ដោយៈសុក្ខារិន/ពោធិសាត់៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ប្រជាពលរដ្ឋភូមិក្តីឈ្វិត, ព្រីងខ្ពស់និងភូមិត្រង់ ឃុំស្រែស្តុក ស្រុកកណ្ដៀង បានមកចូលរួមស្តាប់ការផ្សព្វផ្សាយស្តីពីប្រកាសកំណត់តំបន់ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធទាំងដីកសិកម្ម ដីលំនៅឋាននិងកាត់ឆ្វៀលដីតំបន់៣នៃបឹងទន្លេសាបបញ្ចូលមកជាតំបន់២។
លោក សួង សែ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តពោធិ៍សាត់ បានលើកឡើងថាដោយយោងតាមអនុក្រិត្យលេខ៤៦អនក្រ.កបចុះថ្ងៃទី៣១ខែឧសភា ឆ្នាំ២០០២ស្តីពីនីតិវិធីនៃការកសាងប្លង់សុរិយោដីនិងសៀវភៅគោលនិងអនុក្រឹត្យលេខ១០១អនក្រ.កបចុះថ្ងៃទី២៧ខែឧសភាឆ្នាំ២០២២ស្តីពីការកែសម្រួលផ្ទៃដីតំបន់៣នៃបឹងទន្លេសាបជូនប្រជាពលរដ្ឋ ប្រើប្រាស់និងអាស្រ័យផល។
ដោយផ្អែកទៅតាមអនុក្រឹត្យនេះមន្ទីរបានបញ្ជូនមន្ត្រីជំនាញនិងប្រជុំប្រកាសកំណត់តំបន់ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធទាំង៣ភូមិចំនួន២៥៨ហិកតានិងកាត់ឆ្វៀលដីតំបន់៣នៃបឹងទន្លេសាបចំនួន៩៤ហិកតា៤៨អាជូនប្រជាពលរដ្ឋចំនួន៣៨គ្រួសារប្រើប្រាស់និងអាស្រ័យផល ។
ដើម្បីអនុវត្តតាមខ្លឹមសារនៃអនុក្រឹត្យទាំងអស់នោះគណៈកម្មការរដ្ឋបាលខេត្តក៏ដូចមន្ទីរជំនាញសូមឱ្យប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធនឹងក្បាលដីចូលរួមសហការឱ្យបានទាំង៥ដំណាក់កាល។ ជាពិសេសនោះបោះ បង្គោលព្រំក្បាលដី ត្រូវរក្សាទុកដីចំណីផ្លូវ ប្រឡាយ បឹង បួរ ព្រែក ស្ទឹង បើមានវិវាទត្រូវដោះស្រាយឱ្យបានចប់សព្វគ្រប់។ការចុះបញ្ជី ដីធ្លីនេះគឺត្រូវទាមទានូវឯកសារដូចជាសៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណនិងឯកសារផ្សេងៗមួយចំនួនទៀត៕សរន / N