ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ តារាទូរទស្សន៍និងភាពយន្តកូរ៉េខាងត្បូង នាង លី ដាហ៊ី (Lee Da-hee) បានជ្រើសរើសរមណីយដ្ឋានលំដាប់ខ្ពស់សម្រាប់ពិធីខួបកំណើតរបស់នាង និងវិស្សមកាលគ្រួសារទៅកាន់ទីក្រុងដាណាង (Da Nang) នៅឆ្នាំនេះ។
នាងលី ដែលសម្តែងក្នុងរឿងដុំនិងរឿងភាគទូរទស្សន៍កូរ៉េខាងត្បូងល្បីៗជាច្រើននោះ បានទៅលេងក្រុងដាណាងជាមួយឪពុកម្តាយនិងមិត្តភក្តិរបស់នាង។ នាងបានស្នាក់នៅរមណីយដ្ឋានលំដាប់ផ្កាយ ៥ ដែលអាចចំណាយរហូតដល់ ១២០ លានដុង (៥.១០០ ដុល្លារ) ក្នុងមួយយប់។ រមណីយដ្ឋាននេះមានទីតាំងនៅលើឆ្នេរហាមី (Ha My) ស្ថិតនៅចម្ងាយប្រហែល ៧ គីឡូម៉ែត្រពីទីក្រុងបុរាណហយអាន (Hoi An) និង ២០ គីឡូម៉ែត្រពីកណ្តាលក្រុងដាណាង។ ទីតាំងងាយស្រួលនេះបានអនុញ្ញាតឱ្យនាងដើរលេងបានយ៉ាងងាយស្រួលរវាងទីក្រុងហយអាននិងដាណាង ជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញបំផុតទាំងពីរនៅភាគកណ្តាលវៀតណាម។
រមណីយដ្ឋាននេះជាកន្លែងលំហែកាយសម្រាប់អតិថិជនអ្នកមាននិងអន្តរជាតិ។ ការស្នាក់នៅមានតម្លៃចាប់ពីជាង១០លានដុងដល់ជាង១០០លានដុងក្នុងមួយយប់ អាស្រ័យលើប្រភេទបន្ទប់និងរដូវកាល។ កន្លែងស្នាក់នៅថ្លៃបំផុតគឺផ្ទះវីឡាមានបន្ទប់គេងប្រាំ (អាចផ្ទុកមនុស្សបានអតិបរមា ១០ នាក់) ដែលអាចចំណាយអស់ជាង ១២០ លានដុងក្នុងមួយយប់ក្នុងរដូវកាលសម្បូរភ្ញៀវទេសចរ។
កាលពីថ្ងៃចន្ទ រូបថតមួយសន្លឹកលើបណ្ដាញសង្គមរបស់នាងលី បានបង្ហាញស្នាមញញឹម ខណៈនាងថតរូបព្រះអាទិត្យក្បែរសមុទ្រ។ នាងបាននិយាយសរសើរអាកាសធាតុដ៏ស្រស់ស្អាតក្នុងប្រទេសវៀតណាម។
តារាស្រីរូបនេះក៏បានថតរូបជាមួយឪពុកនៅក្បែរអាងហែលទឹកនៃរមណីយដ្ឋានផងដែរ។ ក្នុងអំឡុងពេលពីរបីថ្ងៃរបស់នាងនៅទីក្រុងដាណាង នាងលីបានព្យាយាមប្រើភាសាវៀតណាមឱ្យបានច្រើនតាមដែលនាងអាចធ្វើបាននៅលើបណ្តាញសង្គម។ នាងបានសម្ដែងក្ដីស្រឡាញ់ចំពោះអ្វីៗជាច្រើនរបស់ជនជាតិវៀតណាម រួមទាំងមួកដួន៕
នាងលីមកលេងក្រុងដាណាងសម្រាប់ខួបកំណើតរបស់នាងជាមួយនឹងគ្រួសារ