ដោយ៖ សុខុម / ស្ទឹងត្រែង៖ នៅព្រឹកថ្ងៃ២៤ ខែមីនា ឆ្នាំ២០២៣ ប្រជាពលរដ្ឋ បានប្រទះឃើញសាកសពមនុស្សម្នាក់ រសាត់អណ្តែតលើផ្ទៃទឹក តាមដងទន្លេមេគង្គ បង្កឲ្យមានការភ្ញាក់ផ្អើល និងបានរាយការណ៍ ទៅកម្លាំងសមត្ថកិច្ច ដោយសពនោះ ប្រទះឃើញនៅភូមិសំភិន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

លោក អ៊ុង សុភ័ក្រ្ត នាយប៉ុស្តិ៍នគរបាលសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង បានឲ្យដឹង នៅរសៀលថ្ងៃទី២៤ ខែមីនានេះថាៈ សពស្ត្រីម្នាក់ ដែលគេប្រទះឃើញនៅក្នុងទឹកដី ស្រុកសំបូរ ខេត្តក្រចេះ ជាប់នឹងស្រុកសៀមបូក ខេត្តស្ទឹងត្រែងនោះ គឺជាសាកសព ស្ត្រីម្នាក់ ដែលបានបាត់ខ្លួន កាលពី ៤ ថ្ងៃមុន។

លោកមេប៉ុស្តិ៍ បានបញ្ជាក់ឲ្យដឹងថាៈ កាលពីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ស្ត្រីម្នាក់ ឈ្មោះ ម៉ន ខាំសាអន ជាស្ត្រីក្រមុំចាស់ បានជិះទូកទៅនេសាទ នៅចំណុច ភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង តែក្រោយពីជិះទូកទៅ ក៏ស្រាប់តែ បាត់មនុស្ស នៅសល់តែទូក ហើយគេបានដាក់ការសង្ស័យថា ស្ត្រីម្នាក់នោះ អាចនឹងជួបគ្រោះថ្នាក់ នៅក្នុងទឹកទន្លេ។ ក្រោយពីបាត់ដំណឹងនេះ ក្រុមគ្រួសារ សាច់ញាតិ និងសមត្ថកិច្ច ក៏បានស្វែងរកតែរកមិនឃើញ។ លុះមកដល់ព្រឹកថ្ងៃទី២៤ មីនានេះ មានប្រជាពលរដ្ឋ ប្រទះឃើញសាកសព រសាត់អណ្តែត នៅស្រុកសំបូរ ខេត្តក្រចេះ។

ប្រភពខាងលើ បានឱ្យដឹងថាៈ ករណីនេះ ទំនងជាស្ត្រីនោះ មានបំណងបើកទូក ទៅលោតទឹក ដើម្បីសម្លាប់ខ្លួន។ ម្យ៉ាងទៀត ស្ត្រីរូបនោះ គឺជាក្រមុំចាស់ ដែលមានបញ្ហាផ្លូវចិត្តផង។ ក្រោយពេលរកឃើញសព ក្រុមសាច់ញាតិ បានបញ្ចុះនៅក្នុងទឹកដី ស្រុកសំបូរ ខេត្តក្រចេះ តែម្ដង៕ V / N