ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ប្រភពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ប្រធានគ.ជ.បនឹងទទួលជួបឯកអគ្គរាជ
ទូតជប៉ុនប្រចាំកម្ពុជានៅព្រឹកថ្ងៃទី២៧ខែមីនាឆ្នាំ២០២៣ដើមសប្ដាហ៍ក្រោយដើម្បីសម្តែងការគួរសមនិងផ្លាស់ប្តូរយោបល់លើស្ថានភាពទូទៅ នៃការបោះឆ្នោតនៅកម្ពុជា។
ក្នុងសេចក្ដីជូនដំណឹងនៅថ្ងៃទី ២៥ ខែមីនាបានបញ្ជាក់ថា តបតាមសំណើរបស់ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រ កម្ពុជាតាមរយៈកំណត់ទូត ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.បនឹងទទួលជួបលោក អ៊ូអិណុ អាត់ស៊ូស៊ី(UENOAtsushi)ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាដើម្បីសម្តែងការគួរសមនិងផ្លាស់ប្ដូរយោបល់លើស្ថានភាពទូទៅនៃការបោះឆ្នោត នៅកម្ពុជានាថ្ងៃទី២៧ ខែមីនាវេលាម៉ោង ១០ ព្រឹក នៅទីស្តីការ គ.ជ.ប។
ជាការកត់សម្គាល់ប្រទេសជប៉ុនគឺជាប្រទេសដែលគាំទ្រដល់គ.ជ.បក្នុងដំណើរការរៀបចំការបោះឆ្នោត។ជប៉ុនមិនដែលបោះបង់ចោល គ.ជ.ប ទេ ទោះបីជាមានប្រទេសមួយចំនួនពិសេសក្នុងឆ្នាំ ២០១៨ ដូចជា សហភាពអ៊ឺរ៉ុបនិងប្រទេស មួយចំនួនទៀត មិនចូលរួមការបោះឆ្នោត ហើយមានប្រទេសខ្លះបានផ្អាកជំនួយមកគ.ជ.ប ប៉ុន្តែជប៉ុន នៅតែបន្តការជួយមកលើ គ.ជ.ប រហូតមកដល់ពេលនេះ។
បច្ចុប្បន្នប្រទេសជប៉ុនក៏កំពុងជួយគ.ជ.បលើការងារអប់រំការងារបោះឆ្នោតតាមរយៈកម្មវិធីបញ្ជ្រាបការយល់ដឹងពីសារៈសំខាន់នៃការបោះឆ្នោតដែលមកដល់សព្វថ្ងៃនេះធ្វើបានស្ទើរទូទាំងប្រទេស។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ៕សរន