​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ មន្ទីរ​បញ្ច​កោណ​បាន​និយាយថា អ្នកម៉ៅការ​អាម៉េរិក​ម្នាក់​ត្រូវបាន​សម្លាប់ ហើយ​សមាជិក​កងទ័ព​អាម៉េរិក ៥ នាក់ និង​អ្នកម៉ៅកា​អាម៉េរិក​ម្នាក់​ទៀត​បានរ​ង​របួសនៅពេល​ដែល​ដ្រូ​ន​សង្ស័យ​ជា​របស់​អ៊ីរ៉ង់​បាន​វាយប្រហារ​លើ​មូលដ្ឋាន​មួយ​របស់​សម្ពន្ធ​ចម្រុះ​នៅ​ភាគ​ឦសាន​ប្រទេស​ស៊ី​រី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៣​មីនា​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ចេញផ្សាយ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋមន្ត្រី​ការពារជាតិ​លោក ឡយ អូ​ស្ទីន បាន​និយាយថា កងកម្លាំង​បញ្ជាការ​កណ្តាល​របស់​ស​ហ​រដ្ឋ​អាម៉េរិក​បាន​សងសឹក​ជាមួយនឹង “​ការវាយប្រហារ​តាម​អាកាស​យ៉ាង​ជាក់លាក់​” ប្រឆាំង​នឹង​ទីតាំង​នានា​នៅ​ស៊ី​រី​ភាគ​ខាងកើត​ដែល​ប្រើប្រាស់​ដោយ​ក្រុម​ដែល​មាន​ទំនាក់ទំនង​ជាមួយ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​។ ​ក្រសួង​ការពារជាតិ​បាន​និយាយថា សហគមន៍​ស៊ើបការណ៍​សម្ងាត់​បាន​កំណត់​ថា ដ្រូ​ន​មាន​ប្រភព​ពី​អ៊ីរ៉ង់​។​

​លោក​អូ​ស្ទីន​បាន​និយាយថា “​ការវាយប្រហារ​តាម​អាកាស​ត្រូវបាន​ធ្វើឡើង​ក្នុង​ការឆ្លើយតប​ទៅនឹង​ការវាយប្រហារ​នាពេល​បច្ចុប្បន្ន​នេះ​ក៏​ដូច​ជា​ការវាយប្រហារ​ថ្មីៗ​ជា​បន្តបន្ទាប់​ប្រឆាំង​នឹង​កងកម្លាំង​​ចម្រុះ​នៅ​ក្នុងប្រទេស​ស៊ី​រី​” ដោយ​ក្រុម​ដែលមាន​ទំនាក់ទំនង​ជាមួយ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​។​

​អស់​ពេញ​មួយ​យប់ វីដេអូ​នៅលើ​បណ្តាញ​សង្គម​បាន​បង្ហាញ​ពី​ការផ្ទុះ​នៅក្នុង​ខេត្ត​ឌា​អេស​ហ្ស័​រ (Deir Ez-Zor) របស់​ស៊ី​រី ជា​ខេត្ត​យុទ្ធសាស្ត្រ​មួយ​ជាប់​ព្រំដែន​អ៊ីរ៉ាក់ និង​មាន​អណ្តូងប្រេង​ជាច្រើន​។​

​ក្រុម​ជីវពល​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​និង​កងកម្លាំង​ស៊ី​រី​បាន​គ្រប់គ្រង​តំបន់​នេះ ដែល​ឃើញ​ការវាយប្រហារ​តាម​អាកាស​ដោយ​អ៊ីស្រាអែល​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ដោយ​ផ្តោត​គោលដៅ​លើផ្លូវ​ផ្គត់ផ្គង់​របស់​អ៊ីរ៉ង់​។​

​កង​ឆ្មាំ​បដិវត្តន៍​ប៉ា​រ៉ា​អ៊ីរ៉ង់ ដែល​ឆ្លើយតប​តែ​តាម​បញ្ជា​របស់​មេដឹកនាំ​កំពូល​លោក អាយ៉ា​តូឡា អា​លី ខា​មេ​នី (Ayatollah Ali Khamenei)​ត្រូវ​គេ​សង្ស័យថា​បាន​ធ្វើ​ការវាយប្រហារ​ដោយ​ដ្រូ​ន​​ផ្ទុក​គ្រាប់បែក​នៅ​ទូទាំង​តំបន់​មជ្ឈិម​បូព៌ា​។ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​រុស្ស៊ី​បានចាប់ផ្តើម​ប្រើប្រាស់​ដ្រូ​ន​របស់​អ៊ីរ៉ង់​ក្នុង​ការវាយប្រហារ​របស់​ខ្លួន​លើ​ទីតាំង​នានា​ទូទាំង​ប្រទេស​អ៊ុយ​ក្រែន​ដែលជា​​ផ្នែក​នៃ​សង្គ្រាម​របស់​ខ្លួន​លើ​រដ្ឋាភិបាល​ក្រុង​គៀវ​។ អ៊ីរ៉ង់​បាន​បដិសេធ​មិន​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​ទាំងនោះ​ទោះបីជា​ប្រទេស​លោកខាងលិច​និង​អ្នកជំនាញ​បាន​ភ្ជាប់​សមាសធាតុ​នៅក្នុង​​ដ្រូ​ន​ត្រឡប់​ទៅ​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​ក៏ដោយ​៕

កង​ឆ្មាំ​បដិវត្តន៍​ប៉ា​រ៉ា​អ៊ីរ៉ង់​ត្រូវ​គេ​សង្ស័យថា​បាន​ធ្វើ​ការវាយប្រហារ​ដោយ​ដ្រូ​ន​ផ្ទុក​គ្រាប់បែក​នៅ​ទូទាំង​តំបន់​មជ្ឈិមបូព៌ា