ដោយៈសុផល/កែប៖ គម្រោងឆ្នេរសមុទ្រគំរូរបស់រីសតថ្ងៃបាំងឆ័ត្រ នៅក្នុងខេត្តកែប ជាផ្នែកមួយនៃការអនុវត្តគម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្ត។គម្រោងឆ្នេរសមុទ្រគំរូរបស់រីសតថ្ងៃបាំងឆ័ត្រចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សោភ័ណភាពតំបន់ឆ្នេរ និងបង្កើតនូវសេវាកម្មទេសចរណ៍ថ្មីៗ ស័ក្តសមជាទីកន្លែងសម្រាកលំហែកាយជាមួយនឹងការគយគន់ទេសភាពសមុទ្រ និងខ្យល់អាកាសបរិសុទ្ធ។
លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីន គរូបនីយកម្មនិងសំណង់និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ ឆ្នេរសមុទ្រកម្ពុជាបានថ្លែងដូច្នេះនៅក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវការនូវគម្រោងឆ្នេរសមុទ្រគំរូរបស់រីសតថ្ងៃបាំងឆត្រកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ។
លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា៖រាជរដ្ឋាភិបាល តែងចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព និងជា “មាសបៃតង”រួមចំណែកដលការអភវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការបង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ។ទេសចរណ៍តំបន់ឆ្នេរនៅកម្ពុជាមានវិសាលភាពគ្របដណ្តប់លើខេត្តចំនួន ៤ គឺខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និងខេត្តកោះកុង ក្រោមឈ្មោះរួមតែមួយថា “ឆ្នេរសមុទ្រកម្ពុជា” ដែលត្រូបានដាក់បញ្ចូលជាសមាជិកពេញសិទ្ធក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុត លើសកលលោក ក្នុងមហាសន្និបាតលើកទី ៧ របស់ក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក ដោយសារភាពសម្បូរបែប ជីវចម្រុះ ភាពល្អប្រណីតនៃបរិស្ថានធម្មជាតិ តម្លៃអេកូឡូស៊ី សេដ្ឋកិច្ច សង្គម វប្បធម៌ និងប្រពៃណី ក្នុងតំបន់ ព្រមទាំងភាពទាក់ទាញ ផ្នែកទេសចរណ៍។
លោក ជា សុផារ៉ា បានមានប្រសាសន៍ថា៖ក្រុងកែប ត្រូវបានកំណត់ចក្ខុវិស័យជា”ទីក្រុងទំនើបមានខ្យល់ អាកាសធម្មជាតិបរិសុទ្ធឆ្នេរសមុទ្រដែលស្អាតសម្រាប់ការស្នាក់នៅ ប្រកបការងារនិងទេសចរណ៍ ដែលមានគុណភាព បរិស្ថានរស់នៅល្អ ផាសុកភាព និងសុភមង្គលល្អ តាមរយៈការអភិវឌ្ឍជាទីក្រុង ១)គោលដៅទេសចរណ៍ឆ្នេរសមុទ្រ កោះធម្មជាតិដែលស្អាតបំផុត២)ទីក្រុងបៃតងបុរីលំនៅឋានស្ងប់ស្ងាត់ មជ្ឈមណ្ឌលការងារធុរកិច្ច អប់រំសិក្សាស្រាវជ្រាវដែលមានហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មនិងគុណភាព បរិស្ថានរស់នៅបៃតងធម្មជាតិល្អប្រណីត ប្រកបដោយ សុភមង្គល ៣)គ្រប់គ្រងនិងអភិបាលកិច្ចល្អ ៤)ចីរភាព តុល្យភាពនិងសមាហរណកម្ម ការអភិវឌ្ឍប្រកបដោយទឹកសមុទ្រខៀវស្រងាត់ និងខ្យល់អាកាសល្អបរិសុទ្ធនិង៥)ជ័យលាភីទីក្រុងឆ្នេរសមុទ្រដែលស្អាតបំផុតដែលមានភ្ញៀវទេសចរជាតិនិងអន្តរជាតិមកសម្រាកលំហែកម្សាន្តគ្រប់រដូវកាល។ក្នុងគោលដៅសម្រេចចក្ខុវិស័យក្រុងកែប រាជរដ្ឋាភិបាលបានអនុញ្ញាតជូនគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាអនុវត្តគម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ដែលមានប្រវែង ២ ៧០០ម៉ែត្រ ដោយ មានរៀបចំសួនច្បារសាធារណៈឆ្នេរខ្សាច់កម្សាន្តសាធារណៈស្ថាបនាវិថីនិងអនុវិថីចូលឆ្នេរសមុទ្រជាដើម។
លោកឧបនាយករដ្ឋមន្ត្រីបានផ្តល់ការគាំទ្រចំពោះការបំពាក់ប្រព័ន្ធចំរោះទឹកកខ្វក់នៅក្នុងគំរោងនេះដែលនឹងរក្សាបាននូវបរិស្ថានល្អមិនប៉ះពាល់ដល់សោភណ្ឌភាពឆ្នេរនិងសុខភាពរបស់ប្រជាពលរដ្ឋចេញចូលកំសាន្តនិងជាគំរូសំរាប់ការអនុវត្តនៅតាមបណ្តាទីតាំងគំរោងផ្សេងទៀត។លោកក៏បានបានកោតសរសើរនិងវាយតំលៃខ្ពស់ចំពោះក្រុមហ៊ុនថ្ងៃបាំងឆ័ត្រដែលជាប្រតិបត្តិករនិងជាវិនិយោគិនបរទេសមួយមានស្នាដៃនិងគុណភាពល្អប្រកបដោយសក្តានុពលក្នុងការជំរុញនិងទាក់ទាញទេសចរនៅខេត្តកែបនិងបានបង្ហាញនូវការបន្តជឿជាក់លើសន្តិភាពនិងសក្តានុពលសេដ្ឋកិច្ចនៅកម្ពុជា។លោកជឿជាក់ថាគំរោងនេះនឹងដំណើរការដោយរលូនមានការគាំទ្រពីមហាជននិងភ្ញៀវទេសចរគ្រប់មជ្ឈដ្ឋាន។
ជាមួយនេះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានអំពាវនាវនិងលើកទឹកចិត្តដល់ធុរជននិងក្រុមហ៊ុនដទៃទៀតឱ្យចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការវិនិយោគក្នុងវិស័យទេសចរណ៍ហើយក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់នឹងផ្តល់កិច្ចសហការជាប់ជាប្រចាំដើម្បីជួយសម្រួលសំណើរនិងសំណូមពររបស់អ្នកវិនិយោគ ក្នុងសមត្ថកិច្ចរបស់ខ្លួនផងដែរ។
លោក ចេហ្វ មូន (JEF MOONS ) នាយកប្រតិបត្តិក្រុមហ៊ុន ថ្ងៃបាំងឆ័ត្រ (ខេមបូឌា) ឯ.ក. បានថ្លែងថា៖ ថ្ងៃបាំងឆ័ត្រ ជារមណីយដ្ឋានបែបប្រណីតដែល មានទីតាំងស្ថិតនៅឆ្នេរសមុទ្រភាគខាងត្បូងនៃ ប្រទេសកម្ពុជា បានប្រែក្លាយទៅជា “កែបវ៉េស(KEP WEST)”ដែលជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រថ្មីមួយ។កែបវ៉េស ផ្តល់ជូននូវកន្លែងស្នាក់នៅដ៏ប្រណីត ផ្ដល់ជូនអាហារចម្រុះ សកម្មភាពសប្បាយៗ និងកីឡា សិល្បៈនៅលើឆ្នេរខ្សាច់ដែលគេស្គាល់ថាជាឆ្នេរផ្កាថ្ម និង សកម្មភាពជាច្រើនថែមទៀត។
នៅកែបវេសលោកអ្នកក៏នឹងមានឱកាសចូលទស្សនាជាមួយនឹងរមណីយដ្ឋានល្បីមួយដែលមាន ឈ្មោះថា ថ្ងៃបាំងឆ័ត្រ ដែលមានផ្ទះវីឡាចំនួន ៤ ដែលត្រូវបានកែលម្អឡើងវិញ ហើយជាទីតាំង ប្រវត្តិសាស្ត្រ ដែលត្រូវបានប្រែមុខមាត់ទៅជាកន្លែងស្នាក់នៅ និងបន្ទប់សម្រាប់ភ្ញៀវស្នាក់នៅដ៏ ប្រណីត។ រមណីយដ្ឋាននេះផ្ដល់ជូននូវគ្រឿងបរិក្ខារក្នុងបន្ទប់លំដាប់ខ្ពស់ និងបដិសណ្ឋារកិច្ចដែល គ្មានគូប្រៀបផ្ទឹមបានឡើយ។
ទីតាំងនេះ ក៏ជាទីតាំងដែលផ្ដល់ជូននូវមុខម្ហូបចម្រុះដែលមានតាមគ្រប់តម្រូវការរសជាតិរបស់ភ្ញៀវ កិត្តិយសទាំងអស់ផងដែរ។ ភោជនីយដ្ឋាន The Strand Restaurant ជាភោជនីយដ្ឋានពិសេសរបស់ថ្ងៃបាំងឆ័ត ផ្តល់ជូននូវអាហារឈ្ងុយឆ្ងាញ់ដែលប៉ូវដល់សុខភាពនិងឆ្ងាញ់ពិសាដែលបានរៀបចំឡើងដោយប្រើគ្រឿងផ្សំស្រស់ៗ នៅក្នុងខេត្តនោះ។ភោជនីយដ្ឋាន និងបារ Sailing Club Restaurant ផ្ដល់ជូននូវម្ហូបអន្តរជាតិនិងអាហារក្នុងស្រុកនិងជាកន្លែងសុវត្ថិភាពសម្រាប់គ្រួសារដែលមានបរិវេណលេងដល់ទូលំទូលាយសម្រាប់កុមារ។ចំណែកភោជនីយដ្ឋានThe Wave ដែលមានហាងកាហ្វេ Cafe Strand,ហាងអាហារសមុទ្រ Crab & Co និងហាង The Deck ដែលមានបម្រើភេសជ្ជៈនិង ស្រាក្រឡុក។ហាងនីមួយៗមានរសជាតិនិងលក្ខណៈពិសេសខុសប្លែករៀងៗខ្លួន។ The Wave ចាប់បើកពីម៉ោង៧ ព្រឹកតទៅ។ គ្រប់កន្លែងទាំងអស់នឹងបិទនៅម៉ោង១០យប់ នៅថ្ងៃធម្មតាហើយនឹងបើករហូតដល់យប់អាធ្រាត្រនៅថ្ងៃចុងសប្តាហ៍។
លោក ចេហ្វ មូន បានឱ្យដឹងថា៖”កែបវេស” មិនត្រឹមតែជាគោលដៅទេសចរណ៍ពិសាអាហារតាមឆ្នេរខ្សាច់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទី តាំងដែលមានសកម្មភាព និងកីឡាសប្បាយៗផងដែរ។ មជ្ឈមណ្ឌលជិះទូក និងការរុករក ផ្តល់ជូន ភ្ញៀវនូវឱកាសដើម្បីស្វែងរកតំបន់នៅលើគោក និងក្នុងសមុទ្រហើយថែមទាំមានសកម្មភាពជិះ ទូកកម្សាន្តពេលថ្ងៃលិចផងដែរ។ ទីតាំងនេះក៏មានឆ្នេរប្រវែង ២០០ ម៉ែត្រសម្រាប់អ្នកជិះទូក អ្នកហែល ទឹកនិងអ្នកដែលចង់សម្រាកលំហែកាយជាមួយនឹងភេសជ្ជៈផ្លែឈើ ឬការ៉េមផងដែរ។”កែបវ៉េស” ក៏ប្ដេជ្ញាចិត្តលើកស្ទួយសិល្បៈ និងស្ថាបត្យកម្ម ហើយគ្រោងនឹងសាងសង់រូបចម្លាក់ផ្កាថ្មនៅលើឆ្នេរដែលនឹងដើរតួជានិមិត្តរូបការពារសមុទ្រ ទាក់ទាញភ្ញៀវទេសចរ និងផ្សព្វផ្សាយខេត្តកែប ជាគោលដៅទេសចរណ៍វប្បធម៌និងស្ថាបត្យកម្មឆ្នេរសមុទ្រមួយ។
លោកនាយកប្រតិបត្តិ បានបន្តថា”កែបវេស” ត្រូវបានបង្កើតឡើងឱ្យក្លាយជាក្រុមហ៊ុនបដិសណ្ឋារកិច្ច ល្បីល្បាញ ប្រកបដោយភាព ច្នៃប្រឌិត និងសហសម័យ ដោយប្តេជ្ញាចិត្តក្នុងការផ្តល់ជូនអតិថិជននូវបទពិសោធន៍ដ៏ល្អសម្បូរបែប និងរបៀបរស់នៅថ្មីមួយ។យើងមានគោលបំណងស្តារឡើងវិញនូវវប្បធម៌និងសេដ្ឋកិច្ចរបស់ខេត្ត កែបឱ្យរស់ឡើងវិញដោយបម្លែងទីតាំងនេះឱ្យក្លាយជាគោលដៅទេសចរណ៍លំដាប់ខ្ពស់មួយ៕Ph