្រមាថមើលងាយអង្គព្រះមហាក្សត្រ ក្នុងព្រះរាជពិធីព្រះទានព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅខេត្តសៀមរាប ៕សរន