ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្អូនស្រីរបស់អតីតភរិយារបស់អ្នកបើករថយន្តប្រណាំងលោក ជេនសិន បាត់ថុន (Jenson Button) បាននិយាយថា នាងមានការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីបងស្រីរបស់នាងត្រូវបានចាប់ខ្លួននៅក្នុងប្រទេសជប៉ុនពីបទសង្ស័យកាន់កាប់ថ្នាំញៀនប្រភេទ MDMA កាលពីចុងសប្តាហ៍។
មនុស្សដែលដឹងពីការស៊ើបអង្កេតនេះបានប្រាប់កាសែត Japan Times នៅដើមសប្តាហ៍នេះថា តារាបង្ហាញម៉ូតជប៉ុននាង ជេសស៊ីកា មីឈីបាតា (Jessica Michibata) អាយុ ៣៨ ឆ្នាំត្រូវបានចាប់ខ្លួនបន្ទាប់ពីកញ្ចប់មួយដែលមានផ្ទុកសារធាតុញៀននេះត្រូវបានបញ្ជូនទៅសណ្ឋាគារមួយដែលនាងស្នាក់នៅក្នុងទីក្រុងតូក្យូជាមួយនឹងអ្នកស្គាល់គ្នាម្នាក់។
ខណៈនាងជេសស៊ីកា ដែលបានរៀបការជាមួយកំពូលវីវបុរស Formula Oneពីឆ្នាំ ២០១៤ ដល់ ២០១៥ មិនទាន់បានបញ្ចេញមតិជាសាធារណៈអំពីការចាប់ខ្លួនរបស់នាងនៅឡើយនោះ ប្អូនស្រីរបស់នាងឈ្មោះ អេនជែលីកា មីឈីបាតា (Angelica Michibata) ដែលជាតារាបង្ហាញម៉ូតដែរនោះ បានចូល Instagram ដើម្បីបង្ហាញពីការព្រួយបារម្ភរបស់នាង។
នៅក្នុងសារដែលអមដោយរូបភាពថ្ងៃលិច នាងបានសុំទោសជំនួសបងស្រីសម្រាប់ “ការបង្កឱ្យមានរឿងរ៉ាវនេះឡើង” និងចែករំលែកការព្រួយបារម្ភរបស់នាងអំពីរបាយការណ៍នេះ។
នាងអេនជេលីកាបានសរសេរកាលពីថ្ងៃអង្គារថា “ខ្ញុំសូមទោសដែលបងស្រីរបស់ខ្ញុំធ្វើរឿងរញ៉េរញ៉ៃលើកនេះ”។
“ខ្ញុំបារម្ភខ្លាំងណាស់ ប៉ុន្តែសម្រាប់ពេលនេះ ខ្ញុំនឹងទុកវាឱ្យមេធាវីនិងប៉ូលិស ហើយខ្ញុំនឹងជឿជាក់លើនាង ហើយរង់ចាំលទ្ធផល”។
នាងបានបន្ថែមថា “ហើយមិនមានការផ្លាស់ប្តូរក្នុងការការពារនិងការគាំទ្រគ្រួសារទេ”។
យោងតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នាងមីឈីបាតាបានបដិសេធការចោទប្រកាន់នេះ។
មន្ត្រីគយម្នាក់បានរកឃើញថ្នាំញៀនលាក់នៅក្នុងកញ្ចប់ផ្ញើពីក្រៅប្រទេសទៅកាន់ប្រទេសជប៉ុន ដោយមានសណ្ឋាគាររបស់នាងមីឆីបាតាក្នុងទីក្រុងតូក្យូជាអាសយដ្ឋានដឹកជញ្ជូន។
របាយការណ៍បាននិយាយថា អ្នកស៊ើបអង្កេតមកពីនាយកដ្ឋានប៉ូលិសក្រុងតូក្យូបានឆ្មក់ចូលសណ្ឋាគារ ហើយបានចាប់ខ្លួននាងមីឆីបាតានិងអ្នកស្គាល់គ្នារបស់នាងកាលពីថ្ងៃទី ១៨ ខែមីនា។
យោងតាមរបាយការណ៍ក្នុងស្រុកមួយចំនួន អ្នកស្គាល់គ្នានោះគឺជាបុរសដែលនាងមីឈីបាតាកំពុងណាត់ទាក់ទងគ្នា៕
នាង ជេសស៊ីកា មីឈីបាតា និងអតីតប្តីនាង លោក ជេនសិន បាត់ថុន