​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រូបភាព​មិន​គួរឱ្យ​ជឿ​នៃ​ពពក​ធូលី​ដែល​កើតឡើង នៅពេល​ដែល​យានអវកាស Double Asteroid Redirection Test (DART) របស់​អង្គការ​ណា​សាបំ​បុកលើ​អាចម៍ផ្កាយ​មួយ ត្រូវបាន​លាតត្រដាង​។​

​យានអវកាស​ទំហំ​ប៉ុន​ទូទឹកកក​នេះ​បាន​បំបុក​ជា​មួយនឹង​ថ្ម​អវកាស​ប្រវែង ១៦៩ ម៉ែត្រ ដែល​គេ​ស្គាល់​ថា Dimorphos កាលពី​ថ្ងៃទី ២៦ ខែ​កញ្ញា​ឆ្នាំ​មុន​។​គោលបំណង​នៃ​បេសកកម្ម​នេះ​គឺ​ដើម្បី​បង្ហាញ​ថា បច្ចេកវិជ្ជា​នេះ​នឹង​អាច​បំប៉ើង​អាចម៍​ផ្កាយ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ផែនដី​នាពេល​អនាគត​។​

​ក្នុង​ខែ​នេះ គេ​បាន​លាតត្រដាង​ថា យាន DART បាន​កាត់បន្ថយ​ពេលវេលា​នៃ​គន្លង​របស់​អាចម៍ផ្កាយ​ដាយម័​រ​ហ្វូស​( Dimorphos) អស់ ៣៣ នាទី ដែល​ច្រើន​ជាង​ការព្យាករណ៍​ជិត ៥ ដង​ហើយ​វា​ត្រូវ​បាន​ចាត់ទុកថា​ជា​ជោគជ័យ​។​

​អ្នកវិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ​អេឌីន​បឺក (Edinburgh) បាន​សិក្សា​ពី​លទ្ធផល​នៃ​ការប៉ះទង្គិច​នេះ រួមទាំង​អ្វី​ដែល​មាន​នៅក្នុង​កម្ទេច​កម្ទី​ដែល​វា​បាន​បន្សល់ទុក​និង​របៀប​ដែល​វា​ស្អិត​ជាប់​គ្នា​វិញ​តាម​ពេលវេលា​។​

​និស្សិត​ថ្នាក់​បណ្ឌិត លោក ប្រាយ​អែន មឺ​ហ្វ៊ី (Brian Murphy) បាន​និយាយថា “​អាចម៍ផ្កាយ​គឺជា​វត្ថុ​ធាតុ​មូលដ្ឋាន​បំផុត​នៃ​អ្វី​ដែល​ភព​និង​ព្រះ​ចន្ទ​នៅក្នុង​ប្រព័ន្ធ​សុរិយគតិ​របស់​យើង​ត្រូវ​បាន​បង្កើតឡើង​”​។​

​ពពក​ធូលី​សេសសល់​បន្ទាប់​ពី​យាន DART បំបុក​ចូល​អាចម៍ផ្កាយ Dimorphos ក្នុង​ល្បឿន ២២.០០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង អាច​ប្រាប់​យើង​អំពី​អ្វី​ដែល​បាន​កើតឡើង​នៅពេលដែល​ប្រព័ន្ធ​សុរិយគតិ​របស់​យើង​ត្រូវ​បាន​បង្កើតឡើង​។​

​វា​ក៏​អាច​ផ្តល់​ព័ត៌មាន​បន្ថែម​អំពី​សមាសធាតុ​គីមី​នៃ​អាចម៍ផ្កាយ​ទាំងនេះ​ផងដែរ​៕

ពពក​ធូលី​ពី​អាចម៍ផ្កាយ Dimorphos អាច​ប្រាប់​ព័ត៌មាន​ជាច្រើន​ដល់​អ្នក​ស្រាវជ្រាវ