ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅវេលាម៉ោង ៩ យប់ ថ្ងៃទី២២ ខែមីនានេះ ព្រះអគ្គិកីឡា បានចេញដំណើរពីខេត្តសៀមរាប ទៅដល់ទីក្រុងហាណូយ ប្រទេសវៀតណាមហើយ។
ប្រទេសវៀតណាម ជាប្រទេសដំបូង នៃពិធីដង្ហែព្រះអគ្គិជ័យកីឡា សម្រាប់ស៊ីហ្គេម -អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទៅកាន់បណ្ដាប្រទេសសមាជិក ទាំង១០នេះ គឺបានទទួលការស្វាគមន៍ មកដល់អាកាសយានដ្ឋានអន្ដរជាតិ ពីលោកស្រី ជា គឹមថា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសវៀតណាម ព្រមទាំងតំណាងអាជ្ញាធរកីឡាវៀត ណាម អមការដង្ហែទៅរក្សាទុក នៅស្ថានទូតកម្ពុជា នៅទីក្រុងហាណូយ ។
ពិធីដង្ហែព្រះអគ្គិជ័យកីឡា នឹងត្រូវធ្វើឡើងឆ្លងកាត់បណ្ដាប្រទេសតំបន់អាស៊ាន និង ទីម័រខាងកើត ចាប់ពីថ្ងៃទី២២ ខែមីនា ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដោយបេសកជនពិសេស លោក ហោ សារុន និងប្រតិភូតំណាង CAMSOC ត្រូវសហការជាមួយស្ថានទូត និងស្ថានតំណាងនៃកម្ពុជា ប្រចាំប្រទេសនានា ហើយសហការជាមួយអាជ្ញាធរ និងរដ្ឋអំណាចកីឡាប្រចាំប្រទេសនីមួយៗ ដើម្បីរៀបចំពិធីដ៏មានអត្ថន័យ ឆ្ពោះទៅព្រឹត្តិការណ៍ ជាប្រវត្តិសាស្ដ្រនេះ ឲ្យទទួលបានជោគជ័យ ។
បន្ទាប់ពីប្រទេសវៀតណាម ពិធីដង្ហែនេះ នឹងត្រូវឆ្លងកាត់បណ្ដាប្រទេស ផ្សេងៗទៀត រហូតដល់ឡាវ ដែលជាប្រទេសចុងក្រោយគេ ត្រូវរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡា មុនដង្ហែត្រឡប់ចូលប្រទេសកម្ពុជាវិញ នៅថ្ងៃទី២៧ ខែមេសា តាមច្រកទ្វារព្រំដែន អន្ដរជាតិ ត្រពាំងក្រៀល-ណងណុកឃៀន ។ រាល់ការធ្វើដំណើរឆ្លងកាត់ ឬសម្រាក នៅប្រទេស ក៏ដូចជា រាជធានី រដ្ឋធានី-ខេត្តនីមួយៗ ចង្កៀងរក្សាព្រះអគ្គិជ័យកីឡា នឹងត្រូវរក្សាទុកនៅស្ថានទូត ឬទីវត្តអារាម យ៉ាងត្រឹមត្រូវបំផុត ។
ក្រោយបញ្ចប់ពិធីដង្ហែព្រះអគ្គិអាទិទេពកីឡា នៅបណ្ដាប្រទេសតំបន់អាស៊ាននិង ទីម័រខាងកើត គឺជាពេលវេលារៀបចំពិធីដង្ហែព្រះអគ្គិកីឡា តាមបណ្ដាខេត្ត ជាប់បឹងទន្លេសាបវិញម្ដង ដោយចេញដំណើរ ពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ល្ងាចថ្ងៃទី០៥ ខែឧសភា ខ្ទង់វេលាម៉ោង ៨និង៣០ នាទីយប់ ពោលគឺ ចំពេលប្រារព្ធពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ជាផ្លូវការតែម្ដង ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC បានអំពាវនាវ ដល់ប្រជាពលរដ្ឋ និងសិស្ស និស្សិត ទាំងក្នុងស្រុក និងក្រៅស្រុក ពិសេសអ្នករត់ នៅតាមបណ្ដាប្រទេស ត្រូវព្រះអគ្គិអាទិទេពកីឡា ឆ្លងកាត់ សូមចូលរួមអបអរសាទរ ឲ្យបានច្រើនកុះករ ដើម្បីជាចំណែកមួយ ក្នុងការអបអរសាទរដំណើរឆ្ពោះទៅ ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ លើកដំបូងនៅកម្ពុជា ក្រោយការរង់ចាំ អស់រយៈពេល ៦៤ឆ្នាំ គឺការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ៕ V / N