ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ចិនកាលពីថ្ងៃសុក្រទី២៤មីនា បានគំរាម«ផលវិបាកធ្ងន់ធ្ងរ»ក្រោយពីកងទ័ពជើងទឹកអាម៉េរិកបញ្ជូននាវាពិឃាតមួយចូលទៅម្តុំប្រជុំកោះប៉ារ៉ាសែលនៅក្នុងសមុទ្រចិនខាងត្បូងដល់ថ្ងៃទីពីរជាប់គ្នា ក្នុងអ្វីដែលរដ្ឋាភិបាលទីក្រុងប៉េកាំងចាត់ទុកជាការរំលោភអធិបតេយ្យភាពនិងសន្តិសុខរបស់ខ្លួន។
ការព្រមាននេះកើតឡើងចំពេលមានកំណើនភាពតឹនតឹងរវាងចិននិងសហរដ្ឋអាម៉េរិកនៅក្នុងតំបន់ ខណៈដែលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបដិសេធការអះអាងកម្មសិទ្ធិធំល្វឹងល្វើយរបស់ចិននៅក្នុងដែនទឹកនៃសមុទ្រចិនខាងត្បូង។
កាលពីថ្ងៃព្រហស្បតិ៍ ក្រោយអាម៉េរិកបញ្ជូននាវាពិឃាត USS Miliusទៅក្បែរប្រជុំកោះប៉ារ៉ាសែល ចិនបាននិយាយថា កងទ័ពជើងទឹកនិងអាកាសរបស់ខ្លួនបានបង្ខំអោយវាចាកចេញទៅវិញ តែយោធាអាម៉េរិកបានបដិសេធថាមិនមានរឿងអ៊ីចឹងទេ។
ជាថ្មីទៀតនៅថ្ងៃសុក្រនេះ អាម៉េរិកបានបញ្ជូននាវាដដែលទៅកាន់ម្តុំប្រជុំកោះខាងលើ ដែលកាន់កាប់ដោយចិនតែក៏អះអាងកម្មសិទ្ធិដោយវៀតណាមនិងកោះតៃវ៉ាន់។អាម៉េរិកហៅការបើករបស់នាវានេះថាជា«ប្រតិបត្តិការសេរីភាពនាវាចរណ៍»នៅក្នុងដែនទឹកអន្តរជាតិ។
រូបផ្តល់ដោយកងទ័ពជើងទឹកអាម៉េរិក បង្ហាញនាវាពិឃាតUSS Miliusធ្វើប្រតិបត្តិការធម្មតានៅក្នុងសមុទ្រចិនខាងត្បូង កាលពីថ្ងៃ២៤មីនា
ក្រសួងការពារជាតិចិនបានឆ្លើយតបដោយចោទប្រកាន់អាម៉េរិកថា«បំផ្លាញសន្តិភាពនិងស្ថិរភាពរបស់សមុទ្រចិនខាងត្បូង»។
អ្នកនាំពាក្យយោធាចិនលោក តាន់ គេហ្វេយ(Tan Kefei)បាននិយាយថា«អំពើរបស់យោធាអាម៉េរិក រំលោភអធិបតេយ្យភាពនិងសន្តិសុខចិនយ៉ាងធ្ងន់ធ្ងរ រំលោភច្បាប់អន្តរជាតិនិងកាន់តែបង្ហាញថា អាម៉េរិកបន្តអនុត្តរភាពនាវាចរណ៍និងធ្វើយោធូបនីយកម្មសមុទ្រចិនខាងត្បូង។យើងសុំអោយអាម៉េរិកបញ្ឈប់អំពើបង្ករឿងដូច្នេះជាបន្ទាន់ បើមិនដូច្នេះទេនឹងជួបផលវិបាកធ្ងន់ធ្ងរចេញពីឧបទ្ទវហេតុដែលមិនអាចស្មានទុកបាន ដោយសារតែទង្វើបែបនេះ»។
លោកថាចិននឹងចាត់គ្រប់វិធានការចាំបាច់ដើម្បីធានាសន្តិសុខរបស់ខ្លួន តែមិនបានបញ្ជាក់លម្អិតអំពីវិធានការទេ៕