​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​អេ​ស៊ាវ័ន​) ៖ បុរស​ជនជាតិ​ថៃ​ម្នាក់​បាន​ធ្វើដំណើរ​ចម្ងាយ​ប្រហែល ៣០០ គីឡូម៉ែត្រ​ពី​ទីក្រុង​បាងកក​ទៅ​កាន់​ទីក្រុង​កូរ៉ា​ត់ (Korat) ជាមួយនឹង​សត្វ​ឆ្មា​ចំនួន ១១ ក្បាល​នៅ​លើ​រឺ​ម៉កក​ង់​បី ដោយ​ទាក់ទាញ​ការសរសើរ និង “​ការ​ចូល​ចិត្ត​” ពី​អ្នក​ស្រឡាញ់​ឆ្មា​តាម​អ៊ីនធឺណិត​។​

​លោក ឈូ​វង់ ថេ​បកោះ (Choowong Thepkoh)​អាយុ ៦៥​ឆ្នាំ​ដែល​លក់​គ្រឿង​លម្អ​និង​សិប្បកម្ម​ផ្សេងៗ​ទៀត​នៅ​ផ្សារ​លក់​វត្ថុ​កែ​ច្នៃ​ក្នុង​ទីក្រុង​បាងកក​បាន​ធ្វើដំណើរ​ទៅ​កាន់​ទីក្រុង​កូរ៉ា​ត់​ដើម្បី​លក់​​ទំនិញ​របស់​គាត់​នៅ​ផ្សារ​លក់​វត្ថុ​កែច្នៃ​ប្រចាំឆ្នាំ​ដ៏​ពេញនិយម​មួយ​។​

​លោក​ឈូ​វង់​ក៏​មកពី​ទីក្រុង​កូរ៉ា​ត់​ដែរ ហើយ​ចង់​នាំ “​កូនៗ​” ឬ​ឆ្មា​របស់​គាត់​ទៅលេង​ស្រុកកំណើត​របស់​គាត់​ដែរ​។​

​ទំព័រ​ហ្វេ​សប៊ុក​ឈ្មោះ Kingdom of Tigers ដែល​ឧទ្ទិស​ដល់​អ្នក​ស្រឡាញ់​សត្វ​ឆ្មា​និង​អ្នក​តាមដាន​ដែល​ស្គាល់​លោក​ឈូ​វង់​ថា​ជា​អ្នកគាំទ្រ​ឆ្មា​ដ៏​ឧត្តុង្គឧត្តម​ម្នាក់​នោះ​បាន​រៃអង្គាស​ថវិកា​ដើម្បី​ទិញ​ម៉ូតូ​​ច្នៃ​កង់​បី​សម្រាប់​បុរស​នេះ​ដើម្បី​ឱ្យ​គាត់​អាច​ធ្វើ​ដំណើរ​ជាមួយ​មិត្តភក្តិ​ឆ្មា​របស់​គាត់​បាន​។​

​កាលពី​ថ្ងៃ​សុក្រ​ទី ១៧ ខែ​មីនា ទំព័រ​នេះ​ក៏​បាន​ជំរុញ​អ្នកតាមដាន​របស់ខ្លួន​ឱ្យ​បរិច្ចាគ​អាហារ​ឆ្មា​ដល់​លោក​ឈូ​វង់​ផងដែរ ខណៈ​គាត់​ហៀបនឹង​ធ្វើដំណើរ​ទៅ​ទីក្រុង​កូរ៉ា​ត់​។​

​នៅក្នុង​បទសម្ភាសន៍​មួយ លោក​ឈូ​វង់​បាន​លាតត្រដាង​ថា​គាត់​បាន​ចាកចេញ​ពី​ស្រុកកំណើត​របស់​គាត់​កាលពី ២៦ ឆ្នាំមុន ហើយ​បាន​ធ្វើការ​នៅ​ផ្សារ​លក់​វត្ថុ​កែច្នៃ​ក្នុង និង​ជុំវិញ​ទីក្រុង​បាងកក ដើម្បី​ចិញ្ចឹម​ខ្លួន​គាត់ និង​ឆ្មា​ដែល​គាត់​រើសយក​មក​ចិញ្ចឹម​ជាច្រើន​ឆ្នាំ​មកនេះ​។​

​លោក​បាន​និយាយថា ឆ្មា​ទាំងអស់​របស់​គាត់​គឺ​គ្មាន​ម្ចាស់ ហើយ​គាត់​តែងតែ​នាំ​ពួក​វា​តាម​គាត់​គ្រប់​ទីកន្លែង​ដែល​គាត់​បាន​ទៅ​៕

​លោក​ឈូ​វង់​និង​ឆ្មា​១១​ក្បាល​ធ្វើដំណើរ​៣០០​គីឡូម៉ែត្រ​ពី​បាងកក​ទៅ​កូរ៉ា​ត់