ដោយ : ប.ជ័យ / បន្ទាយមានជ័យ:ជនជាតិថៃបីនាក់បានកាប់នឹងកាំបិតប៉័ងតោលើជនជាតិចិនពីរនាក់បណ្តាលអោយរងរបួសធ្ងន់ ដោយមូលហេតុរឿងគំនុំ ហើយលែងអាចអត់ឱនឲ្យទៀតបាន។
រឿងនេះកើតឡើងនៅវេលាម៉ោង១១និង៣០ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅចំណុចមុខវត្តផ្សារកណ្តាល ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំងចុះប្រតិបត្តិការដល់កន្លែងកើតហេតុ ហើយបង្ក្រាបជនសង្ស័យជាជនជាតិថៃបានចំនួនបីនាក់ ដកហូតកាំបិតប៉័ងតោមួយ។
ជនជាតិថៃដែលជាប់ជាជនសង្ស័យទាំងបីនាក់ មាន : ១-ឈ្មោះសូរ៉ាប្រាច គៀរយ៉ាពង្ស(Soraprach Kiryapong )ភេទប្រុស ។
២-ឈ្មោះ ស៊ូបប៉ាឆ័យ សេតេមុត (Supphachai Setteemut )ភភេទប្រុសនិង៣-ឈ្មោះម៉ុនសាក់ អេម៉យ៉ូ ( MONSAK AIMYOO )ភេទប្រុស ។ពួកគេស្នាក់នៅបណ្តោះអាសន្នក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកបានឲ្យដឹងបន្តថា: ដោយសាររឿងគំនុំមិនអាចអត់ឱនឲ្យគ្នាបាន ជនសង្ស័យទាំង៣នាក់ បានធ្វើសកម្មភាពដោយយកកាំបិតប៉័ងតោកាប់ទៅលើជនរងគ្រោះជាជនជាតិចិនទាំងពីរនាក់ ទី១-ឈ្មោះ សិន ឈុនវ៉ី ( CHEN CHUN WEI ) ភេទប្រុស អាយុ៣៤ឆ្នាំ ។
២-ឈ្មោះលីន ឈុនហ្វ៊ូ (LIN CHUN FU ) ភេទប្រុស អាយុ៤៦ឆ្នាំ បណ្តាលឲ្យរងរបួសធ្ងន់ជាច្រើនកន្លែង ហើយបច្ចប្បន្នស្ថិតនៅក្នុងសង្គ្រោះ ព្យាបាលនៅមន្ទីរពេទ្យ ។
ចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៣នាក់បានសារភាពថា : ពួកខ្លួនពិតជាបានកាប់ទៅលេីជនជាតិចិន២នាក់ពិតមែន.ដោយសាររឿងគំនុំដែលសាំញ៉ាំ មិនអាចអត់អោនបាន ។
ជនសង្ស័យបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឲ្យដឹងថា : ជនសង្ស័យទាំង៣នាក់នេះ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផង ។
នៅថ្ងៃទី២២ ខែមីនា ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕សរន