ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ នាយកប្រតិបត្តិ TikTok លោក សូ ហ្ស៊ី ឈូ (Shou Zi Chew) បានបញ្ជាក់កាលពីថ្ងៃអង្គារទី២១មីនាថាកម្មវិធីនេះឥឡូវមានអ្នកប្រើប្រាស់សកម្មប្រចាំខែប្រហែល ១៥០ លាននាក់នៅសហរដ្ឋអាម៉េរិក ដែលកំពុងចូលមកកាន់វេទិកានេះ “ដើម្បីភ្ជាប់ទំនាក់ទំនង ចែករំលែក រៀនសូត្រ ឬគ្រាន់តែដើម្បីរីករាយខ្លះៗ”។
រដ្ឋបាលបៃដិនថ្មីៗនេះបានទាមទារឱ្យម្ចាស់ TikTok ជនជាតិចិនត្រូវតែលក់ភាគហ៊ុនរបស់ពួកគេនៅក្នុងក្រុមហ៊ុនបើមិនដូច្នោះទេប្រឈមនឹងការហាមឃាត់ទូទាំងប្រទេស។ដូច្នេះហេតុអ្វីបានជារដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចង់ហាមឃាត់កម្មវិធីចែករំលែកវីដេអូខ្លីនេះ ហើយតើវាស្របនឹងច្បាប់ដែរឬទេ? វេបសាយ Sputnik សូមរ៉ាយរ៉ាប់ដូចខាងក្រោម។
តើ TikTok ជាអ្វី ហើយអ្នកណាជាម្ចាស់វា?
TikTok គឺជាកម្មវិធីបណ្តាញសង្គមដ៏ពេញនិយមដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើត មើល និងចែករំលែកវីដេអូខ្លីរយៈពេល ១៥ វិនាទីនៅលើឧបករណ៍ចល័ត ឬកាមេរ៉ា Webcam។ ថ្មីៗនេះ នាយកប្រតិបត្តិរបស់កម្មវិធីនេះ គឺលោក សូ ឈូ បានបញ្ជាក់ថាមានអ្នកប្រើ TikTok សកម្មប្រចាំខែប្រហែល ១៥០ លាននាក់នៅសហរដ្ឋអាម៉េរិក ដែលប្រើកម្មវិធី “ដើម្បីការសប្បាយខ្លះ”។
កម្មវិធីនេះត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ ២០១៦ ដោយក្រុមហ៊ុនបច្ចេកវិជ្ជា ByteDance ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងប៉េកាំង ដែលបច្ចុប្បន្នជាម្ចាស់វេទិកានេះ។ ByteDance ខ្លួនឯងផ្ទាល់គឺកាន់កាប់ដោយវិនិយោគិនអន្តរជាតិ ៦០ ភាគរយ នេះបើយោងតាមមន្ត្រី TikTok ។
តើមានអ្វីនៅពីក្រោយការជំរុញរបស់សហរដ្ឋអាម៉េរិកក្នុងការហាមឃាត់ TikTok?
ក្តីបារម្ភរបស់រដ្ឋាភិបាលអាម៉េរិកគឺផ្តោតសំខាន់លើម្ចាស់ជនជាតិចិនរបស់ TikTok។ មន្ត្រីសេតវិមានអះអាងថា ច្បាប់របស់ចិននឹងតម្រូវឱ្យក្រុមហ៊ុន ByteDance ជួយអាជ្ញាធរចិនក្នុងបញ្ហាស៊ើបការណ៍សម្ងាត់និងសន្តិសុខជាតិ ប្រសិនបើត្រូវបានស្នើសុំ។
ទាក់ទិននឹងបញ្ហានេះ ក្រុមមន្ត្រីបានសម្ដែងការព្រួយបារម្ភសំខាន់ពីរ។ ទីមួយទាក់ទងនឹងសមត្ថភាពរបស់ TikTokក្នុងការផ្តល់ឱ្យរដ្ឋាភិបាលក្រុងប៉េកាំងនូវទិន្នន័យរបស់អ្នកប្រើប្រាស់កម្មវិធីនៅក្នុងសហរដ្ឋអាម៉េរិក ជាអ្វីដែលក្រុមមន្ត្រីចោទប្រកាន់ថាបានធ្វើឱ្យខូចសន្តិសុខជាតិរបស់សហរដ្ឋអាម៉េរិក។
ទីពីរគឺថាកម្មវិធីនេះត្រូវបានចោទប្រកាន់ថាអាចកែប្រែប្រព័ន្ធណែនាំវីដេអូរបស់ខ្លួនដើម្បីបង្ហាញដល់ជនជាតិអាម៉េរិកនូវរាល់វីដេអូណាដែលនឹងផ្តល់ផលប្រយោជន៍គោលនយោបាយការបរទេសរបស់ចិន។ ឧទាហរណ៍ជាក់ស្តែង អ្នកនយោបាយអាម៉េរិកមួយចំនួនបានទទួលស្គាល់ថា ពួកគេព្រួយបារម្ភថា TikTok អាចផ្សព្វផ្សាយឃោសនាបេក្ខជនប្រធានាធិបតីអាម៉េរិកដែលលម្អៀងខាងរដ្ឋាភិបាលចិន។អ្នកផ្សេងទៀតទទូចថាមធ្យោបាយតែមួយគត់ដើម្បីការពារសន្តិសុខជាតិរបស់សហរដ្ឋអាម៉េរិកគឺត្រូវហាមឃាត់ TikTok ឬព្យាយាមបង្ខំក្រុមហ៊ុន ByteDance ឱ្យលក់ TikTokឱ្យទៅក្រុមហ៊ុនអាម៉េរិក។
កាលពីខែមករា លោក ម៉ាកូ រូប៊ីអូ (Marco Rubio) អនុប្រធានគណៈកម្មាធិការសម្រាំងរបស់ព្រឹទ្ធសភាស្តីពីការស៊ើបការណ៍សម្ងាត់ បានអះអាងថាមានការគំរាមកំហែង “វិសាមញ្ញ”ដែលរដ្ឋាភិបាលចិនអាចដាក់ឥទ្ធិពលលើរូបមន្តគណនា ដោយជំរុញឱ្យ TikTok បង្កើតខ្លឹមសារដែលអ្នកប្រើប្រាស់អាម៉េរិកមើលឃើញ។
ប្រធានគណៈកម្មាធិការលោក ម៉ាក វ៉ាណឺ (Mark Warner)បាននិយាយបន្ទរអំពីការព្រួយបារម្ភទាំងនោះ ដោយលើកហេតុផលថា កម្រិតនៃឥទ្ធិពលរបស់ TikTok គឺ “ធំជាង”ការជ្រៀតជ្រែករបស់រុស្ស៊ីចំពោះការបោះឆ្នោតឆ្នាំ ២០១៦ ទៅទៀត ដែលជាការចៃដន្យ មិនដែលត្រូវបានបញ្ជាក់ដោយការស៊ើបអង្កេតរបស់អតីតទីប្រឹក្សាពិសេស លោក មូលល័រ (Mueller) នោះទេ។
ចុះចំពោះភាពស្របច្បាប់នៃការហាមប្រាម TikTok របស់សេតវិមានវិញនោះ?
នៅដើមខែមីនា គណៈកម្មាធិការកិច្ចការបរទេសរបស់សភាបានអនុម័តច្បាប់អនុញ្ញាតឱ្យប្រធានាធិបតី ចូ បៃដិន ហាមឃាត់ TikTok ទូទាំងប្រទេស។ ក្រុមប្រឹក្សានេះបានបោះឆ្នោតក្នុងសំឡេង ២៤-១៦ ស្របតាមនិន្នាការបក្សដើម្បីគាំទ្រច្បាប់ H.R. 1153 ដែលមានបំណង “ផ្តល់ការបំភ្លឺអំពីការមិនអាចអនុវត្តបានសម្រាប់បទប្បញ្ញត្តិនិងការហាមឃាត់ទាក់ទងនឹងទិន្នន័យផ្ទាល់ខ្លួនដ៏រសើបនៅក្រោមច្បាប់ស្តីពីអំណាចសេដ្ឋកិច្ចគ្រាអាសន្នអន្តរជាតិ និងសម្រាប់គោលបំណងផ្សេងទៀត”។
វិធានការនេះនឹងឈានទៅដល់សភាពេញលេញ ដែលជោគវាសនារបស់វានៅតែមិនប្រាកដប្រជា។ ការហាមឃាត់នឹងតម្រូវឱ្យមានការអនុម័តដោយសភាពេញលេញ និងព្រឹទ្ធសភាមុនពេលប្រធានាធិបតីអាចចុះហត្ថលេខាលើវិធានការនេះទៅជាច្បាប់។
ប្រធានគណៈកម្មាធិការរបស់បក្សសាធារណរដ្ឋលោក ម៉ៃឃើល ម៉ាកខូល (Michael McCaul) បានអះអាងទាក់ទងនឹងបញ្ហានេះថា “ប្រជាជនអាម៉េរិកភាគច្រើនមិនបានដឹងថា កិច្ចខិតខំប្រឹងប្រែងឃ្លាំមើលដ៏អស្ចារ្យបំផុតមួយពី [ប្រទេសចិន] កំពុងប្រមូលទិន្នន័យផ្ទាល់ខ្លួនដោយស្ងៀមស្ងាត់នៅក្នុងហោប៉ៅរបស់ពួកគេទេ។ TikTok គឺជាការគំរាមកំហែងសន្តិសុខជាតិ…វាដល់ពេលត្រូវធ្វើសកម្មភាពហើយ”។
លោក ហ្គ្រេហ្គោរី ម៊ីក (Gregory Meeks) ជាសមាជិកកំពូលរបស់បក្សប្រជាធិបតេយ្យនៅគណៈកម្មាធិការនេះ បានប្រឆាំងយ៉ាងខ្លាំងចំពោះច្បាប់នេះ ដោយព្រមានថា វានឹង”ធ្វើឱ្យខូចសម្ពន្ធភាពរបស់យើងនៅទូទាំងពិភពលោក នាំក្រុមហ៊ុនកាន់តែច្រើនចូលទៅក្នុងវិស័យនានារបស់ចិន បំផ្លាញការងារនៅទីនេះក្នុងសហរដ្ឋអាម៉េរិកនិងកាត់បន្ថយតម្លៃស្នូលរបស់អាម៉េរិកស្តីពីការនិយាយដោយសេរី និង សហគ្រាសសេរី។
ចំណុចនេះត្រូវបាននិយាយបន្ទរដោយលោក ចាមៀល ជេហ្វហ្វើ (Jameel Jaffer) នាយកប្រតិបត្តិនៃវិទ្យាស្ថាន Knight First Amendment នៅសាកលវិទ្យាល័យ Columbia ដែលបានប្រាប់កាសែតអាម៉េរិកថា “តុលាការកំពូលបាននិយាយកាលពី ៥០ ឆ្នាំមុនថាជនជាតិអាម៉េរិកមានសិទ្ធិទទួលបានព័ត៌មានពីបរទេស រួមទាំងការឃោសនាកុម្មុយនីស្ត”។
លោកជេហ្វហ្វើបានលើកហេតុផលថា “ការរឹតត្បិតការចូលប្រើប្រព័ន្ធផ្សព្វផ្សាយគឺជាសញ្ញាសម្គាល់នៃរបបផ្តាច់ការ។ ខ្ញុំគិតថាយើងគួរតែប្រុងប្រយ័ត្នខ្ពស់ក្នុងការផ្តល់អំណាចបែបនោះដល់រដ្ឋាភិបាលរបស់យើង”។
នៅក្នុងលិខិតមួយទៅកាន់សមាជិកសភាសហព័ន្ធ សហភាពសេរីភាពស៊ីវិលអាម៉េរិក (ACLU) បានសម្តែងការប្រឆាំងទៅនឹងការហាមឃាត់ TikTok ទាំងស្រុង។
លោកស្រី ជេនណា ឡេវេនថូហ្វ (Jenna Leventoff) ទីប្រឹក្សាគោលនយោបាយជាន់ខ្ពស់នៅ ACLU បាននិយាយថា “សភាមិនត្រូវហាមឃាត់វេទិកានេះទាំងស្រុងនិងដកហូតសិទ្ធិរដ្ឋធម្មនុញ្ញពីប្រជាជនអាម៉េរិកក្នុងការបញ្ចេញមតិនោះឡើយ”។
តើប្រធានាធិបតីនឹងហាមប្រាម TikTok ពេញលេញ?
ខណៈប្រធានាធិបតីបៃដិននិយាយថាគាត់មិនប្រាកដថាតើ TikTok នឹងត្រូវបានហាមឃាត់ទូទាំងប្រទេសឬអត់នោះទេ សេតវិមានបានផ្តល់ពេល ៣០ថ្ងៃដើម្បីធានាថាកម្មវិធីបង្កើតវីដេអូនេះមិនមាននៅលើឧបករណ៍និងប្រព័ន្ធរបស់សហព័ន្ធកាលពីចុងខែកុម្ភៈ។
លោកស្រី អូលីវីយ៉ា ដាល់តុន (Olivia Dalton) លេខាធិការរងផ្នែកព័ត៌មានរបស់សេតវិមានបាននិយាយថា “យើងនឹងបន្តពិនិត្យមើលសកម្មភាពផ្សេងទៀតដែលយើងអាចធ្វើបាន។ នោះរាប់បញ្ចូលទាំងរបៀបធ្វើការជាមួយសភាលើបញ្ហានេះបន្ថែមទៀត”។
ទន្ទឹមនឹងនេះដែរ ជាងពាក់កណ្តាលនៃរដ្ឋទាំងអស់របស់សហរដ្ឋអាម៉េរិកបានចាត់វិធានការឆ្ពោះទៅរកការហាមឃាត់ដោយផ្នែកឬពេញលេញលើ TikTok នៅលើឧបករណ៍របស់រដ្ឋាភិបាល។
គួរកត់សម្គាល់ដែរថា រដ្ឋបាលត្រាំបានព្យាយាមមិនជោគជ័យក្នុងការហាមឃាត់ TikTok ក៏ដូចជាវេទិកាបណ្តាញសង្គមចិន WeChat ក្នុងឆ្នាំ ២០២០ ក្នុងបំណងការពារឯកជនភាពរបស់ជនជាតិអាម៉េរិក។ ក្រុមរបស់លោកបៃដិនមិនបានបន្តការអនុវត្តគំនិតផ្តួចផ្តើមរបស់អ្នកកាន់តំណែងមុនរបស់ពួកគេទេ ហើយថ្មីៗនេះទើបតែបានបន្តការរិះគន់លើ TikTok ឡើងវិញ៕