ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ពិធីរត់ដង្ហែភ្លើងគប់ស៊ីហ្គេម –អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ចាប់ផ្តើមនៅទីក្រុងហាណូយ ប្រទេសវៀតណាម នាថ្ងៃនេះ ។
អ្នកចូលរួមកើនលើសពីការរំពឹងទុក ដែលដំបូងឡើយ តាមការប៉ាន់ស្មាន មាននិស្សិតកម្ពុជា និងប្រជាជន ដែលរស់នៅវៀតណាមប្រមាណជាង ១០០ នាក់ ចូលរួមនោះ តែនៅពេលពិធីរត់ហៀបនឹងចាប់ផ្ដើម ចំនួនអ្នករត់ បានកើនដល់ជាង ៣០០ នាក់។
ពិធីនេះធ្វើឡើង ដោយមានការចូលរួមពីលោក ហោ សារុន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាបេសកជនពិសេស ដង្ហែព្រះអគ្គិជ័យកីឡា លោកស្រី ជា គឹមថា ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយម វៀតណាម ។
ជាមួយគ្នានេះ ក៏មានការអញ្ជើញចូលរួមពីភាគីវៀតណាមផងដែរ ក្នុងនោះមានលោក ហ័ង ដាវគឿង អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌កីឡា និងទេសចរណ៍ , លោក ដាំង ហាវៀត អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា នៃក្រសួងវប្បធម៌កីឡា និងទេសចរណ៍ និងជាអនុប្រធាន គណៈកម្មាធិការអូឡាំពិកវៀតណាម ថ្នាក់ដឹកនាំតំណាង ក្រសួងការបរទេសវៀតណាម ថ្នាក់ដឹកនាំតំណាងគណៈកម្មាធិការប្រជាជនទីក្រុង ហាណូយ ព្រមទាំងមានការចូលរួមអបអរសាទរ ពីយុវជន មហាជនវៀតណាម ជាច្រើននាក់ទៀតផង។
ពិធីរត់ភ្លើងគប់ ធ្វើនៅក្នុងទីក្រុងហាណូយ ជុំវិញបឹង Ho Guom វៀតណាម ជាប្រទេសទី១ ដែលភ្លើងគប់ស៊ីហ្គេម លើកទី៣២ បានទៅដល់មុនគេ៕/V-PC