​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​កូរ៉េ​ខាងជើង​បាន​សាកល្បង​ដ្រូ​នវាយ​ប្រហារ​នុយគ្លេអ៊ែ​រ ដែល​រចនា​ឡើង​ដើម្បី​បញ្ចេញ​«​ស៊ូ​ណា​មី​វិទ្យុសកម្ម​»​មួយ ដែល​នឹង​បំផ្លាញ​កង​នាវា​កងនាវា​និង​កំពង់ផែ​របស់​​សត្រូវ នេះ​បើ​តាម​ការផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កាលពីថ្ងៃ​សុក្រ​ទី​២៤​មីនា​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​កូរ៉េខាងជើង​KCNA​បាន​និយាយថា ក្នុងអំឡុង​ការហ្វឹកហាត់​កាលពី​ថ្ងៃ​អង្គារ​ដល់​ថ្ងៃ​ព្រហស្បតិ៍ យោធា​កូរ៉េ​ខាងជើង​បាន​បញ្ជូន​ចេញ​និង​បាញ់​សាកល្បង​ប្រព័ន្ធ​សព្វាវុធ​ថ្មី​នេះ​ក្នុងបេស​​ក​កម្ម​ដើម្បី​បង្កើត​រលក​បំផ្លិចបំផ្លាញ​ធំធេង​មួយ​។​«​ដ្រូ​នវាយ​ប្រហារ​នុយគ្លេអ៊ែរ​ក្រោម​ទឹក​អាច​ត្រូវបាន​ដាក់នៅ​ឆ្នេរ​ឬ​កំពង់ផែ​ណាមួយ​ឬ​តាម​នាវា​អូស​ណាមួយ​សំរាប់ធ្វើ​ប្រតិបត្តិការ​។​សព្វាវុធ​សម្ងាត់​​ត្រូវបាន​ដាក់​ក្នុង​ទឹក​នៅ​ឯនាយ​ឆ្នេរ​ខេត្ត ហាំ​យ៉ុន​ខាងត្បូង​(Hamgyon)​កាលពី​ថ្ងៃ​អង្គារ និង​នៅ​ថ្ងៃ​ព្រហស្បតិ៍​វា​បាន​បំផ្ទុះ​ក្បាល​គ្រាប់​សាកល្បង​មួយ​»​។​

​ទីភ្នាក់ងារ​បាន​និយាយទៀតថា គណៈកម្មាធិការ​យោធា​កណ្តាល​កូរ៉េរបស់​បក្ស​កម្មករ បាន​ត្រួត​មើល​ការហ្វឹកហាត់​នេះ​ដើម្បី​រំលឹក​សត្រូវ​អំពី​វិបត្តិ​នុយគ្លេអ៊ែរ​ពិត​និង​បញ្ជាក់​អំពី​ភាពជឿជាក់​នៃ​កងកម្លាំង​​នុយគ្លេអ៊ែ​រ​សំរាប់​ការការពារ​ខ្លួនរបស់យើង​។​«​មេដឹកនាំ​គីម ជុង​អ៊ុន​បាន​ដឹកនាំ​សម​យុទ្ធ​នេះ​និង​បាន​និយាយថា វា​ប្រើ​ជា​ការព្រមាន​ទៅ​អាម៉េរិក​និង​កូរ៉េ​ខាង​ត្បូង​អោយ​បានដឹង​ច្បាស់​ថា​«​សមត្ថភាព​រារាំង​​សង្គ្រាម​នុយគ្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​ត្រូ​វ​បាន​បង្កើន​ក្នុង​ល្បឿនខ្លាំង​ឡើង​»​។​

«​លោក​មាន​បំណង​អោយ​ពួក​ចក្រពត្តិ​អាម៉េរិក​និង​របប​អាយ៉ង​កូរ៉េខាងត្បូង​ធ្លាក់​ក្នុងការ​អស់សង្ឃឹម​ខ្លាំង តាមរយៈ​ការបង្ហាញ​សមត្ថភាព​រារាំង​សង្គ្រាម​ដ៏​ខ្លាំងក្លា​»​។​

​សូមបញ្ជាក់​ថា ក្រោយ​ការផ្អាក​សមយុទ្ធ​យោធា​រួមគ្នា​និង​កូរ៉េខាងជើង​កាន់តែ​គំរាម​ខ្លាំង​ឡើង អាម៉េរិក​និង​កូរ៉េខាងត្បូង​បាន​បង្កើន​កិច្ចសហការ​សន្តិសុខ​ឡើងវិញ​ដោយ​កាលពី​ថ្ងៃ​១៣​មីនា​បាន​ចាប់ផ្តើម​​សមយុទ្ធ​យោធា​រួម​គ្នា​ធំ​បំផុត​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​មកនេះ​។​

​កាលពី​ថ្ងៃ​ពុធ​KCNA​បាន​និយាយថា កូរ៉េ​ខាងជើង​បាន​បាញ់​កាំជ្រួច​បណ្តែត​យុទ្ធសាស្ត្រ បំពាក់​ក្បាល​គ្រាប់​សាកល្បង ដែល​ធ្វើ​ដូចជា​ក្បាល​គ្រាប់​នុយគ្លេអ៊ែរ​មួយ​។​កាំជ្រួច​ធុន​Hwasal-1​ពីរ​ដើម​និង​កាំជ្រួច​Hwasal-2​ពីរ​ដើម​ត្រូវ​បាន​បាញ់​ចេញពី​ខេត្ត ហាំ​យ៉ុន​ខាងត្បូង ដោយ​ពួក​វា​បាន​ធ្លាក់ចំ​គោ​ល​ដៅ​នៅ​ក្នុង​សមុទ្រ​ខាងកើត​៕

គំរូ​នៃ​កាំជ្រួច​ផ្លោង​ឆ្លង​ទ្វីប​របស់​កូរ៉េខាងជើង ត្រូវបាន​នាំ​មក​ដង្ហែ​ក្បួន​យោធា​មួយ​កាលពី​ខែ​កុម្ភៈ​ដើម្បី​ប្រារព្វ​ខួប​បង្កើត​កងទ័ព​ប្រជាជន​កូរ៉េ​