ដោយៈសុផល/កំពត៖ ក្រុមការងារនៃអង្គភាពអនុវត្តគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន (PIU) បានអញ្ជើញចុះត្រួតពិនិត្យបច្ចេកទេសសាងសង់ និងវឌ្ឍនភាពការងារ នៃគម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ពីទីរួមខេត្តកំពត ដល់ច្រកលក។
ការចុះពិនិត្យនេះ មានការចូលរួមពី លោក ទេស តារារ័ត្ន អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាសមាជិក PIU លោក ប៉ាល់ ទិត្យវិរៈ សមាជិក PIU ព្រមទាំងសមាជិកផ្សេងៗទៀត អង្គភាពពាក់ព័ន្ធ និងក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) ផងដែរ។
ការចុះពិនិត្យនាឱកាសនេះ អនុវត្តស្របតាមទិសដៅដែលក្រុមការងារបានរៀបចំឡើង ក្នុងការពិនិត្យលើការងារបច្ចេកទេស និងសុវត្ថិភាពក្នុងការដ្ឋានសាងសង់ ដើម្បីវាយតម្លៃលើវឌ្ឍនភាពការងាររបស់គម្រោងនេះ ធានាឱ្យបានគុណភាពផ្លូវថ្នល់ស្របតាមបទដ្ឋាន សំដៅបម្រើប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ។
ប្រភពក្រសួងសាធារណការ បានឱ្យដឹងថាគិតចាប់ពីបើកការដ្ឋានកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ បច្ចុប្បន្នគម្រោងនេះ សម្រេចលទ្ធផលសាងសង់បានប្រមាណ ១៩ភាគរយ ហើយ គិតត្រឹមថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣កន្លងទៅ៕សរន / N