ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ព្យុះប្រមោយដំរីថ័រណាដូ ឬមហាខ្យល់កួចជាច្រើនបានវាយប្រហាររដ្ឋមីស៊ីស៊ីពី( Mississippi)សហរដ្ឋអាម៉េរិកកាលពីចុងសប្តាហ៍ដោយសម្លាប់មនុស្សយ៉ាងតិច២៦នាក់និងបង្ករបួសស្នាមរាប់សិបនាក់ទៀត ព្រមទាំងបំផ្លាញផ្ទះនិងអាគារជាច្រើនដល់ថ្នាក់អភិបាលទីប្រជុំជនមួយប្រកាសថា« ទីក្រុងរបស់ខ្ញុំរលាយបាត់តាមខ្យល់»។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយមីស៊ីស៊ីពី បាននិយាយតាមសារក្នុងបណ្តាញសង្គមទ្វីតធឺមួយថា ក្រុមស្វែងរកនិងសង្គ្រោះជាច្រើនទៅពីបណ្តាទីភ្នាក់ងារមូលដ្ឋាននិងរដ្ឋត្រូវបានបញ្ជូនទៅជួយជនរងគ្រោះពីព្យុះ។
ទីភ្នាក់ងារនេះក្រោយមកបានបញ្ជាក់ថា មនុស្សស្លាប់ដោយគ្រោះធម្មជាតិនេះកើនដល់២៦នាក់ បួននាក់កំពុងបាត់ខ្លួននិងរាប់សិបនាក់រងរបួស។
សេវាអាកាសធាតុជាតិក្នុងពេលជាមួយគ្នា បានអះអាងថា ព្យុះប្រមោយដំរីមួយបានបង្កការខូចខាតចម្ងាយប្រមាណ៩០គីឡូម៉ែត្រនៅភាគឦសានក្រុងជែកសាន់(Jackson)។ទីប្រជុំជនពីរបីក៏ត្រូវបានគេរាយការណ៍ថារងការបំផ្លាញធ្ងន់ធ្ងរដោយសារព្យុះដែលកំពុងបោះពួយសំដៅទៅកាន់រដ្ឋអាឡាបាម៉ាទាំងយប់ថ្ងៃសៅរ៍។
អភិបាលទីប្រជុំជនរ៉ូលលីង ហ្វក(Rolling Fork)បានប្រាប់សារព័ត៌មានស៊ីអិនអិនថា ទីប្រជុំជនរបស់លោកត្រូវខ្យល់បក់ប៉ើងអស់នៅពេលរូបវីដេអូបង្ហាញផ្ទះត្រូវខ្យល់វាយកំទេចទៅជាគំនរបាក់បែក រថយន្តក្រឡាប់ផ្ងារនិងដើមឈើបាក់មែករលើងគល់។
កាលពីថ្ងៃសុក្រ ការធ្លាក់ភ្លៀងខ្លាំងនៅរដ្ឋមីសួរី(Missouri)ក៏បង្កការជន់លិច ដែលបណ្តាលអោយស្លាប់មនុស្សពីរនាក់ក្រោយរថយន្តរបស់គេត្រូវទឹកបក់នាំយកទៅ៕
ព្យុះប្រមោយដំរីបំផ្លាញទីប្រជុំជនរ៉ូលលីង ហ្វក ទៅជាគំនរផ្ទះបាក់បែកនិងវាលសម្រាម