ដោយៈ សុខសុភ័ណ្ឌ / កំពង់ស្ពឺៈ ក្មេងប្រុសម្នាក់ បានស្លាប់ដោយសារលង់ទឹក នៅពេលក្មេងនោះ បានតាមតា ទៅរាវត្រី ក្នុងទំនប់ទឹកមួយកន្លែង នៅភូមិត្រពាំងខ្យង ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។

នគរបាលមួលដ្ឋាន បានឲ្យដឹងថាៈ ក្មេងប្រុសរងគ្រោះ ដែលលង់ទឹកស្លាប់នោះ មាន ឈ្មោះ ញិល វិច្ឆិកា អាយុ ៨ ឆ្នាំ មានឪពុក ឈ្មោះ ផែន ស្លាំង អាយុ ២៨ ឆ្នាំ ម្តាយ ឈ្មោះ ជឿន សុជាតិ អាយុ ២៦ ឆ្នាំ មានមុខរបរកសិករ រស់នៅភូមិត្រពាំងអណ្ដូង ឃុំនិទាន ស្រុកបសេដ្ឋ។

ប្រភពបានបន្តទៀតថាៈក្មេងប្រុសរងគ្រោះ បានតាមតា ឈ្មោះ ជូ សារ៉ាន់ អាយុ ៥១ ឆ្នាំ ទៅរកត្រី នៅទំនប់ ទឹកខាងលើ។ នៅពេលតា កំពុងរាវរកត្រី ស្រាប់តែបាត់ចៅ ហើយក៏នាំគ្នាដើររកចៅ ជុំវិញទំនប់ តែមិនឃើញ ក៏ចុះរាវក្នុងទឹកទំនប់ត្រពាំងខ្យង ក៏ប្រទះឃើញក្មេងប្រុស រងគ្រោះ ខាងលើ ហើយបាននាំគ្នាយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ។ ពេលទៅដល់មន្ទីរពេទ្យ គ្រូពេទ្យ បានប្រាប់ថា ក្មេងរងគ្រោះ បានស្លាប់បាត់ហើយ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះទៅធ្វើកោសល្យវិច័យ ហើយបានបញ្ជាក់ថា ក្មេងប្រុសនោះ ពិតជាបានលង់ទឹកស្លាប់ ដោយខ្លួនឯងពិតប្រាកដមែន មិនមានពាក់ព័ន្ធនឹងអំពើឃាតកម្មអ្វីឡើយ៕ V / N