ដោយៈ ភ្នំស្វាយ-អូរជ្រៅ / បន្ទាយមានជ័យៈ អាជ្ញាធរ និងសមត្ថកិច្ចសុរិយោដី ប្រាប់ ពលរដ្ឋ ២ ភូមិទៀត នៅឃុំទទួលពង្រ ស្រុកម៉ាឡៃ ឱ្យប្រញាប់ប្រញាល់ ទៅពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី ដែលបានវាស់វែងរួច ហើយត្រៀមធ្វើប្លង់រឹង ។

លោក សៀន វុទ្ធី ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និង ភូមិបាល ស្រុកម៉ាឡៃ និងជាប្រធានក្រុមវាលទី៨ ចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ ស្រុកនេះ បានប្រាប់រស្មីកម្ពុជាឱ្យដឹងថាៈ ក្រុមបានជូនដំណឹង ដល់សាធារណជន ទាំងអស់ ដែលមានក្បាលដី ចុះបញ្ជីដី (ធ្វើប្លង់ដី) នៅភូមិកោះស្នួល និងភូមិខ្លាងាប់ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ សូមអញ្ជើញមកពិនិត្យឈ្មោះ ឱ្យបានគ្រប់គ្នា ចាប់ពីថ្ងៃចន្ទ ទី២៧ ខែមីនា រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ។

លោក សៀន វុទ្ធី បានបន្តថាៈ ទិន្នន័យក្បាលដីក្នុងតំបន់វិនិច្ឆ័យ ដែលមានវាស់វែង រួចហើយ នៅភូមិកោះស្នួល មានចំនួន ១.០៨៩ ក្បាលដី ។ ឯភូមិខ្លាងាប់ មានចំនួន ៦៣១ ក្បាលដី ។

លោកបានណែនាំថាៈ ក្នុងករណីមិនបានមកពិនិត្យ និងផ្ទៀងផ្ទាត់ឈ្មោះ ឬទំហំដី រូបរាងដី ដើម្បីកែតម្រូវ ក្រុមការងារជំនាញ ចាត់ទុកថា ទិន្នន័យទាំងអស់ ត្រឹមត្រូវ តាមការវិនិច្ឆ័យ ហើយមិនអាចតវ៉ាបានឡើយ ។

សូមរំលឺថា នាចុងឆ្នាំ២០២២ ដើមឆ្នាំ២០២៣ ក្រុមវាលទី៨ ចុះបញ្ជីមានលក្ខណៈ ជាប្រព័ន្ធស្រុកម៉ាឡៃ បានកំណត់តំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ភូមិបឹងជង្រុកតេជោ ឈ្នះ ឈ្នះ ឃុំទួលពង្រ ឬអតីតតំបន់វរៈ ៦៧១ នៃកងពលធំ លេខ២០ ។ វាជាអតីតតំបន់អតីតខ្មែរក្រហម និងមានទំនាស់ដីធ្លីរ៉ាំរ៉ៃ ស្មុគស្មាញ ចាក់ស្រេះ តែត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ អន្តរាគមន៍ និងចាត់តាំងលោក ប៉ាន់ខែម ប៊ុនថន នាយកខុទ្ទកាល័យសម្តេច ឱ្យចុះមកដឹកនាំក្រុមការងារគ្រប់ថ្នាក់ ដោះស្រាយ រហូតបញ្ចប់ដោយជោគជ័យ និងប្រែក្លាយតំបន់សង្គ្រាមនោះ ទៅជាតំបន់អភិវឌ្ឍន៍ ។ ក្នុងនោះ ក៏មានការចុះបញ្ជី ដីធ្លី មានលក្ខណៈជាប្រព័ន្ធ លើដីទំហំ ១.៧៦៣ ហិកតា ស្មើនឹងក្បាលដី ចំនួនជាង ២.០០០ ប្លាយ ហើយបានទទួលប្លង់ដី បន្តបន្ទាប់​ ។ បន្ទាប់ពីចុះបញ្ជីដី នៅភូមិបឹងជង្រុក តេជោ ឈ្នះ ឈ្នះនោះ ក្រុមវាលទី៨ ក៏បន្តទៅវាស់វែង នៅភូមិភូមិកោះស្នួល និងភូមិខ្លាងាប់ ឃុំទួលពង្រ ។

រីឯក្រុមការងារខុទ្ទកាល័យសម្តេចតេជោ បានបន្តទៅដោះស្រាយ និងរួចរាល់ដែរ នូវដីទំនាស់ រវាងលោក លី អ៊ុតនី និងពលរដ្ឋ យុទ្ធជនដែលសំអាងថា ជាអតីតយោ ធិន និងក្រុមគ្រួសារយោធិនខ្មែរក្រហម វរៈលេខ ៦៧២ និង វរៈ ៦៧៣ នៃកងពលធំ លេខ២០ នៅភូមិអូរអំពិល ឃុំទួលពង្រដែរ ។ ប៉ុន្តែទីនោះ មិនទាន់បានចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធនៅឡើយ ៕ V / N