​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ការ​គិត​អំពី​បឹង​មួយ​អាច​ប្រែក្លាយ​សត្វ​ដែល​ប៉ះ​វា​ទៅ​ជា​ថ្ម​ភ្លាមៗ ប្រហែល​ជា​ស្តាប់ទៅ​ដូចជា​គំនិត​ចេញពី​រឿងព្រេង​ក្រិក​។​ប៉ុន្តែ​វា​ជា​ការពិត​នៅ​ប្រទេស​តង់​ហ្សា​នី​ កន្លែង​ដែល​សត្វ​រស់នៅ​ដោយ​ការភ័យខ្លាច​ចំពោះ​បឹង​ដ៏​សាហាវ​បំផុត​មួយ​ក្នុង​ពិភពលោក​។​

​បឹង​ណា​ត្រុន (Natron) គឺជា​ដែនដី​បង្កាត់​ពូជ​ដ៏​សំខាន់​សម្រាប់​សត្វ​ក្រៀល​ផ្លិ​មីន​ហ្គោ (Flamingo) ដែល​មិនសូវ​ជិត​ផុត​ពូជ​ប៉ុន្តែ​សត្វ​ទាំងឡាយ​ប្រឈម​នឹង​ការ​រឹង​កក​ជា​រៀងរហូត​នៅក្នុង​ទឹក​​អំបិល​របស់​វា ប្រសិនបើ​ពួកវា​ហ៊ាន​ចូល​ទៅ​ជិត​មាត់​បឹង​។​

​បាក់តេរី ដែល​បាន​ផ្តល់​ពណ៌​ក្រហម​ដល់​ទឹក​បឹង​នេះ គឺជា​សារពាង្គកាយ​តែមួយគត់​ដែល​អាច​ទ្រាំទ្រ​នឹង​កម្តៅ​ជា​មធ្យម ២៦ អង្សា​សេ កំហាប់​អំបិល​មរណា និង​ជាតិ​អាល់​កា​ឡាំង​ដ៏​សាហាវ​។​

​សាកសព ដែល​ធ្លាក់​ចូលទៅក្នុង​ទឹក គឺ​រលួយ​យ៉ាង​រហ័ស ខណៈ​សព ដែល​ធ្លាក់​ត្រឹម​មាត់បឹង ត្រូវបាន “​រុំ​ក្នុង​អំបិល​” ជា​រៀងរហូត នេះ​បើ​យោង​តាម​បរិស្ថាន​វិទូ លោក ដេវីត ហា​ភើ (David Harper) នៃ​សាកលវិទ្យាល័យ​ឡេ​សេ​ស្ទើ (Leicester)​។​

​ស្ថានភាព​អរិភាព​របស់​បឹង​នេះ​អាច​ត្រូវ​ស្តីបន្ទោស​លើ​ភ្នំ​អូ​ល ដ​យ​យ៉ូ ឡេន​ហ្គាយ (Ol Doinyo Lengai) នៅក្បែរនោះ ដែល​គេ​ស្គាល់​ថា “​ភ្នំ​ព្រះ​” ជា​ភ្នំភ្លើង​សកម្ម​តែមួយគត់​ដែល​បញ្ចេញ​សារធាតុ ណាត្រូ​កាបោន​ណាទីត​(Natrocarbonatites)​។​សារធាតុ​ទាំងនេះ​បាន​ហូរ​ចូលទៅ​ក្នុង​បឹង​តាមរយៈ​ខ្សែទឹក​ជាច្រើន ដែល​ហូរ​កាត់​តាម​ភ្នំភ្លើង ដែល​រួមចំណែក​ដល់​កម្រិត​អាល់​កា​ឡាំង​ដ៏​អាក្រក់​របស់​វា​លើសពី pH 10​។​

​មាន​តែ​សត្វ​ក្រៀល​ផ្លិ​មីន​ហ្គោ ដែល​ហោះ​ទៅ​ស៊ី​ពពួក​បាក់តេរី ស្យា​ណូ​បាក់តេរី​(Cyanobacteria) សម្បូរ​សារធាតុចិញ្ចឹម​នៅក្នុង​ទឹក​ប៉ុណ្ណោះ នាំគ្នា​ទៅ​តំបន់​នោះ​ដើម្បី​បង្កាត់​ពូជ​។​

​ប៉ុន្តែ​សូម្បីតែ​ពួក​វា​ក៏​មិន​អាច​គេចផុត​ពី​ស្ថានភាព​គ្មាន​មេត្តា​របស់​បឹង​អំបិល​នេះ​បានដែរ ហើយ​អាច​ធ្លាក់​ខ្លួន​ជា​ជនរងគ្រោះ​ដោយ​ការជាប់គាំង​នៅលើ​ច្រាំង​៕

​បឹង​ណា​ត្រុន ជា​បឹង​គ្រោះថ្នាក់​បំផុត​សម្រាប់​សត្វ​នៅ​ប្រទេស​តង់​ហ្សា​នី