ដោយ៖ ម៉េងឆៃ / ភ្នំពេញ៖ ក្នុងសប្តាហ៍នេះ មានព្រឹត្តិការណ៍ជាតិជាច្រើន បានកើតឡើង ក្នុងនោះ រួមមាន ព្រឹត្តិការណ៍ព្រះអាទិត្យរះ ចំកំពូលប្រាសាទអង្គរវត្ត និងព្រះរាជពិធីព្រះរាជទាន ព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡា ស៊ីហ្គេម ជាដើម។

១- សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាការងារ ដែលត្រូវយកចិត្តទុកដាក់ តាមដានការអនុវត្តជាប្រចាំ

កាលពីថ្ងៃទី២០ មីនា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសដាក់ ឲ្យអនុវត្តន៍នូវកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤។ ក្នុងពិធីនេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់គ្រប់ក្រសួង ស្ថាប័នទាំងអស់ ត្រូវចាត់ទុកការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាការងារ ដែលត្រូវតាមដាន ការអនុវត្តជាប្រចាំ។ សម្តេចតេជោ បានរម្លឹកថា ការធ្វើកំណែទម្រង់ រស់ មិនកែទម្រង់ ស្លាប់។ សម្តេចតេជោ ក៏បានប្តេជ្ញាដាច់ណាត់ ក្នុងការកែទម្រង់ផ្នែកនយោបាយ និងសេដ្ឋកិច្ច ដោយផ្តើមចេញពីកំណែទម្រង់ដីធ្លី ដែលបានធ្វើអោយប្រជាជនកម្ពុជា រស់ និងប្រទេសជាតិ មានការអភិវឌ្ឍន៍ រហូតមកទល់ពេលបច្ចុប្បន្ន។

២- សត្វផ្សោតទន្លេមេគង្គ ១ក្បាល ទម្ងន់ ១៦០គីឡូក្រាម ស្លាប់ ដោយសារ ឧបករណ៍នេសាទមង

នៅដើមសប្តាហ៍នេះ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសពីសត្វផ្សោត ទន្លេមេគង្គ ១ក្បាល ទម្ងន់ ១៦០ គីឡូក្រាម មានអាយុ ប្រមាណ ២០ឆ្នាំ បានស្លាប់ ដោយសារឧបករណ៍នេសាទ មង។ សត្វផ្សោតទន្លេ មេគង្គនេះ បានស្លាប់ ដោយគេប្រទះឃើញ នៅកន្លែងអភិរក្សសត្វផ្សោត កោះកូន សត្វ ក្នុងឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៩ មីនា ឆ្នាំ ២០២៣។ ការពិនិត្យ និងវាយតម្លៃដោយមន្ត្រីជំនាញនៃរដ្ឋបាលជលផល និងអង្គការ WWF បញ្ជាក់ថា សត្វផ្សោត ដែលស្លាប់នេះ មានលេខសម្គាល់០៥៦ ទម្ងន់ ១៦០គីឡូក្រាម ប្រវែង ២,៣៨ម៉ែត្រ មានអាយុប្រមាណ ២០ឆ្នាំ ដែលបាន ស្លាប់ដោយឧបករណ៍នេសាទមង ដោយមានស្នាមរយះ នៅផ្នែកពោះ ស្នាមជាប់មង នៅគល់កន្ទុយ និងព្រុយចំហៀង។ សត្វផ្សោតឈ្មោល ដែលស្លាប់នេះ គឺជាសត្វ ផ្សោតទី១ ដែលបានស្លាប់ ក្នុងឆ្នាំ២០២៣ នេះ។

៣-ភ្ញៀវទេសចរយ៉ាងច្រើនកុះករ ទស្សនាព្រះអាទិត្យរះ ចំកំពូលប្រាសាទ ខណៈភាពអស្ចារ្យនេះ បន្តកើតឡើង រយៈពេល ៣ថ្ងៃ

នៅព្រឹកព្រលឹម ថ្ងៃទី២០ ខែមីនា ភ្ញៀវទេសចរជាតិ-អន្តរជាតិ យ៉ាងច្រើនកុះករ បានទស្សនាព្រះអាទិត្យ រះ ចំកំពូលប្រាសាទ ខណៈភាពអស្ចារ្យនេះ បន្តកើតឡើង រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ មីនា។ ក្រសួងទេសចរណ៍ បានប្រកាសថា នៅឆ្នាំ២០២៣ នេះ បាតុភូតព្រះអាទិត្យរះ ចំកណ្តាលកំពូល ប្រាសាទអង្គរវត្ត អាចនឹងកើតឡើង នៅចន្លោះថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមីនា ចាប់ពីម៉ោង ៥ និង ៣០ នាទីព្រឹក ដល់ម៉ោង ៧ព្រឹក ដែលជារៀងរាល់ឆ្នាំ តែងមានភ្ញៀវទេសចរជាតិ-អន្តរជាតិ រាប់ម៉ឺននាក់ បានចូលរួមទស្សនា និងផ្តិតយក រូបភាពព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។

៤-ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ ប្រកួតកីឡា ស៊ីហ្គេម នៅខែឧសភា

ព្រះមហាក្សត្រកម្ពុជា ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បានសព្វព្រះរាជហឫទ័យ ស្តេចយាងប្រោស ព្រះរាជទានព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ាន ប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។ ពិធីជួបជុំនេះ បានរៀបចំធ្វើ នៅពីមុខប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប ដោយមានការអញ្ជើញ ចូលរួមពីថ្នាក់ដឹកនាំជាតិកំពូលៗ រួមមាន សម្តេចតេជោ ហ៊ុន សែន សម្តេចក្រឡា ហោម ស ខេង និងសម្តេច ទៀ បាញ់ ជាដើម។ តាមរយៈរូបភាពពីព្រះរាជពិធីនេះ ត្រូវបានអ្នកគាំទ្របក្សប្រឆាំង យកទៅបង្ហោះតាមហ្វេសប៊ុក ដោយបំភ្លៃខុសការពិត។ ក្នុងនោះ មានសកម្មជនអ្នកនយោបាយបក្សប្រឆាំង ២នាក់ គឺលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ដែលស្និទ្ធនឹងលោកកឹមសុខា ត្រូវបានចាប់ឃុំខ្លួន ពីបទ ប្រមាថព្រះមហាក្សត្រ និងបទញុះញុងបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខ សង្គម។ នៅថ្ងៃទី២២ មីនា តុលាការ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេច ឃុំខ្លួន ជនទាំងពីរ នៅពន្ធនាគារព្រៃស រង់ចាំការស៊ើបអង្កេត។

៥-សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបរឿងនគរបាល នាំខ្លួនសកម្មជនគំាទ្រ អតីតបក្សប្រឆំាង ២នាក់

ក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតបញ្ចប់ការសិក្សា កាលពីព្រឹកថ្ងៃទី២២ មីនា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នគរបាល ពិតជាបាននាំខ្លួនសកម្មជន គំាទ្រអតីបក្សប្រឆំាង ២រូប គឺលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ពិតមែន។ បើតាមសម្តេចតេជោ ការនាំខ្លួនយុវជនទំាងពីរ មកសួរនាំ ដ្បិតពួកគេមានចេតនា អាក្រក់ មួលបង្កាច់ខុសការពិត គ្មានភស្តុងធ្វើឲ្យប៉ះពាល់ ដល់ព្រះកិត្តិនាម ព្រះមហាក្សត្រ និងកិត្តិយសរបស់នាយករដ្ឋមន្ត្រី។ សម្តេច ហ៊ុន សែន ប្រកាស ច្បាស់ៗថា នឹងមិនអត់អោន អោយឡើយ ហើយក៏មិនទទួលយកការសុំទោស ណាមួយដែរ តែសម្តេចក៏បានសង្កត់ធ្ងន់ដែរថា អ្វីដែលសម្តេចលើកឡើងថ្ងៃនេះ គឺគ្រាន់តែជាការបកស្រាយពីការពិត ឱ្យពលរដ្ឋ បានយល់តែប៉ុណ្ណោះ មិនមែនជា ការជំរុញឲ្យតុលាការ ចោទប្រកាន់ ដាក់ទោសលើអ្នកទាំង ២នោះទេ។ ពោលគឺ អ្វីៗជាការសម្រេចរបស់តុលាការតែប៉ុណ្ណោះ។

៦- សម្ដេចតេជោ ហ៊ុន សែន ឆ្លើយតបទៅក្រុមអ្នកវិភាគមួយចំនួន ពាក់ព័ន្ធរឿង លោក ហ៊ុន ម៉ាណែត ឡើងផ្កាយ ៤

ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត កាលពីថ្ងៃទី២២មីនា សម្តេចតេជោ ក៏បានឆ្លើយ តបទៅក្រុមអ្នកវិភាគមួយចំនួន ពាក់ព័ន្ធរឿងលោក ហ៊ុន ម៉ាណែត ឡើងផ្កាយ ៤។ សម្តេចតេជោ បានពន្យល់ថា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ទំាងអស់ សុទ្ធតែទទួលបានផ្កាយ៤ ដូច្នេះរឿងលោក ហ៊ុន ម៉ាណែត ក្នុងតួនាទីជា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ទទួលបានផ្កាយ ៤ មិនមានរឿងអ្វីចម្លែកនោះទេ។

៧- សម្ដេចក្រឡាហោម ស ខេង ណែនាំអាជ្ញាធរខេត្តជាប់ព្រំដែន ត្រូវពង្រឹងទប់ស្កាត់ និងបង្ក្រាបការចរាចរណ៍គ្រឿងញៀន

រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់ អាជ្ញាធរខេត្ត ជាប់ព្រំដែនទាំងអស់ ត្រូវពង្រឹងទប់ស្កាត់ និងបង្ក្រាបការចរាចរណ៍ ការជួញដូរគ្រឿងញៀន និងសារធាតុ គីមីផ្សំខុសច្បាប់ ដែលឆ្លងកាត់ព្រំដែន ចូលមកកាន់កម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់ បំផុត។ ជាពិសេស បន្តយកចិត្តទុកដាក់ពង្រឹង និងអនុវត្តនូវសកម្មភាព ត្រួតពិនិត្យ លើមធ្យោបាយដឹកជញ្ជូន ការធ្វើដំណើរតាមខ្សែបន្ទាត់ព្រំដែន ដូចដែលបាន និងកំពុងអនុវត្ត សម្រាប់ផែនការប្រតិបត្តិការ។

៨- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជា ជាប្រទេសគំរូ ទទួលបានជោគជ័យ ក្នុងការកាត់បន្ថយអត្រាឈឺ និងស្លាប់ ដោយសារជំងឺរបេង

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសារលិខិតមួយ ក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។ ទិវាពិភពលោកកំចាត់រោគរបេង នៅឆ្នាំនេះ ធ្វើឡើង ក្រោមប្រធានបទ «មែនហើយ! យើងអាចបញ្ចប់ជំងឺរបេងបាន»។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា កម្ពុជា ជាប្រទេសគំរូមួយ ក្នុងចំណោមប្រទេសជាច្រើនទៀត លើពិភពលោក ក្នុងការកាត់បន្ថយអត្រាឈឺ និងស្លាប់ ដោយសារជំងឺរបេង។ ពោលគឺប្រទេសកម្ពុជា បានទទួលជោគជ័យ ក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ សហស្សវត្ស ពាក់ព័ន្ធនឹងការកាត់បន្ថយអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងនេះ មុនកាលកំណត់ ៤ ឆ្នាំឯណោះ ។

៩- កម្ពុជា-ចិន រំពឹងថា សមយុទ្ធនាគមាស ឆ្នាំ២០២៣ នឹងរួមចំណែកគាំទ្រដល់ ដំណើរការទៅមុខ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

កាលពីថ្ងៃទី២៣ មីនា កងទ័ពកម្ពុជា-ចិន បានបើកលំហាត់សមយុទ្ធរួមគ្នា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន របស់កងរាជអាវុធហត្ថ ស្ថិតនៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ តាមរយៈសមយុទ្ធ ដែលបន្តដល់ថ្ងៃទី៨ ខែមេសានេះ កងទ័ពកម្ពុជា -ចិន នឹងចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុងការគាំទ្រដល់ ដំណើរការទៅមុខ នៃភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ក៏ដូចជាការកសាង សហគមន៍វាសនារួម កម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ។

១០- ក្រសួងអប់រំ ប្រកាសឲ្យសិស្សនិសិ្សត ឈប់សម្រាក ចាប់ពីថ្ងៃទី២០មេសា ដល់ថ្ងៃ១៨ឧសភា អំឡុងពេលរៀបចំព្រឹត្តិការណ៍ កីឡាស៊ីហ្គេម

កាលពីថ្ងៃទី២៣មីនា ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការឈប់សម្រាក របស់សិស្ស និសិ្សត ទាំងសាលារដ្ឋ និងសាលាឯកជន គ្រប់កម្រិតទាំងអស់ ចាប់ពី ថ្ងៃទី២០ មេសា ដល់ថ្ងៃ១៨ ឧសភា ក្នុងអំឡុងពេលរៀបចំព្រឹត្តិការណ៍កីឡាអាស៊ី អាគ្នេយ៍ ឬកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

១១-សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារទ្វេភាគី ដាច់ដោយឡែកពីគ្នា ជាមួយរដ្ឋមន្ត្រីការបរទេសដូមីនីក និងប្រធានមូលនិធិ នីប៉ុន

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ បានអនុញ្ញាត អោយរដ្ឋមន្ត្រីការបរទេសដូមីនីក និងប្រធានមូលនិធិ នីប៉ុនរបស់ជប៉ុន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារដាច់ដោយឡែកពីគ្នា។ ជំនួប នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកមិញ ផ្តោតសំខាន់លើការពង្រឹង​ទំនាក់ទំនងទ្វេភាគី ផ្តោតលើវិស័យកសិកម្ម និងនេសាទ កិច្ចសហការលើវិស័យ អប់រំ វិស័យសុខាភិបាល និងការប្រយុទ្ធប្រឆាំងនឹងជំងឺឃ្លង់។

១២- ក្រសួងការបរទេស សម្តែងការខកចិត្ត ចំពោះរបាយការណ៍របស់ក្រសួង ការបរទេសសហរដ្ឋអាមេរិក ស្តីពីស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា ឆ្នាំ២០២២

នៅក្នុងសប្តាហ៍នេះ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ដែលជា ការឆ្លើយតបចំពោះរបាយការណ៍ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ស្តីពី ស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា ឆ្នាំ២០២២។ ក្រសួងការបរទេសកម្ពុជា បានចាត់ ទុកថា របាយការណ៍របស់ក្រសួងការបរទេសអាមេរិក មានលក្ខណៈរើសអើង លម្អៀង និងពុំផ្អែកលើការពិតឡើយ។

១៣- រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អំពាវនាវឱ្យពលរដ្ឋ ប្រើទឹកដោយសន្សំសំចៃ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានប្រកាស អំពាវនាវដល់ពលរដ្ឋ ដែលរស់នៅ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល មេត្តាជួយប្រើប្រាស់ទឹក ដោយសន្សំ សំចៃ ដើម្បីចូលរួមកាត់បន្ថយការខ្វះខាតទឹក នៅតំបន់ជាយរាជធានីភ្នំពេញ។ បច្ចុប្បន្ន មានប្រជាពលរដ្ឋ រស់នៅចំនួន ៣១ សង្កាត់ ក្នុងចំណោម ១១៥ សង្កាត់ នៅភ្នំពេញ កំពុងជួបបញ្ហាខ្វះខាតទឹកស្អាតប្រើប្រាស់ នៅក្នុងរដូវប្រាំង នាឆ្នាំនេះ។ តាមសេចក្តីប្រកាស រហូតដល់ខែឧសភា ទើបការផលិតទឹកស្អាត អាចទប់ទល់នឹង ការប្រើប្រាស់ ហើយរហូតដល់ដើមឆ្នាំ២០២៤ នឹងលែងខ្វះខាតទឹកទៀតហើយ។

១៤-កម្ពុជា នឹងទម្លាក់ទុនប្រមាណ ១០០លានដុល្លារ បន្ថែមទៀត សម្រាប់ផលិតកម្ម ស្រូវ

ក្នុងពិធីបិទសន្និបាតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃ សុក្រ ទី២៤ ខែមីនា សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឱ្យមានការ ស្រាវជ្រាវ ពូជដំណាំនានា ពាក់ព័ន្ធនឹងវិស័យកសិកម្ម ឱ្យស្របជាមួយនឹងការប្រែ ប្រួលអាកាសធាតុ។ សម្ដេចបានផ្ដាំផ្ញើទៅរដ្ឋមន្ត្រីក្រោយៗឬនាយករដ្ឋមន្ត្រីក្រោយៗ ត្រូវរក្សាការពារទីតាំងរបស់វិទ្យាស្ថាន ស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) ឱ្យខាងតែបាន ដោយមិនឱ្យនរណាមកប៉ះពាល់ឡើយ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យផលិតពូជស្រូវសុទ្ធផ្ការំដួល ឱ្យបានគ្រប់ តាមតម្រូវការទីផ្សារទាំង ក្នុងស្រុក និងក្រៅប្រទេស។ សម្ដេចតេជោ ក៏បានជំរុញឱ្យ គ្រប់អាជ្ញាធរខេត្ត យកចិត្តទុកដាក់ខ្ពស់ចំពោះមន្ត្រីជំនាញកសិកម្ម ដែលចុះទៅជួយ នៅតាមមូលដ្ឋានគ្រប់ឃុំទាំងអស់ ធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងប្រជាកសិករ ដើម្បីទទួលបានជំនាញច្បាស់លាស់លើវិស័យកសិកម្ម។ ក្នុងនោះ កម្ពុជានឹងទម្លាក់ ទុនប្រមាណ១០០លានដុល្លារ បន្ថែមទៀត សម្រាប់ផលិតកម្មស្រូវ។ សម្ដេច ក៏បាន ណែនាំឱ្យយកគំរូក្រុមហ៊ុននៅថៃឈ្មោះ CP ដែលចាត់ទុក «កសិករ ជាដៃគូជីវិត និងអ្នកប្រើប្រាស់ ជាចៅហ្វាយ» ។ សម្តេចតេជោ ក៏បានប្រកាសពីគោលបំណងប្រែ ក្លាយកម្ពុជា ជាប្រទេសផលិត និងនាំចេញគ្រាប់ស្វាយចន្ទីធំជាងគេ នៅលើពិភព លោក ខណៈដែលបច្ចុប្បន្ន ការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជា នៅក្រោយ ប្រទេស កូឌីវ័រ តែបន្តិចប៉ុណ្ណោះ៕/V