ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ នគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានអះអាងថាៈ អង្គភាព និងកម្លាំងរបស់ខ្លួនបានត្រៀមរៀបចំសណ្តាប់ ធ្នាប់ របៀបរៀបរយ សន្តិសុខ សុវត្ថិភាព សម្រាប់ទទួលភ្ញៀវទេសចរអន្តរជាតិ និង ថៃ មកចូលរួមទស្សនា ការប្រកួតកីឡា នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើម្ចាស់ផ្ទះលើកដំបូងជាប្រវត្តិសាស្រ្ត។
នេះបើតាមលោកឧត្តមសេនីយ៍ត្រី អីុ ចំរើន នាយប៉ុស្តិ៍នគរបាលច្រកព្រំដែនអន្តរជាតិ ប៉ោយប៉ែត បានឱ្យដឹងនៅរសៀល ថ្ងៃទី២៤ខែមីនា ឆ្នាំ២០២៣ ។
លោកបានបន្តថាៈ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងអាជ្ញាធរ មានសមត្ថកិច្ចក្រុងប៉ោយប៉ែត និងខេត្តបន្ទាយមានជ័យ បានសម្រេចអនុញ្ញាតឱ្យ ភ្ញៀវ និងអ្នកដំណើរជាតិ–អន្តរជាតិ ក៏ដូចជា មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន អាចធ្វើចរាចរណ៍ ឆ្លងកាត់ផ្លូវជាតិលេខ៥ តំបន់ច្រកទ្វារ (ប្លុកកាស៊ីណូ) ឡើងវិញ ចាប់ពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២៣ កន្លងមក ពោលគឺបានបើកឱ្យចរាចរណ៍ តាមផ្លូវត្រង់ ឬផ្លូវជាតិលេខ៥ ប្លុកកាស៊ីណូឆេះ នាភូមិក្បាលស្ពាន១ និងភូមិប៉ោយ ប៉ែត សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត វិញហើយ។ ពោលគឺ បន្ទាប់ពីបានបិទ តាំងពីយប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ កន្លងមក ដោយសារឧបទ្ទហេតុអគ្គិភ័យឆេះកាស៊ីណូធំៗ ចំនួន២ គឺកាស៊ីណូហ្កែ្រនដាយម៉ិន ស៊ីធី( Grand Diamond City casino) និងកាស៊ីណូប៉ោយប៉ែតរីសត(Poipet Resort casino ) កន្លងមក។
លោក អីុ ចំរើន បានបន្តថាៈហេតុនេះ ពីពេលនេះតទៅ អង្គភាពលោក បាននឹងកំពុង តែសម្អាតអនាម័យ រៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ សន្តិសុខ ឱ្យល្អឡើង សម្រាប់ភ្ញៀវ ទាំងអ្នកដំណើរ និងភ្ញៀវទេសចរ ចេញ ចូលផ្លូវត្រង់ឡើងវិញ នៅច្រកទ្វារព្រំដែននេះ។ ហើយយោងការណែនាំ និងបទបញ្ជាថ្នាក់លើ ក៏រឹតតែត្រូវ ពង្រឹងការងារនេះ សម្រាប់ចូលរួមទទួលប្រតិភូកីឡា និងភ្ញៀវទេសចរថៃ និងអន្តរជាតិ មកចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីកម្ពុជាយើង រង់ចាំអស់រយៈពេល ៦៤ ឆ្នាំកន្លងមក ។
ដោយឡែក ករណីមួយទៀត ដែលទាក់ទងនឹងសុវត្ថិភាព គុណភាព និងប្រសិទ្ធភាព សេវា របស់សមត្ថកិច្ច តំបន់ច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែតនេះ កាលពីវេលា រសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ កន្លងមក មន្រ្តីប័ណ្ណព្រំដែនចេញពីប្រទេស បានប្រគល់កាបូបដៃ ដែលអ្នកដំណើរជ្រុះបាត់ ទៅឲ្យម្ចាស់សាមុីខ្លួនវិញហើយ។ ក្នុងកាបូបនោះ មានលុយថៃចំនួន ១១.២៤០ បាត និងកាតATM ABA ទៅឲ្យឈ្មោះ សូថាវ៉ូរីក សារូ (SOTHAVOREAK SAROU )។ ភ្ញៀវខ្មែរ រូបនេះ សូមថ្លែងអំណរគុណ និងសម្តែងការជឿជាក់ កក់ក្តៅ ចំពោះសមត្ថកិច្ច ជាពិសេសមន្ត្រី នៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត ៕/V-PC