ប្រែសម្រួលៈបំណង(france24)៖ ប្រមុខអង្គការណាតូលោក ជេនស៍ ស្តូលថិនប៊ឺក កាលពីថ្ងៃព្រហស្បតិ៍បានច្រានចោលការតវ៉ារបស់រុស្ស៊ីអំពីការប្រកាសរបស់អង់គ្លេសដែលថាខ្លួននឹងបញ្ជូនអោយអ៊ុយក្រែននូវគ្រាប់រំសេវផ្ទុកអ៊ុយរ៉ាញ៉ូមរលាយ។
រដ្ឋាភិបាលទីក្រុងមូស្គូបានព្រមានអំពីការវិវត្តន៍វិបត្តិអ៊ុយក្រែនកាន់តែធ្ងន់ធ្ងរ បើសិនជារដ្ឋាភិបាលទីក្រុងឡុងដ៍ ផ្តល់អោយអ៊ុយក្រែននូវគ្រាប់រថក្រោះសំរាប់ទម្លុះរបាំងការពារមាំៗដែលផ្ទុកសារធាតុវិទ្យុសកម្មបែបនេះ។
លោកស្តូលថិនប៊ឺកបានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំងថា «សម្ពន្ធមិត្តណាតូធ្វើតាមក្បួនអន្តរជាតិនិងច្បាប់អន្តរជាតិលើបញ្ហាគ្រប់យ៉ាង ក្នុងការគាំទ្រអ៊ុយក្រែន។រឿងដែលគ្រោះថ្នាក់គឺសង្គ្រាមដែលបានឆក់យកអាយុជីវិតមនុស្សរាប់ពាន់នាក់»។
«រឿងសំខាន់បំផុតដែលយើងអាចសំរេចអោយបានគឺដើម្បីកាត់បន្ថយហានិភ័យគឺបញ្ឈប់ប្រធានាធិបតីពូទីនកុំអោយធ្វើសង្គ្រាម»។
ទេសរដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោកអាន់ណាបែល ហ្គោលឌី(Annabel Goldie)បានបញ្ជាក់កាលពីថ្ងៃចន្ទថា អង់គ្លេសនឹងផ្តល់អោយអ៊ុយក្រែននូវគ្រាប់កាំភ្លើងផ្ទុកអ៊ុយរ៉ាញ៉ូមរលាយ ជាលោហៈដែលជួយអោយគ្រាប់កាំភ្លើងទម្លុះដែកក្រាស់ៗដោយងាយ តែវាអាចបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ បាននិយាយថា ការប្រើគ្រាប់ដូច្នេះនឹងជាការបោះជំហានមួយទៀតទៅកាន់ការធ្វើអោយសភាពការណ៍កាន់តែតានតឹងនិងធ្ងន់ធ្ងរឡើង។«វាក៏នឹងកាត់បន្ថយលទ្ធភាពរបស់អ៊ុយក្រែនក្នុងការផលិតស្បៀងប្រកបដោយគុណភាពខ្ពស់ គ្មានសារធាតុពុល»ផងដែរ។
សហរដ្ឋអាម៉េរិកកាលពីថ្ងៃពុធក៏បានច្រានចោលការព្រួយបារម្ភរបស់រុស្ស៊ី៕
ប្រមុខអង្គការណាតូលោក ជេនស៍ ស្តូលថិនប៊ឺក នៅប្រទេសហូឡង់ដើម្បីចាប់ផ្តើមដំណើរការកងយន្តហោះចាក់សាំងកណ្តាលអាកាសថ្មីមួយសំរាប់ណាតូ