ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ចំនួនមនុស្សស្លាប់ពីការវាយប្រហាររបស់អាម៉េរិកលើក្រុមដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី ដើម្បីជាការសងសឹកការវាយប្រហារដោយដ្រូនសម្លាប់អ្នកម៉ៅការនិងទាហានអាម៉េរិកនៅស៊ីរីនោះ បានកើនដល់១៩នាក់កាលពីថ្ងៃសៅរ៍ នៅពេលរដ្ឋាភិបាលទីក្រុងដាម៉ាសចោទប្រកាន់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនថាភូតកុហកអំពី«ការវាយប្រហារដ៏សាហាវ»របស់ខ្លួន។
ការវាយប្រហារដោយគ្រាប់រ៉ុក្កែតបន្ថែមដោយពួកជីវពលគាំទ្រដោយអ៊ីរ៉ង់ក៏កើតមានកាលពីយប់ថ្ងៃសុក្រ ជាហេតុនាំអោយយន្តហោះរបស់ក្រុមចំរុះបើកការវាយប្រហារបន្ថែម នេះបើតាមអង្គការសិទ្ធិមនុស្សស៊ីរីមួយ។
អាម៉េរិកបានធ្វើការវាយប្រហារដំបូងបន្ទាប់ពីក្រសួងការពារជាតិរបស់ខ្លួនបាននិយាយថា អ្នកម៉ៅការអាម៉េរិកម្នាក់ត្រូវបានសម្លាប់ និងអ្នកម៉ៅការម្នាក់ទៀតរួមទាំងទាហានអាម៉េរិកប្រាំនាក់រងរបួសដោយដ្រូនដែលមានប្រភពមកពីអ៊ីរ៉ង់លើបន្ទាយកងទ័ពចំរុះដឹកនាំដោយអាម៉េរិកនៅក្បែរទីក្រុងហាសាកេះ(Hasakeh)កាលពីថ្ងៃព្រហស្បតិ៍។
រដ្ឋមន្ត្រីការពារជាតិអាម៉េរិកលោក ឡយ អូស្ទីន បាននិយាយថា តាមការបញ្ជាពីប្រធានាធិបតី ចូ បៃដិន លោកបានបញ្ជាអោយមានការវាយប្រហារដោយសព្វាវុធត្រង់ចំៗគោលដៅ…នៅស៊ីរីខាងកើតលើទីតាំងរបស់ក្រុមដែលមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់។
រដ្ឋាភិបាលស៊ីរី ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ៊ីរ៉ង់ បានចោទប្រកាន់សហរដ្ឋអាម៉េរិកថាភូតកុហកអំពីគោលដៅនៃការវាយប្រហារនេះ ដើម្បីធ្វើអោយការវាយប្រហារឈ្លានពានរបស់ខ្លួនមានភាពត្រឹមត្រូវ។ក្រសួងការបរទេសស៊ីរី បាននិយាយថា« អាម៉េរិកកុហកអំពីទីតាំងដែលត្រូវវាយប្រហារនិងប៉ុនប៉ងធ្វើអោយអំពើឈ្លានពានរបស់ខ្លួនមើលទៅត្រឹមត្រូវ តែវាបានរំលោភអធិបតេយ្យភាពរបស់ស៊ីរី»។
កាលពីថ្ងៃសៅរ៍ អង្គការសិទ្ធិមនុស្សមួយដែលមានមូលដ្ឋាននៅអង់គ្លេស បាននិយាយថា មនុស្ស១៩នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារលើកទីមួយ ក្នុងនេះរួមមានទាហានស៊ីរីបីនាក់ និងសមាជិកក្រុមជីវពល១៦នាក់ដែល១១នាក់ជាជនជាតិស៊ីរី។
ក្រោយការវាយប្រហារ លោកបៃដិនបានព្យាយាមបន្ថយកំដៅ ដោយលោកបាននិយាយថា«អាម៉េរិកមិនស្វះស្វែងរកជម្លោះជាមួយអ៊ីរ៉ង់ទេតែត្រៀមចាត់ការដោយកម្លាំងដើម្បីការពារប្រជាជនរបស់យើង»។
នៅប៉ុន្មានម៉ោងក្រោយអាម៉េរិកវាយប្រហារសងសឹក រ៉ុក្កែតប្រមាណដប់គ្រាប់ត្រូវបានបាញ់ដាក់កងកម្លាំងអាម៉េរិកនិងក្រុមចំរុះនៅមូលដ្ឋានភូមិបៃតងនៅស៊ីរីឦសានតែមិនបង្កអោយរបួសមនុស្សឬការខូចខាតទ្រព្យសម្បត្តិនៅមូលដ្ឋាននេះទេ។
សូមបញ្ជាក់ថា ពួកជីវពលដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់មានវត្តមានក្រាស់ក្រែលនៅពាសពេញស៊ីរី ជាពិសេសនៅម្តុំព្រំដែនជាប់អ៊ីរ៉ាក់ និងខាងត្បូងទន្លេអឺហ្វាត(Euphrates)ក្នុងខេត្តឌែររ៉េ ហ្ស័រ(Deir Ezzor)កន្លែងដែលអាម៉េរិកធ្វើការវាយប្រហារ។
អាម៉េរិកមានទាហានប្រមាណ៩០០នាក់ឈរជើងនៅតាមទីទាំងនៅទូទាំងស៊ីរីភាគឦសានដើម្បីបន្តដាក់សម្ពាធលើសមាសភាពសេសសស់នៃក្រុមរដ្ឋអ៊ីស្លាម ហើយគាំទ្រកងកម្លាំងប្រជាធិបតេយ្យស៊ីរីដឹកនាំដោយជនជាតិឃឺត ដែលគ្រប់គ្រងស៊ីរីភាគឦសានភាគច្រើន។
សូមបញ្ជាក់ថា បុគ្គលិកយោធានិងអ្នកម៉ៅការអាម៉េរិករងការវាយប្រហារជាញឹកញយពីសំណាក់ក្រុមជីវពល ដែលអាម៉េរិកថាគាំទ្រដោយរដ្ឋាភិបាលក្រុងតេអេរ៉ង់។កាលពីខែមករា ដ្រូនវាយប្រហារបីត្រូវបានបង្ហោះសំដៅបន្ទាយអាល់-តាន់ហ្វ៍(Al-Tanf)នៅស៊ីរី ដោយដ្រូនមួយអាចទម្លុះប្រព័ន្ធការពារដែនអាកាសនាំអោយវាផ្ទុះរបួសយុទ្ធជនស៊ីរី ដែលជាសម្ពន្ធមិត្តពីរនាក់។
កាលពីខែសីហាឆ្នាំមុន លោកបៃដិនក៏បានបញ្ជាអោយវាយប្រហារសងសឹកក្រោយដ្រូនជាច្រើនបានវាយប្រហារលើទីតាំងរបស់ក្រុមចំរុះ៕
ក្រសួងការពារជាតិអាម៉េរិកបាននិយាយថា យន្តហោះF-15ពីរគ្រឿងបានធ្វើការវាយប្រហារសងសឹកដោយប្រើគ្រាប់ត្រង់ៗចំគោលដៅ
ពួកយុទ្ធជនស៊ីរីគាំទ្រដោយអ៊ីរ៉ង់ មានការប្រុងប្រយ័ត្នខ្លួនខ្ពស់នៅស៊ីរីខាងកើតកាលពីថ្ងៃសៅរ៍ នៅមួយថ្ងៃក្រោយអាម៉េរិកវាយប្រហារសងសឹក