ប្រែសម្រួល៖បំណង(ដេល្លីម៉េល)៖ ប៉ូលីសថៃបានបាញ់សម្លាប់បុរសម្នាក់ដែលបានបាញ់ដាក់កងកុម្ម៉ង់ដូសំរុកចូលផ្ទះរបស់ខ្លួនកាលពីដើមថ្ងៃព្រហស្បតិ៍ទី២៣មីនា ដើម្បីបញ្ចប់ការប្រឈមមុខគ្នាអស់១៤ម៉ោងបន្ទាប់ពីជនសង្ស័យបានបាញ់សម្លាប់មនុស្សបីនាក់និងបង្កអោយរបួសបីនាក់ទៀតកាលពីថ្ងៃពុធ។
កងកុម្ម៉ង់ដូ ត្រូវបានបញ្ជាអោយទៅកាន់កន្លែងកើតហេតុដើម្បីជួយប៉ូលីសមូលដ្ឋានក្នុងខេត្តផេតចាប៊ូរី (Phetchaburi)ដោយប្រើរថពាសដែកដើម្បីបុកទម្លុះចូលផ្ទះកំពស់ពីរជាន់មួយនៅម៉ោង៤ជិតភ្លឺថ្ងៃព្រហស្បតិ៍ នៅចម្ងាយប្រមាណ១៧០គីឡូម៉ែត្រពីក្រុងបាងកក។ពួកគេបានឡើងទៅកាន់ជាន់ទពីរនិងជួបជនសង្ស័យ ជាបុរសវ័យ២៩ឆ្នាំឈ្មោះអានុវ៉ាត វែងតុង(Anuwat Waentong)។នាយកប៉ូលីសម្នាក់បាននិយាយថា អានុវ៉ាត បានបាញ់ស្រោចមកលើកងកម្លាំងប៉ូលីសនិងកុម្ម៉ង់ដូ ។យ៉ាងតិចគ្រាប់កាំភ្លើងប្រាំមួយបានចំខែលការពារ មុនពេលប៉ូលីសបាញ់សម្លាប់ជននេះ។លោកថា«មនុស្សរបស់ខ្ញុំមុខជាត្រូវគ្រាប់បើគ្មានខែល»។
លោកបានបន្តថា ប៉ូលីសបានឆ្លើយតបសមស្របដើម្បីបញ្ចប់ស្ថានការណ៍ដែលបានចាប់ផ្តើមពីការចរចារហូតដល់ប្រើកម្លាំងសម្លាប់។ការប្រទាញប្រទង់អូសបន្លាយពេលអាចបង្កគ្រោះថ្នាក់ដល់ប៉ូលីសនិងប្រជាជន។
អានុវ៉ាត វែងតុង ត្រូវប៉ូលីសបាញ់សម្លាប់កាលពីព្រឹកថ្ងៃ២៣មីនា
កងកុម្ម៉ង់ដូប៉ូលីសក្នុងអំឡុងប្រតិបត្តិការបញ្ចប់ការប្រទាញប្រទង់ជាមួយខ្មាន់កាំភ្លើងនៅផ្ទះមួយក្នុងខេត្តផេតចាប៊ូរី កាលពីថ្ងៃពុធទី២២មីនា
មនុស្សដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់គឺបុរសពីរនាក់និងអ្នកដឹកឥវ៉ាន់តាមទោចក្រយានយន្តម្នាក់។រីឯអ្នរងរបួសរួមមានប៉ូលីសពីរនាក់ និងអ្នកដំណើរឆ្លងកាត់ម្នាក់។
ម្តាយរបស់ជនសង្ស័យក៏ត្រូវបាននាំទៅកាន់កន្លែងប្រឈមមុខគ្នានិងបានសុំអោយកូនរបស់គាត់ប្រគល់ខ្លួនដល់សមត្ថកិច្ច តែមិនបានទទួលចម្លើយតបវិញទេ។
បើតាមសារព័ត៌មានថៃ អានុវ៉ាត វែងតុង ត្រូវឡើងតុលាការនៅថ្ងៃពុធទី២២មីនាចំពោះបទចោទប្រកាន់ថ្នាំញៀន តែប៉ូលីសបាននិយាយថា ខ្លួននៅកំពុងស៊ើបរកមូលហេតុនៃសោកនាដកម្មនេះ។សារព័ត៌មានថៃបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ថា បុរសស្លាប់ពីរនាក់ពាក់ព័ន្ធក្នុងជម្លោះផ្លូវច្បាប់ជាមួយអានុវ៉ាត ហើយជនសង្ស័យបានមានជម្លោះវាយតប់ជាមួយពួកគេម្នាក់កាលពីប៉ុន្មានខែមុន។
គេថាអានុវ៉ាត វែងតុងបានចាប់ផ្តើមបាញ់មិនរើសមុខចេញពីជាន់ទីពីរកាលពីរសៀលថ្ងៃពុធ។ប៉ូលីសប្រមាណ១០០នាក់ត្រូវបានបញ្ជូនទៅឡោមព័ទ្ធនិងព្យាយាមបញ្ចុះបញ្ជូនអោយជននេះប្រគល់ខ្លួន។
ហេតុការណ៍នៅផេតចាប៊ូរី កើតឡើងត្រឹមតែមួយសប្តាហ៍ក្រោយពីនាយប៉ូលីសសាក់បួនម្នាក់នៅក្រុងបាងកកបានប្រឈមមុខអស់២៧ម៉ោងជាមួយប៉ូលីសមួយក្រុមដែលព្យាយាមចាប់ខ្លួនគាត់យកទៅព្យាបាលរោគវិកលចរិត៕