តុលាការ​ថៃ​ចោទប្រកាន់​មនុស្ស​១៥​នាក់ ក្នុងករណី​ក្នុង​រឿងអាស្រូវ​កំណត់​លទ្ធផល​ជាមុន​នៃ​ការប្រកួត​បាល់ទាត់​

3240
ចែករម្លែក

​តុលាការ​ថៃ កាលពី​ថ្ងៃ​ចន្ទ​បាន​ចោទប្រកាន់​កីឡាករ​ចំនួន​១៥​នាក់ អាជ្ញាកណ្តាល​ម្នាក់ និង អាជ្ញា​ខ្សែបន្ទាត់​ម្នាក់​ចំពោះ​ការពាក់ព័ន្ធ​ក្នុងការ​កំណត់​លទ្ធផល​​ជាមុន​នៃ​ការប្រកួត​បាល់ទាត់​នៅ​ថៃ កាលពី​ឆ្នាំមុន​។​

​សេចក្តីប្រកាស​នេះ​ធ្វើឡើង​បន្ទាប់ពី​មានការ​ស៊ើបអង្កេត​ជា​យូរ​មកហើយ​ដែល​គេ​ឃើញ​ជនជាប់ចោទ​ជាច្រើន​នាក់ ត្រូវបាន​ចាប់ខ្លួន និង​ត្រូវបាន​ដោះលែង​​ឱ្យនៅ​ក្រៅ​ឃុំ​។​

​ការិយាល័យ​របស់​អគ្គ​រដ្ឋអាជ្ញា​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​មនុស្ស​១៥​នាក់​នេះ ត្រូវបាន​ចោទប្រកាន់​ពីបទ​រំលោភច្បាប់​កីឡា និង​បទ​ល្មើ​ព្រហ្ម​​ទណ្ឌ​។​

​ទោសកំហុស​នេះ អាច​ជាប់គុក​ពី​១​ឆ្នាំ​ដល់​១០​ឆ្នាំ ឬ​បង់ប្រាក់​ពិន័យ​៦០០.០០០​បាត​(១៨.០០០​ដុល្លារ​) ។ ប៉ុន្តែ អ្នក​ទាំងអស់នេះ បាន​បដិសេធ​ការចោទប្រកាន់​​នេះ ហើយ​តុលាការ​នឹង​កោះប្រជុំ​ដើម្បី​ប្រមូល​ភស្តុតាង​នៅ​ខែកញ្ញា​។ នេះ​បើ​យោងតាម​សេចក្តីបញ្ជាក់​របស់​តុលាការ​។​

​សេចក្តីបញ្ជាក់​នេះ មិនបាន​និយាយ​អំពី​ក្លឹប​បាល់ទាត់​ណាមួយ​ឱ្យ​ជាក់លាក់​នោះទេ​។​

​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន សមាគម​កីឡាបាល់ទាត់​ថៃ (FAT)​បាន​និយាយថា មនុស្ស​១២​នាក់​ត្រូវបាន​ចោទប្រកាន់ថា​បានទទួល​ប្រាក់​ឬ​ផលប្រយោជន៍ ជា​ថ្នូរ​នឹង​​ការធ្វើ​លេង​ចាញ់ ឬក៏​មាន​ឥទ្ធិពល​លើ​អ្នកដទៃ​ដើម្បីឱ្យ​បង់​បោះចោល​គំនិត​ចង់​លេង​យកឈ្នះ​ក្នុងការ​ប្រកួត​នោះ​៕​ដោយ​៖​សុខា​S/N

ពួក​អ្នកគាំទ្រ​បាល់ទាត់​ថៃ គ្រវី​បដា​គាំទ្រ​ក្នុងការ​ប្រកួត​World Cup មួយ កាលពីពេល​កន្លងទៅ​