ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ នាយកប្រតិបត្តិ TikTok លោក សូ ហ្ស៊ី ឈូ (Shou Zi Chew)បានប្រឈមមុខនឹងការសាកសួរឥតឈប់ឈរពីសមាជិកសភាអាម៉េរិកដ៏កម្រោលមកពីបក្សទាំងពីរកាលពីថ្ងៃព្រហស្បតិ៍ទី២៣មីនា ជុំវិញការជាប់ពាក់ព័ន្ធរបស់កម្មវិធីចែករំលែកវីដេអូនេះជាមួយប្រទេសចិន និងគ្រោះថ្នាក់របស់វាចំពោះមនុស្សវ័យជំទង់។
បុរសសិង្ហបុរីវ័យ ៤០ ឆ្នាំរូបនេះបានទទួលរងនូវការដេញដោលដុតរោលយ៉ាងខ្លាំងខុសពីធម្មតាដោយទាំងសមាជិកសភាបក្សសាធារណរដ្ឋនិងបក្សប្រជាធិបតេយ្យដែលបារម្ភថារដ្ឋាភិបាលក្រុងប៉េកាំងអាចបង្វែរវេបសាយបណ្តាញសង្គមនេះទៅជាមធ្យោបាយធ្វើចារកម្ម ការប្រមូលទិន្នន័យ និងការជំរុញរបៀបវារៈរបស់បក្សកុម្មុយនីស្តចិន។
អតីតបុគ្គលិកធនាគារដែលមានការអប់រំនៅសាកលវិទ្យាល័យហាវើដ (Harvard) រូបនេះបានបរាជ័យក្នុងវគ្គសួរដេញដោលយ៉ាងសាហាវរយៈពេលជាង ៥ម៉ោងដើម្បីបន្ធូរបន្ថយការគំរាមកំហែងដល់អត្ថិភាពរបស់ TikTok ខណៈកម្មវិធីនេះព្យាយាមប្រឹងរស់រានមានជីវិតពីឱសានវាទរបស់សេតវិមាន ដែលថាកម្មវិធីនេះត្រូវបំបែកចេញពីកម្មសិទ្ធិរបស់ចិន ឬមិនអ៊ីចឹងត្រូវហាមឃាត់នៅក្នុងសហរដ្ឋអាម៉េរិកតែម្តង។
សមាជិកសភាមកពីគណៈកម្មាធិការថាមពលនិងពាណិជ្ជកម្មរបស់សភាតែងកាត់សម្តីរបស់លោកឈូជារឿយៗ ដោយបដិសេធគាត់នូវឱកាសដើម្បីពង្រីកចម្លើយរបស់គាត់ឬបង្ហាញពីប្រជាប្រិយភាពជាសកលដ៏ធំរបស់ TikTok ជាមួយមនុស្សវ័យក្មេង។
លោកឈូបានប្រាប់សមាជិកសភានៅក្នុងសុន្ទរកថាបើករបស់គាត់ដោយសំដៅទៅលើក្រុមហ៊ុនមេរបស់ TikTokថា “ក្រុមហ៊ុន ByteDanceមិនត្រូវបានកាន់កាប់ឬគ្រប់គ្រងដោយរដ្ឋាភិបាលចិននោះឡើយ និងជាក្រុមហ៊ុនឯកជនសុទ្ធសាធ”។
លោកឈូបានបន្ថែមថា “យើងជឿថាអ្វីដែលត្រូវការគឺច្បាប់តម្លាភាពច្បាស់លាស់ដែលអនុវត្តយ៉ាងទូលំទូលាយចំពោះក្រុមហ៊ុនបច្ចេកវិជ្ជាទាំងអស់។ភាពជាម្ចាស់មិនមែនជាស្នូលនៃការដោះស្រាយកង្វល់ទាំងនេះទេ”។
ការហាមប្រាមណាមួយនឹងក្លាយជាទង្វើមិនធ្លាប់មានពីមុនមកលើក្រុមហ៊ុនបណ្តាញសង្គមដោយរដ្ឋាភិបាលអាម៉េរិក ដែលនឹងកាត់ផ្តាច់អ្នកប្រើប្រាស់ប្រចាំខែចំនួន ១៥០លាននាក់របស់ប្រទេសនេះពីកម្មវិធីចិន ដែលបានក្លាយជាមហាអំណាចវប្បធម៌ ជាពិសេសសម្រាប់យុវវ័យ។
ប្រធានគណៈកម្មាធិការ លោកស្រី កាធី ម៉ាកម៉ូរីស រ៉ូជើ (Cathy McMorris Rodgers)បាននិយាយថា “TikTok ជាថ្មីម្តងទៀតបានជ្រើសរើសផ្លូវសម្រាប់ការគ្រប់គ្រងកាន់តែច្រើនការឃ្លាំមើលកាន់តែច្រើន និងការបោកបញ្ឆោតកាន់តែច្រើន។ វេទិការបស់អ្នកគួរតែត្រូវបានហាមឃាត់”។
នៅក្នុងការផ្តោះផ្តងដ៏ក្តៅគគុក លោកឈូត្រូវបានបង្ខំឱ្យទទួលស្គាល់ថាទិន្នន័យផ្ទាល់ខ្លួនមួយចំនួនរបស់ជនជាតិអាម៉េរិកនៅតែស្ថិតនៅក្រោមច្បាប់របស់ចិនប៉ុន្តែបានទទូចថារឿងនោះនឹងត្រូវផ្លាស់ប្តូរក្នុងពេលឆាប់ៗ។
ពួកតំណាងរាស្ត្រអាម៉េរិកក៏បានតវ៉ាជាមួយលោកឈូផងដែរជាមួយនឹងការលើកឡើងអំពីឧទាហរណ៍គួរឱ្យខ្លាចដែលអ្នកប្រើប្រាស់វ័យក្មេងផ្សព្វផ្សាយអំពីការធ្វើអត្តឃាត ឬការធ្វើរឿងគ្រោះថ្នាក់ចម្លែកៗ ដែលបានបង្ហាញពីគ្រោះថ្នាក់ និងធ្វើឱ្យអាជ្ញាធរទូទាំងពិភពលោកខឹងសម្បា។
សមាជិកសភា លោក ហ្គូស ប៊ីលីរ៉ាគីស (Gus Bilirakis) បាននិយាយខណៈគាត់ចង្អុលទៅកាន់គ្រួសារមួយនៅក្នុងចំណោមទស្សនិកជនដែលកូនប្រុសរបស់ពួកគាត់បានស្លាប់នៅក្នុងសោកនាដកម្មរថភ្លើងដែលគ្រួសារពួកគាត់និយាយថាជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ TikTok យ៉ាងដូច្នេះថា “បច្ចេកវិជ្ជារបស់អ្នកពិតជានាំទៅរកសេចក្តីស្លាប់”៕
លោកឈូប្រឈមការសួរដេញដោលក្តៅគគុកពីសមាជិកសភាអាម៉េរិកកាលពីថ្ងៃព្រហស្បតិ៍