ដោយៈសុផល/ភ្នំពេញ៖ “សន្តិភាព គឺជាកត្តាចំបងដែលនាំមកនូវស្ថិរភាពសង្គម នយោបាយ សេដ្ឋកិច្ច»ព្រមទាំងជាមូលដ្ឋានដែលផ្តល់ឱកាសឱ្យប្រទេសយើងអាចផ្តោតអារម្មណ៍ទាំងស្រុង និងប្រើប្រាស់មធ្យោបាយរួម ដើម្បីការអភិឌ្ឍ”។នេះជាការលើកឡើងរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
ក្នុងពិធីសំណេះសំណាលជាមួយគណៈគ្រប់គ្រងនិងថ្លែងបាឋកថាជូនដល់យោធាចារ្យ នាយទាហាន នាយទាហានរង ពលទាហាននិងនិស្សិតនៃសាលានាយកដ្ឋានសកម្ម នៅឃុំដំណាក់រាំង ប្រមាណ ៦០០ នាក់ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺនិងជាប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានគូសបញ្ជាក់ថា៖ពាក្យថា «សន្តិភាព» សាមញ្ញ ងាយស្តាប់ តែមានអត្ថន័យខ្លឹមសារជ្រាល ជ្រៅហើយមានគុណតម្លៃខ្ពស់សម្រាប់ជាតិ និងប្រជាជន។ពេលដែលយើងមានសន្តិភាព យើងអាចនឹងគិតថាសន្តិភាពជារឿងសាមញ្ញ។ ក៏ប៉ុន្តែបើយើងចង់ស្វែងយល់ពីតម្លៃពិតនៃ «សន្តិភាព» ទាល់តែយើងប្រៀបធៀបជាមួយពេលដែលយើងគ្មាន «សន្តិភាព»។
លោក ហ៊ុន ម៉ានី បានបន្តថា៖ពិតណាស់ សន្តិភាពបាននាំមកនូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដែលនាំឱ្យមានការកសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់ បែបយ៉ាង ការធ្វើឱ្យប្រសើរឡើងនូវជីវភាពប្រជាពលរដ្ឋ និងកសាងទំនុកចិត្តសម្រាប់វិនិយោគិន។ ជាមួយនឹងទំនុកចិត្តនេះហើយដែលជាកត្តានាំមកនូវការីកចម្រើនឥតឈប់ឈរ។សត្រូវដ៏ធំរបស់សន្តិភាពនិងស្ថិរភាពនយោបាយមាន២គឺ៖សង្គ្រាម និងការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលតាមវិធីសាស្ត្រ «បដិវត្តពណ៌»។ ទៅថ្ងៃមុខយើងត្រូវគិតអំពីថាតើយើងត្រូវធ្វើដូចម្តេចដើម្បីរក្សា និងបង្កើនតម្លៃនៃសន្តិភាព ធ្វើយ៉ាងណាកុំឲ្យមានវត្តមានសង្គ្រាមនិងបដិវត្តពណ៌នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះ លោកក៏បានគូសបញ្ជាក់ពីភាពចាំបាច់នៃការងារការពារជាតិដែលជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់ៗគ្នាដោយមិនមែនតែជាការងាររបស់កងកម្លាំង ឬជនស៊ីវិល ដាច់ដោយឡែកពីគ្នាឡើយ។ ទន្ទឹមនឹងការលើកឡើងនេះដែរលោកក៏បានធ្វើការចែករំលែកពីគុណតម្លនៃសន្តិភាពដែលស្វែងរកបានដោយការលំបាក ដោយការលះបង់រាប់មិនអស់របស់ថ្នាក់ដឹកនាំនិងភាគីពាក់ព័ន្នទាំងអស់។
ជាមួយគ្នានេះដែរ លោក ហ៊ុន ម៉ានី បានផ្តល់អនុសាសន៍ជូនដល់អង្គសិក្ខាកាម ឱ្យបន្តខិតខំប្រឹងប្រែងស្វែងយល់ឱ្យច្បាស់ពីប្រវត្តិសាស្ត្រដែលកម្ពុជាឆ្លងកាត់ សិក្សាពីភាពប្រទាក់ក្រឡានៃប្រវត្តិសាស្ត្រនោះជាមួយនឹងអ្វីដែលមានក្នុងពេលបច្ចុប្បន្ន និងបន្តការពារសន្តិភាពដើម្បីរក្សានិងធានាអនាគតកម្ពុជាមួយដែលកាន់តែប្រសើរសម្រាប់កូនចៅជាអ្នកជំនាន់ក្រោយ៕Ph