ដោយៈ វ៉ៃកូ / ស្វាយរៀងៈ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង​តំណាង លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធ ផលនានា នៅវត្តបុសមន ស្ថិតនៅក្នុងឃុំបុសមន ស្រុករំដួល​ ខេត្តស្វាយរៀង ។

ក្នុងឱកាសនេះ លោកអភិបាលខេត្ត បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើ សួរសុខទុក្ខ និងក្ដីនឹករលឹកពីសម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង លោកស្រី កិត្តិសង្គហៈបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារចុះជួយ ខេត្តស្វាយរៀង ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅឃុំបុសមន ក៏ដូចជា នៅទូទាំងស្រុករំដួល ។

លោកបានបន្តថាៈ សមិទ្ធផលដែលកើតឡើង នៅទីវត្តបុសមននេះ គឺមិនមែនកើត ឡើងដោយចៃដន្យនោះទេ នេះក៏ព្រោះតែស្ថានភាព នៃប្រទេសជាតិរបស់យើង ទទួលផលពីផ្លែផ្កា នៃសុខសន្តិភាព និងការអភិវឌ្ឍជាតិ លើគ្រប់វិស័យ ក្រោមការដឹក នាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។​ កត្តាសុខសន្តិភាព និងការអភិវឌ្ឍជាតិ នេះហើយ ដែលបានផ្ដល់ឲ្យប្រជាពលរដ្ឋយើង មានជីវភាពធូរធារឡើង ពីមួយថ្ងៃ ទៅមួយថ្ងៃ នឹងមានលទ្ធភាព កាន់តែខ្ពស់ នៅក្នុងការចូលរួមចំណែក កសាងសមិទ្ធ ផលនានា ទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ ជាក់ស្ដែង សមិទ្ធផលជាច្រើន ដែលបានកើតឡើង នៅក្នុងបរិវេណវត្តបុសមនយើងនេះ គឺទទួលបានពីការចូលរួម វិភាគទាន ដែលជាសិល្បៈ នៃការចែករំលែក របស់សប្បុរសជន និងពុទ្ធបរិស័ទ ទាំងអស់ ទាំងនៅក្នុងមូលដ្ឋានផ្ទាល់ ក៏ដូចជា មកពីទីកន្លែងផ្សេងៗ ។

លោកបានអំពាវនាវទៅកាន់ពិធីនេះ នូវបញ្ហាសំខាន់ៗមួយចំនួន ក្នុងនោះ មានការណែនាំពាក់ព័ន្ធនឹងករណីគ្រឿងញៀន ការគោរពច្បាប់ចរាចរណ៍ ការរួមគ្នាការពារឲ្យបាន នូវសុខសន្តិភាព ថែរក្សាការពារ នូវសមិទ្ធផលនានា ដែលមានស្រាប់ ការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ការចាក់វ៉ាក់ សាំង ទាំងដូសមូលដ្ឋាន និងដូសជំរុញ និងការត្រៀមឯកសារឲ្យបានគ្រប់គ្រាន់ សម្រាប់ការបោះឆ្នោត និងសូមអញ្ជើញទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា។

ជាចុងបញ្ចប់នៃពិធីនេះ​ លោកអភិបាលខេត្ត បានផ្តល់ជូននូវថវិការបស់លោកផ្ទាល់​ និងថវិកាលោកស្រី កិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ ចំនួន ១៥ លានរៀលសម្រាប់ កសាងវត្ត​និងថវិកា ៣.០០០ ដុល្លារ​ សម្រាប់កសាងសាលាបឋមសិក្សា​ ហ៊ុន​ សែន​ បុសមនលេី​ និងអំណោយរបស់លោក សុខ ឥសាន និងលោក យឺន រី និង ក្រុមគ្រួសារ ព្រមទាំងសប្បុរសជន រួមមាន ផ្ដល់ជូនយាយជី តាជី ប្រជាពលរដ្ឋ ប្រជាការពារ និងមេភូមិ អនុភូមិ សមាជិកភូមិ​​,​លោកគ្រូ អ្នកគ្រូ ​១១នាក់ សិស្សានុ សិស្ស យុវជន ស.ស.យ.ក និងយុវជនកាកបាទក្រហម ជាច្រើននាក់៕ V / N