ភ្នំពេញ៖ អ្នកតាមដានព្រឹត្តិការណ៍នយោបាយបានហៅការលើកឡើងរបស់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនតូចថា ការចាប់ខ្លួនលោកយឹម ស៊ីណន និងលោកហ៊ុន កុសល អ្នកគាំទ្រលោកកឹម សុខា គឺជាការរំលោភសិទ្ធិសេរីភាពបញ្ចេញមតិ ឬក៏ជាការរំលោភសិទ្ធិមនុស្ស គឺជាពាក្យសម្ដីជាសារនយោបាយដែលពួកគេប្រើប្រាស់ជាយូរមកហើយ។ លោកថា ឱ្យតែមានការអនុវត្តច្បាប់ទៅលើបុគ្គលណាម្នាក់ ជនណាម្នាក់ដែលជាសកម្មជន ឬក៏ជាអ្នកគាំទ្ររបស់ពួកគេពេលដែលពួកគេប្រព្រឹត្តខុសច្បាប់ គេតែងតែលើកឡើង គឺជាការរំលោភសិទ្ធិមនុស្ស គឺជាការបំបិទសេរីភាពបញ្ចេញមតិ។
លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាព នៃកម្ពុជា និងអ្នកតាមដានព្រឹត្តិការណ៍នយោបាយបានមានប្រសាសន៍ប្រាប់ AMSថា ពាក់ព័ន្ធទៅនឹងអ្វីដែលពួកគេបានលើកឡើងថា ការចាប់ខ្លួនអ្នកគាំទ្រលោកកឹមសុខាគឺជាការរំលោភសិទ្ធិសេរីភាព បញ្ចេញមតិ ឬក៏ជាការរំលោភសិទ្ធិមនុស្សទាំងអស់។វាគឺជាសម្ដីសារនយោបាយដែលពួកគេប្រើប្រាស់មកយូរហើយឱ្យតែមានការអនុវត្តច្បាប់ទៅលើបុគ្គលណាម្នាក់,ជនណាម្នាក់ដែលជាសកម្មជនឬក៏ជាអ្នកគាំទ្ររបស់ពួកគេ ពេលដែលពួកគេប្រព្រឹត្តខុសច្បាប់ គេតែងតែលើកឡើង គឺជាការរំលោភសិទ្ធិមនុស្ស ការបំបិទសេរីភាពបញ្ចេញមតិ។ ប៉ុន្តែយើងសួរទៅវិញថា តើពួកគេស្គាល់ទេអ្វីជានិយមន័យ នៃសេរីភាពបញ្ចេញមតិ? បើពួកគេធ្វើការនៅក្នុងក្របខ័ណ្ឌជាអ្នកតស៊ូមតិ គឺពួកគេត្រូវតែយល់ឱ្យច្បាស់អំពីនិយមន័យនៃពាក្យបញ្ចេញមតិ។ តើនិយមន័យនៃពាក្យបច្ចេកទេស គឺសំដៅទៅលើការនិយាយស្តីបែបណាដែលហៅថា ការបញ្ចេញមតិនោះ? ហើយក្នុងការចាប់ខ្លួនសកម្មជនអ្នកគាំទ្រលោកកឹម សុខា ពីររូបនេះ បើយើងមើលទៅលើសំណៅនៃសំណេរដើមរបស់ពួកគេលើកឡើងនៅក្នុងអាខោនហ្វេសប៊ុករបស់ពួកគេ យើងអាចយកខ្លឹមសារទាំងស្រុងយកមកពិនិត្យពិចារណាមើលថា តើវាគឺជាការបញ្ចេញមតិ ឬក៏វាជាការ បែបញុះញង់ក្នុងចរិតនយោបាយមួយដែលចង់បង្កឱ្យប្រទេសមានការបង្កចលាចល។
រូបថត៖លោក សួន សេរីរដ្ឋា
លោកបន្តថា បើយើងនិយាយគ្នាច្បាស់ជាវែកញែកឱ្យច្បាស់នៅក្នុងក្របខ័ណ្ឌគេហៅថា ការបកស្រាយការពន្យល់ទៅសាធារណជនដើម្បីឱ្យប្រជាជនអ្នកស្ដាប់ដឹង។យល់ច្បាស់អំពីនិយមន័យក្របខ័ណ្ឌច្បាប់ដែលយើងនិយាយថា ជាសេរីភាពបញ្ចេញមតិនោះ។ ពីព្រោះការលើកយករូបភាពរូបថត យកមកធ្វើការចង្អុលបង្ហាញបកស្រាយដែលធ្វើការប្រៀបធៀបរវាងសម្ដេចតេជោជាមួយនឹងករុណាព្រះមហាក្សត្ររបស់កម្ពុជា វាគឺជាចរិតញុះញង់នយោបាយដែលចង់ធ្វើឱ្យប្រជាពលរដ្ឋឆេះកំហឹង។ ធ្វើឱ្យប្រជាពលរដ្ឋស្អប់ប្រមុខដឹកនាំរាជរដ្ឋាភិបាល។ គ្រប់រូបភាពដែលពួកគេលើកឡើងយកមកផ្សព្វផ្សាយបូកផ្សំជាមួយនឹងសំណេរដែលពួកគេសរសេរនៅលើអាខោនហ្វេសប៊ុករបស់ពួកគេ វាមិនមែនជាសេរីភាពបញ្ចេញមតិដែលរិះគន់បញ្ហាសង្គម ឬក៏បញ្ហាអភិវឌ្ឍន៍ ឬក៏បញ្ហាការកសាងអ្វីមួយ ដើម្បីជាការស្ថាបនាទេ ។ក៏ប៉ុន្តែវាគឺជាការយកបុគ្គលពីររូបគឺទីមួយអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈរបស់ប្រជារាស្ត្រកម្ពុជានិង ទីពីរគឺប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ និងមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលយកមកធ្វើការប្រៀបធៀបដើម្បីបញ្ឆេះកំហឹងប្រជាពលរដ្ឋ។ សួរថា ជាសេរីភាពបញ្ចេញមតិឬក៏ជាចរិតនៃការញុះញង់។ និយាយគ្នាឱ្យច្បាស់ ហើយឱ្យចំគោលដៅ ។
លោកបន្តថា ការចាប់ខ្លួនទាំងឡាយណាដែលកើតចេញអំពីចរិតញុះញង់ មិនមែនបិទសេរីភាពបញ្ចេញមតិទេ។ប៉ុន្ដែវាគឺជាការអនុវត្តច្បាប់ដើម្បីការពារស្ថិរភាពនយោបាយ ធានាសន្តិសុខជាតិ និងការពារសន្តិភាពដែលមានសព្វថ្ងៃនេះ កុំឱ្យជនឱកាសនិយម ជនជ្រុលនិយមទាំងអស់នោះបំផ្លិចបំផ្លាញបានតាមតែទំនើងចិត្ត និងតាមតែគំនិតខួរក្បាលខ្មៅរបស់ខ្លួន។ ដូច្នេះការលើកឡើងពី ខ្ញុំយល់ឃើញថាដែលគេហៅថាជាសកម្មជនសិទ្ធិមនុស្សឬក៏ជាក្រុមសង្គមស៊ីវិល គឺគ្រាន់តែលើកដើម្បីការពារទេប៉ុន្ដែមិនបានបង្ហាញអំពីការពិតនៃចរិតញុះញង់របស់បុគ្គលទាំងពីររូបនេះដែលបានសរសេរនៅលើបណ្ដាញសង្គមរបស់ខ្លួនទេ។មួយវិញទៀត យើងឃើញហើយម្នាក់ក្នុងចំណោមពីរនាក់ក្រោយពេលសរសេរហើយដឹងខ្លួនបានប្រកាសលុបវិញ ប៉ុន្តែលុបយ៉ាងម៉េចព្រោះខ្លួនឯងបានសរសេរសាបព្រោះនូវគំនិតដ៏កខ្វក់ដ៏អាក្រក់របស់ខ្លួនទៅមហាជនទៅអ្នកដែលមើលអ្នកដែលអាន ដើម្បីក្នុងចេតនាអាក្រក់ ដើម្បីធ្វើការប្រៀបធៀបអង្គព្រះមហាក្សត្រជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជារាស្ត្រកម្ពុជាជាមួយនឹងមន្ត្រីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យប្រជារាស្ត្រខឹងសម្បារ។និយាយភាសាសាមញ្ញ គឺយកធ្យូងមកលាបមុខធ្វើឱ្យប្រជាពលរដ្ឋឈ្លោះគ្នាដោយគំនិតនយោបាយទុច្ចរិតរបស់ខ្លួន។ ការអនុវត្តច្បាប់របស់កម្ពុជាដើម្បីការពារស្ថិរភាព សន្តិសុខជាតិ និងជាពិសេសដើម្បីព្រមានចំពោះ ជនដែលមានចរិតនយោបាយជ្រុលនិយមទាំងឡាយណាដែលចូលចិត្តទាញយកបញ្ហាសន្តិសុខជាតិបញ្ហាព្រះមហាក្សត្រ បញ្ហារាជបល្ល័ង្ក បញ្ហារដ្ឋធម្មនុញ្ញ មកធ្វើជាឈ្នាន់នយោបាយរបស់ខ្លួន គឺត្រូវតែទទួលទោសពីព្រោះបញ្ហានេះគឺជាបញ្ហាច្បាប់របស់កម្ពុជាដែលត្រូវការពារដោយរដ្ឋធម្មនុញ្ញ ។អង្គព្រះមហាក្សត្រមិនអាចរំលោភបំពានឬក៏ប្រមាថបាន។ មួយវិញទៀតវាគឺជាការមើលងាយដល់ថ្នាក់ដឹកនាំនៃប្រមុខរាជរដ្ឋាភិបាល និងមន្ត្រីជាន់ខ្ពស់របស់កម្ពុជាដែលលោកបានអមព្រះរាជដំណើររបស់ព្រះមហាក្សត្រ នៅក្នុងកម្មវិធីជាតិដ៏ធំមួយ ដើម្បីនឹងទទួលមុខមាត់របស់កម្ពុជាក្នុងឱកាសដែលដឹងថាធ្វើជាម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម។ ទាំងអស់នេះយើងឃើញថាប្រជារាស្ត្រខ្មែរ យុវជនខ្មែរ ជាពិសេសខ្មែរដែលមានមោទនភាពជាខ្មែរ គឺថាគេស្ងប់ស្ញែងគេកោតសរសើរ ហើយគេមានមោទនភាពនិងមានការរំភើបរកចាំឱកាស ៦០ឆ្នាំហើយទម្រាំកម្ពុជាក្លាយទៅជាម្ចាស់ផ្ទះនៃការរៀបចំការប្រកួតកីឡាតំបន់ដ៏ធំនេះ។
លោកបន្តថា ជាការពិតហើយក្នុងពិធីជាតិដ៏ធំនេះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងអង្គព្រះមហាក្សត្រ លោកពិតជាមិនចង់ឃើញមានអ្វីជាល្អក់កករទេ ក៏ប៉ុន្តែជនទាំងពីរដែលធ្វើឱ្យល្អក់កករ ដោយយករូបភាពរូបថតយកមកសរសេរក្នុងន័យ ធ្វើការប្រៀបធៀបធ្វើឱ្យប្រជាពលរដ្ឋខ្មែរមានការភាន់ច្រឡំ ធ្វើឱ្យប្រជារាស្ត្រខ្មែរកើតការខឹងសម្បានៅក្នុងការញុះញង់តាមតែគំនិតនយោបាយទុច្ចរិតរបស់ខ្លួន។ ការចាប់
អ្នកតាមដានព្រឹត្តិការណ៍នយោបាយបានបន្តទៀតថា ការលើកឡើងទាំងឡាយណារបស់ពួកគេ ក្រុមដែលគេហៅថាក្រុមសង្គមស៊ីវិលឬក៏ក្រុមអង្គការក្រៅរដ្ឋាភិបាលដែលពួកគេបានលើកឡើងថាវាគ្រាន់តែជាសារនយោបាយដដែលៗដើម្បីលើកស្ទួយទៅលើគណបក្សនយោបាយឬក្រុមសកម្មជននយោបាយដែលពួកគេគាំទ្រ។នៅពេលដែលការអនុវត្តច្បាប់មួយត្រូវបានអនុវត្តទៅលើសកម្មជនបក្ខពួករបស់ពួកគេគេចេញមុខការពារគ្នីគ្នាគេ ហើយរួមទាំងវិទ្យុបរទេសដែលអាចជួយបំពងសំឡេងទៀតដើម្បីដាក់បន្ទុក ដើម្បីចោទប្រកាន់លាបពណ៌មកលើរាជរដ្ឋាភិបាល។
លោកបន្តថាសរុបសេចក្ដីទៅគឺយើងគ្រាន់តែចង់បំភ្លឺឱ្យច្បាស់ថាអ្នកដែលតាំងខ្លួនជាសកម្មជនសិទ្ធិមនុស្ស ជាអ្នកធ្វើការសង្គមស៊ីវិលហើយចោទប្រកាន់រាជរដ្ឋាភិបាលថា ការចាប់ខ្លួននេះ គឺជាការបំបិទសេរីភាពបញ្ចេញមតិនោះយើងចង់សួរឱ្យច្បាស់ថាតើអ្នកនិយាយនេះយល់អំពីនិយមន័យនៃការបញ្ចេញមតិដែរឬទេ? បើអ្នកមិនយល់អំពីនិយមន័យនៃពាក្យបញ្ចេញមតិអីទេ គួរទៅសិក្សាឡើងវិញ។ បើកវចនានុក្រមខ្មែររៀនឡើងវិញទៅ៕
ប្រភព៖AMS