ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ មេដឹកនាំសហភាពអឺរ៉ុបបានគាំទ្រផែនការមួយកាលពីថ្ងៃព្រហស្បតិ៍ទី២៣មីនាសម្រាប់ការបញ្ជូនគ្រាប់កាំភ្លើងធំចំនួន ១ លានគ្រាប់ទៅអ៊ុយក្រែនក្នុងរយៈពេល ១២ ខែខាងមុខដើម្បីជួយប្រទេសនេះទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។
រដ្ឋមន្ត្រីការបរទេសនិងការពារជាតិរបស់សហភាពអឺរ៉ុបបានអនុម័តផែនការសម្រាប់នីតិវិធីទិញដ៏លឿនមួយនៅដើមសប្តាហ៍នេះ ហើយមេដឹកនាំនៃប្រទេសជាសមាជិកទាំង ២៧របស់ប្លុកនេះបានផ្តល់ពរជ័យផ្នែកនយោបាយរបស់ពួកគេនៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងព្រុចសែលកាលពីថ្ងៃព្រហស្បតិ៍។
សេចក្តីសន្និដ្ឋានរបស់កិច្ចប្រជុំស្តីពីអ៊ុយក្រែនបានសរសេរថា “ដោយគិតពីផលប្រយោជន៍សន្តិសុខនិងការការពារប្រទេសសមាជិកទាំងអស់ ក្រុមប្រឹក្សាអឺរ៉ុបស្វាគមន៍កិច្ចព្រមព្រៀង…ដើម្បីបញ្ជូនគ្រាប់កាំភ្លើងធំទៅកាន់អ៊ុយក្រែន ហើយបើមានការសំណូមពរ នឹងបញ្ជូនមីស៊ីលទៅទៀត”។
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានថ្លែងអំណរគុណដល់មេដឹកនាំទាំងអស់សម្រាប់ការផ្តួចផ្តើមគំនិតនេះក្នុងអំឡុងការហៅជាវីដេអូមុននេះបន្តិច។
លោកហ្សេលេនស្គី ដែលនិយាយចេញពីរថភ្លើងដែលកំពុងផ្លាស់ទីទៅមុខខណៈលោកចុះទៅមើលតំបន់សមរភូមិជួរមុខ បាននិយាយថា “មិនត្រឹមតែខែនិងសប្តាហ៍ប៉ុណ្ណោះទេ ថ្ងៃក៏មានសារៈសំខាន់ដែរ។ កាលណាបើយើងធ្វើសកម្មភាពជាមួយគ្នាកាន់តែលឿន យើងនឹងជួយសង្គ្រោះជីវិតកាន់តែបានច្រើន”។
លោកនិយាយថា “ប៉ុន្តែសហសេវិកជាទីរាប់អាន តើអ្នកមិនមានអារម្មណ៍ថា យើងមានជោគជ័យថ្មីតិចជាងការអូសបន្លាយថ្មីនៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងទេឬ? គួរឱ្យស្តាយ នេះជាករណីទៅហើយ។ ហើយវិមានក្រឹមឡាំងមើលឃើញរឿងនេះ។ នេះកំពុងរុញយើងឱ្យនៅឆ្ងាយពីការទទួលបានសន្តិភាព”។
លោកហ្សេលេនស្គីក៏បានស្នើឱ្យមេដឹកនាំទាំងនោះផ្តល់យន្តហោះទំនើបនិងមីស៊ីលរយៈចម្ងាយឆ្ងាយផងដែរ ដើម្បីជួយដល់ការតស៊ូរបស់អ៊ុយក្រែន។
ដោយអ៊ុយក្រែនកំពុងប្រឈមមុខនឹងការខ្វះខាតគ្រាប់បន្ទាប់ពីការប្រយុទ្ធគ្នាជាងមួយឆ្នាំ នាយករដ្ឋមន្ត្រីអេស្តូនី លោកស្រី កាចា កាល់ឡាស (Kaja Kallas) បាននាំយកមកតុពិភាក្សាកាលពីខែមុននូវគំនិតរបស់សហភាពអឺរ៉ុបក្នុងការរៀបចំផែនការទិញរួមគ្នាស្រដៀងនឹងគម្រោងដែលបានគ្រោងទុកក្នុងអំឡុងជំងឺរាតត្បាតដើម្បីទិញវ៉ាក់សាំងផងដែរ។
លោកស្រីកាល់ឡាសបាននិយាយនៅពេលលោកស្រីមកដល់កិច្ចប្រជុំកំពូលថា “អ្វីដែលសំខាន់គឺការបញ្ជូនគ្រាប់ទៅកាន់អ៊ុយក្រែនឱ្យបានលឿន ព្រោះវាអាចនាំមកនូវការផ្លាស់ប្តូរនៅក្នុងសង្គ្រាមនេះ”៕
នាយករដ្ឋមន្ត្រីអេស្តូនី លោកស្រី កាចា កាល់ឡាស