ប្រែសម្រួល : កញ្ញាដាលីស (ស៊ីនហួ) ៖ ជាមួយនឹងវិធានការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាតដ៏ល្អប្រសើររបស់ចិន ដែលជំរុញចល័តភាពទីក្នុងសង្គមនិងការផ្លាស់ប្តូរជាអន្តរជាតិ ក្រុមហ៊ុនដែលផ្តល់មូលនិធិដោយបរទេសជាច្រើននៅក្នុងប្រទេសចិន បានចាប់ផ្តើមយ៉ាងអស្ចារ្យក្នុងឆ្នាំ ២០២៣ ដោយនាយកប្រតិបត្តិរបស់ពួកគេបង្ហាញពីទំនុកចិត្តលើការស្ទុះងើបសេដ្ឋកិច្ចដ៏រឹងមាំរបស់ប្រទេសនេះ។
នៅក្នុងរបាយការណ៍ការងាររបស់រដ្ឋាភិបាលដែលបានអនុម័តកាលពីដើមខែនេះ រដ្ឋាភិបាលចិនបានបង្ហាញពីគោលដៅកំណើនសេដ្ឋកិច្ចឆ្នាំ ២០២៣ របស់ខ្លួនក្នុងរង្វង់ ៥ ភាគរយដែលលឿនជាងកំណើន ៣ ភាគរយដែលបានកត់ត្រាក្នុងឆ្នាំ ២០២២។
ត្បិតមានផលប៉ះពាល់ពីជំងឺរាតត្បាតក្តី ក៏ក្រុមហ៊ុន Beijing Benz Automotive Co., Ltd. (BBAC) ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារបស់ Mercedes-Benz និង BAIC Group នៅតែអាចសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងឆ្នាំ ២០២២ ដោយអាចផលិតរថយន្តបានជាង ៦០០.០០០ គ្រឿងកាលពីឆ្នាំមុន។
លោក អាណូ វ៉ាន់ ដឺ មឺវី (Arno van der Merwe) នាយកប្រតិបត្តិ និងជាប្រធាន BBAC បាននិយាយថា ក្រុមហ៊ុនបានត្រឡប់ទៅរកបរិយាកាសប្រតិបត្តិការធម្មតាវិញទាំងស្រុង ដោយបង្កើត “ការចាប់ផ្តើមដ៏អស្ចារ្យ” ក្នុងឆ្នាំ ២០២៣។ យើងកំពុងទន្ទឹងរង់ចាំដល់ឆ្នាំដ៏រឹងមាំខាងប្រតិបត្តិការ”។
ដើម្បីដោះស្រាយតម្រូវការកើនឡើងនៃទីផ្សាររថយន្តថាមពលថ្មីដ៏ធំនៅក្នុងប្រទេសចិន ក្រុមហ៊ុនបានធ្វើការផ្លាស់ប្តូរនៅក្នុងខ្សែសង្វាក់ដំឡើងរបស់ខ្លួន ហើយឥឡូវនេះអាចផ្លាស់ប្តូរការផលិតដោយភាពបត់បែនសម្រាប់រថយន្តដែលប្រើថាមពលឥន្ធនៈ ហាយប្រ៊ីដ និងអគ្គិសនីដោយផ្អែកលើតម្រូវការទីផ្សារ។
លោក អាណូ វ៉ាន់ ដឺ មឺវី និយាយថា រវាងពេលដែលក្រុមហ៊ុនចាប់កំណើតក្នុងឆ្នាំ ២០០៥ និងឆ្នាំ ២០២២ BBAC បានផលិតរថយន្តសរុបជាង ៤ លានគ្រឿង ហើយអាចសម្រេចបាន៥លានគ្រឿងក្នុងពេលឆាប់ៗ។
នៅទីក្រុងប៉េកាំងផងដែរ ក្រុមហ៊ុនបច្ចេកវិជ្ជាម៉ាស៊ីនបង្ហាប់ខ្នាតយក្សរបស់អាល្លឺម៉ង់ Bitzer បានសម្រេចចិត្តវិនិយោគ ៣០០ លានយ័ន (ប្រហែល ៤៤ លានដុល្លារអាម៉េរិក) បន្ថែមទៀតនៅក្នុងរោងចក្ររបស់ខ្លួននៅក្នុងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច-បច្ចេកវិជ្ជាប៉េកាំងក្នុងឆ្នាំនេះ៕
កម្មករកំពុងធ្វើការក្នុងរោងចក្រ Beijing Benz Automotive. Co., Ltd.