ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ថ្ងៃពុធម្សិលមិញបានធ្វើដំណើរដ៏គួរឱ្យភ្ញាក់ផ្អើលដើម្បីរាក់ទាក់កងទ័ពនៅសមរភូមិជួរមុខនៃទីក្រុងបាឃ្មុត ជាសមរភូមិយូរបំផុតនិងបង្ហូរឈាមបំផុតចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី។
ទីក្រុងខ្ទេចខ្ទាំនៅភាគខាងកើតនៃប្រទេសក្នុងតំបន់ដុនបាសនេះបានក្លាយជានិមិត្តរូបនៃការតស៊ូក្រាញននៀលរបស់អ៊ុយក្រែនប្រឆាំងនឹងកងកម្លាំងរបស់លោក វ្ល៉ាឌីមៀ ពូទីន។
ទោះបីជាមានជម្លោះដ៏ឃោរឃៅក៏ដោយ ក៏ប៉ុន្តែវានាំមកនូវស្នាមញញឹម នៅពេលលោកហ្សេលេនស្គីឱបនិងស្វាគមន៍កងទ័ព ហើយបានជួបជាមួយអ្នកដែលបានរងរបួសក្នុងសង្គ្រាម។ លោកបានផ្តល់មេដាយយោធានិងអរគុណកងទ័ពសម្រាប់ការការពារអធិបតេយ្យភាពអ៊ុយក្រែន។
ដំណើរចុះសួរសុខទុក្ខរបស់ប្រធានាធិបតីអ៊ុយក្រែនបានបង្ហាញពីភាពផ្ទុយគ្នាស្រឡះពីប្រធានាធិបតីរុស្ស៊ី ដែលចុះទៅមើលទីក្រុងម៉ារីវប៉ូលក្រោមការបិទបាំងទាំងយប់កាលពីចុងសប្តាហ៍។ វាជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកពូទីនទៅកាន់ផ្នែកណាមួយដែលកាន់កាប់ដោយរុស្ស៊ីនៃតំបន់ដុនបាសរបស់អ៊ុយក្រែន ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម និងជាកន្លែងដែលលោកបានទៅជិតបំផុតសម្រាប់សមរភូមិជួរមុខ។
ដំណើររបស់លោកហ្សេលេនស្គីបានកើតឡើងនៅថ្ងៃដែលរុស្ស៊ីបន្តការវាយលុកយ៉ាងព្រៃផ្សៃមកលើប្រទេសនេះ ដោយមុននេះបានវាយប្រហារដោយមីស៊ីលនិងដ្រូនលើអគារផ្ទះល្វែងមួយ និងសាលារៀនក្នុងទីក្រុងគៀវ។
លោកហ្សេលេនស្គីបានសរសេរនៅលើបណ្តាញសង្គមជាភាសាអង់គ្លេសថា “តំបន់ដុនបាស។ ទីតាំងសមរភូមិជួរមុខរបស់យោធាអ៊ុយក្រែននៅតំបន់ទីក្រុងបាឃ្មុត”។
“ខ្ញុំមានកិត្តិយសណាស់ដែលបានមកទីនេះថ្ងៃនេះដើម្បីផ្តល់មេដាយដល់វីរបុរសរបស់យើង។ ដើម្បីចាប់ដៃនិងអរគុណពួកគេដែលបានការពារអធិបតេយ្យភាពរបស់ប្រទេសយើង”។
“ជោគវាសនារបស់អ្នកពិបាកណាស់ ប៉ុន្តែពិតជាមានន័យជាប្រវត្តិសាស្ត្រ។ ដើម្បីការពារទឹកដីរបស់យើងនិងប្រគល់អ្វីៗគ្រប់យ៉ាងឱ្យទៅអ៊ុយក្រែនសម្រាប់កូនៗរបស់យើង។ ខ្ញុំសូមឱនក្បាលគោរពនៅចំពោះមុខវីរបុរសទាំងអស់ សមមិត្តជិតស្និទ្ធរបស់អ្នក ដែលអ្នកបានបាត់បង់ជីវិតនៅភាគខាងកើត និងជាទូទៅនៅក្នុងសង្គ្រាមនេះ”៕
លោកហ្សេលេនស្គីចុះសួរសុខទុក្ខកងទ័ពនៅសមរភូមិបាឃ្មុត