ដោយៈសុផល/ភ្នំពេញ៖ធនាគារអេស៊ីលីដា ថ្មីៗនេះបានចាប់ផ្ដើមពង្រីកប្រតិបត្តិការទូទាត់ឌីជីថលឆ្លងដែន តាមរយៈការស្កែនកូដ QR ជាមួយនឹងប្រទេសវៀតណាមហើយ បន្ទាប់ពីអនុវត្តប្រតិបត្តិការនេះបានយ៉ាងរលូននៅប្រទេសថៃ នាពេលកន្លងមក។ នេះបើតាមការបញ្ជាក់របស់លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ ធនាគារ អេស៊ីលីដា។
លោកស្រី សុខ សោភា បានមានប្រសាសន៍ឱ្យដឹងទៀតថា៖ឥឡូវនេះ សម្រាប់ការធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ជាមួយការប្រើប្រាស់អេស៊ី លីដាម៉ូបាល លោកអ្នកអាចធ្វើការទូទាត់ថ្លៃទំនិញនិងសេវាកម្មបាននៅគ្រប់ទីកន្លែងនៅទូទាំងប្រទេសវៀតណាម ដែលមានស្លាកសញ្ញា VietQR របស់ធនាគារវៀតណាម Tien Phong Commercial Joint Stock Bank (TPBank) និងឥតគិត ថ្លៃសេវា។
លោកស្រី សុខ សោភា បានបន្តថា« ទៅប្រទេសវៀតណាម ជាមួយអេស៊ីលីដាម៉ូបាល ពិតជាងាយស្រួល ដោយលោកអ្នកអាចទូទាត់ផ្សេងៗ តាម QR Code (Scan QR) បានគ្រប់ទីកន្លែង នៅទូទាំងប្រទេសវៀតណាម ដែលមានស្លាកសញ្ញា VietQR របស់ធនាគារ Tien Phong Commercial Joint Stock Bank (TPBank) ដោយឥតគិតថ្លៃសេវា»។ លោកស្រី នាយិកាបានបន្ថែមទៀតថា លើសពីនេះលោកអ្នកអាច ទូទាត់តាម QR នៅប្រទេសវៀតណាមតាមអេស៊ីលីដាម៉ូបាល ដោយកាត់ប្រាក់ពី គណនីប្រាក់រៀល ដែលទំហំទឹកប្រាក់ទូទាត់កាត់ប្រាក់ពីគណនីវ៉លឡេត ក្នុងមួយថ្ងៃ រហូតដល់ ១២លានរៀលនិងកាត់ប្រាក់ពីគណនីធនាគារ ក្នុងមួយថ្ងៃ រហូតដល់ ៤០ លានរៀល។
គួរជម្រាបថា ធនាគារអេស៊ីលីដា គឺជាធនាគារខ្មែរដំបូងគេ ដែលត្រូវបានអនុញ្ញាតឲ្យមានការទូទាត់តាមប្រព័ន្ធកូដ QR ឆ្លងដែនជាមួយនឹងធនាគានៅក្នុងប្រទេសថៃ ដោយក្នុងនោះ ធនាគារអេស៊ីលីដា និងធនាគារថៃ SCB បានចាប់ដៃគ្នាសម្រេចដាក់ឲ្យដំណើរការប្រព័ន្ធទូទាត់តាម QR ឆ្លងដែននេះតាំងពីខែកុម្ភៈឆ្នាំ២០២០មកម្ល៉េះ។ បន្ទាប់មក ធនាគារអេស៊ីលីដា បានបន្ដពង្រីកសេវាទូទាត់ឆ្លងដែននេះជាមួយនឹងធនាគារថៃជាច្រើនទៀត ដូចជា ធនាគារ Kasikornbank (KBank), ធនាគារ Bangkok, ធនាគារ Krungthai និងធនាគារ Bank of Ayudhyaជាដើម។
ក្រៅតែពីប្រទេសថៃ និងវៀតណាម ធនាគារអេស៊ីលីដា ក៏កំពុងជំរុញការទូទាត់ឌីជីថលឆ្លងដែននេះ ជាមួយនឹងប្រទេសឡាវនិងប្រទេសក្នុងតំបន់អាស៊ានផ្សេងទៀតផងដែរ។
ធនាគារអេស៊ីលីដា គឺជាធនាគារពាណិជ្ជខ្មែរធំជាងគេ និងឈានមុខគេមួយ ដែលបាននិងកំពុងរជំរុញការអភិវឌ្ឍសេវាទូទាត់តាមឌីជីថលឲ្យកាន់តែប្រសើរឡើង និងផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់។ ជាក់ស្ដែង នៅឆ្នាំ២០២២ កន្លងទៅ ការធ្វើប្រតិបត្តិការទូទាត់នានា និងផ្ទេរប្រាក់នៅលើអេស៊ីលីដាម៉ូបាលមានចំនួន ១៣៧លានប្រតិបត្តិការ ក្នុងទំហំទឹកប្រាក់ជិត ១៦០លានដុល្លារ បើធៀបនឹងឆ្នាំ២០២១ ដែលមានត្រឹមតែ ៧៧លានប្រតិបត្តិការ ជាមួយទំហំទឹកប្រាក់ប្រមាណ ៨៨លានដុល្លារប៉ុណ្ណោះ ពោលគឺ ទំហំទឹកប្រាក់ប្រតិបត្តិការនេះ មានការកើនឡើងជាង ៨០% ឯណោះ។ នេះបើតាមការអះអាងរបស់លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ ធនាគារ អេស៊ីលីដា។
លោកស្រី នាយិកា សុខ សោភា បានមានប្រសាសន៍បន្ថែមទៀតថា ៖ជោគជ័យថ្មី របស់ធនាគារ អេស៊ីលីដា ដែលជាសមាជិករបស់បាគង ឥឡូវនេះអតិថិជន-សាធារណជន អាចទូទាត់ប្រាក់រៀលនៅប្រទេសវៀតណាមតាមអេស៊ីលីដាម៉ូបាល ។
លោកស្រីបន្ថែមថា តាមរយៈភាពរីកចម្រើននៃវិស័យនេះ លោកស្រីជឿជាក់ថា នៅឆ្នាំ២០២៣នេះ ប្រតិបត្តិការទូទាត់នានា ក៏ដូចការផ្ទេរប្រាក់តាមរយៈអេស៊ីលីដាម៉ូបាល នឹងកើនឡើង២ ឬ៣ដងឯណោះបើធៀបនឹងឆ្នាំ២០២២ខណៈដែលធនាគារអេស៊ីលីដា នៅតែបន្ដលើកទឹកចិត្តដល់អតិថិជន ឆ្លាតវៃរបស់ខ្លួន ក្នុងការប្រើប្រាស់អេស៊ីលីដាម៉ូបាល ដែលជាសេវាបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ចាំបាច់ និងទំនើបទាន់សម័យសម្រាប់មនុស្សសម័យថ្មី។
គួរបញ្ជាក់ថាគិតត្រឹមខែមីនា ឆ្នាំ២០២៣នេះមានអតិថិជនប្រើប្រាស់អេបអេស៊ីលីម៉ូលបាលរបស់ធនាគារ អេស៊ីលីដាបានកើនឡើងប្រមាណជិត៣លាននាក់៕Ph