ដោយ: មុនីរ័ត្ន/ភ្នំពេញ: អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា ករណីមន្ត្រីនគរបាលម្នាក់ឈ្មោះ ជា ប៊ុនថេង ដែលរងការចោទប្រកាន់ពីប្រពន្ធរបស់ខ្លួនថា បានវាយធ្វើបាប គឺសមត្ថកិច្ចជំនាញកំពុងតែរៀបចំបែបបទ នឹងអនុវត្តវិធានការច្បាប់។
នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ប្រាប់រស្មីកម្ពុជា មុននេះបន្តិចថា “យើងកំពុងតែរៀបចំបែបបទ យើងនឹងអនុវត្តវិធានការច្បាប់“។
ការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានធ្វើឡើងបន្ទាប់ពីស្ត្រីរូបស្រស់ម្នាក់ដែលអះអាងថា ជាប្រពន្ធរបស់លោក ជា ប៊ុនថេង មន្ត្រីនគរបាល បានទម្លាយរឿងប្តីរបស់ខ្លួនវាយធ្វើបាប និងបានបង្ហោះវិដេអូរូបភាពសកម្មភាពប្តីវាយធ្វើបាបលើបណ្តាញសង្គម និងបានសុំអោយថ្នាក់លើជួយរកយុត្តិធម៌។
ករណីហិង្សាប្តីប្រពន្ធបានធ្វើឱ្យកក្រើកពេញបណ្តាញសង្គម កាលពីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។
ស្រ្តីស្រស់ស្អាតម្នាក់ឈ្មោះថា “ញឹម សុខឡេង” (Nhoem Sokleng) បានទម្លាយរឿងរ៉ាវប្តីរូបសង្ហារបស់ខ្លួនដែលមានតួនាទីជាប៉ូលីសម្នាក់នៅក្រសួងមហាផ្ទៃ ដោយវាយធ្វើបាបប្រពន្ធស្ទើររាល់ថ្ងៃដូចសត្វធាតុ មើលខ្លួនប្រាណនាងឡើង សុទ្ធតែរបួសជាំពេញខ្លួន ដូចមែនមនុស្សឡើយ។ ជាពិសេសនោះ ប្តីរបស់នាងបានទាញកាំភ្លើងភ្ជង់ក្បាលប្រពន្ធទៀត នៅពេលឈ្លោះគ្នាយ៉ាងខ្លាំងហើយ នារីរងគ្រោះរូបនេះទម្លាយភស្តុតាងជាច្រើននិងសុំជួយនាងផង ដើម្បីស្វែងរកយុត្តិធម៌។
អ្នកនាង ញឹម សុខឡេង បានសរសេរលើបណ្តាញសង្គមថា “ប្តីខ្ញុំទាំងស្អាត ទាំងសង្ហា មានឋានៈ មានយសសក័ រស់ក្នុងវង្សក្រកូលមួយដែលសមរម្យ, ខ្ញុំស្រលាញ់ប្តីខ្ញុំណាស់ ខ្ញុំស៊ូណាស់ទំរាំបានរស់ជួបជុំប្តីប្រពន្ធកូន… ស្នេហាខ្ញុំកំសត់ណាស់ តេីអោយខ្ញុំទៅរេីសយកអ្នកណាមកធ្វេីជាសាហាយទៀតនោះ’ ហេីយបេីមានសាហាយមែនក៏មិនបង្ហោះរូបអោយប្តីឃេីញច្បាស់ៗចឹងដែរ, តែនេះជារូបភាពតាំងតែមិនមានប្តីមានកូនម្លេះ។
សម្រាប់រឿងកូន តាំងតែពីកូនក្នុងពោះ រហូតដល់កូនកេីត គឺខ្ញុំពពោះម្នាក់ឯង មេីលថែខ្លួនឯង បង្កេីតក៏ម្នាក់ដោយគ្មានវត្តមានប្តី វាជារឿងដែរឈឺចាប់បំផុតក្នុងជីវិត, ខ្ញុំមេីលថែកូនខ្ញុំដោយដៃរបស់ខ្ញុំផ្ទាល់ដោយគាត់ជាប្តីមិនដែលបានមកជួយមេីលថែ ថ្នាក់ថ្នម បមបីសោះឡេីយ.. ចឹងកុំបារម្មណ៍ខ្ញុំស្រលាញ់កូនខ្ញុំណាស់ ស្រលាញ់លេីសអ្នកឯងរាប់លានដង’ កុំដេីម្បីលាងខ្លួនឯង អោយល្អប្រពៃ ចោទប្រកាន់អ្នកដទៃថាចេះថាចុះ ! មិនថាកាលៈទេសៈណាទេ តែវៃដល់ថ្នាក់នេះគឺខុសទាំងស្រុងហេីយ’ ហេីយក៏មិនមែនជាលេីកទី១ ដែលវាយធ្វេីបាបខ្ញុំនោះដែរ’ ទេីបនាងខ្ញុំសម្រេចដាក់ កាមេរា ក្នុងបន្ទប់ថតទុកជាភស្តុតាងកុំអោយប្រកែករួច !”។
នាងបានសរសេរថា “អនុសេនីយ៍ទោមន្រ្តីនៃក្រសួងមហាផ្ទៃ ប្រេីអំពេីហិង្សា គំរាមគំហែងបាញ់សម្លាប់ប្រេីពាក្យសម្តីដៀលជេម្រាយ ប្រមាថ ដៀលពូជ ងែងហង… សូមច្បាប់ជួយរកយុត្តិធម៍ផង នាងខ្ញុំរងអំពេីហិង្សាពីប្តីឈ្មោះ ជា ប៊ុនថេង ចាប់តាំងពីកូនខ្ចី ២ខែរហូតកូនដល់បច្ចុប្បន្ន, រងសំពាធ សតិអារម្មណ៍រហូត ប៉ះពាល់ផ្លូវចិត្ត លេបថ្នាំរាល់ថ្ងៃ
អូនស្រលាញ់បងណាស់ អូនទុកឱកាសអោយបងរហូតទេីបមកដល់ចំនុចនេះ គិតថាបងនឹងកែប្រែ តែចុងក្រោយបងមិនស្គាល់កំហុស អូនលះបង់ទាំងជីវិតអូន នឹងកូន ដេីម្បីបង… តេីបងដែលស្រលាញ់អូនខ្លះទេ…”៕PC