ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ លោកម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រៃ្តយ៍គណបក្សរាជធានីភ្នំពេញ បានជំរុញអោយសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ត្រូវបំពេញតួនាទីជាយុវជនសរសរទ្រូង ជាទំពាំងស្នងឬស្សី ជាសកម្មជនរបស់គណបក្ស និងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៣ កក្កដា ២០២៣ខាងមុខនេះ ។
នៅព្រឹកថ្ងៃទី២៦ មីនា ឆ្នាំ ២០២៣នេះលោកម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រៃ្តយ៍គណបក្សរាជធានីភ្នំពេញ អញ្ជើញជាអធិបតីភាព ក្នុងពិធីមតិសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកគណបក្សថ្មីចំនួន៥៥០នាក់ របស់សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យនៅមន្ទីរគណបក្សរាជធានីភ្នំពេញ។
ពិធីនេះក៏មានវត្តមាន លោកឃុត ចាន់ដារ៉ា តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ លោកម៉ម ម៉ាលី សមាជិកក្រុមប្រឹក្សារាជធានី និងជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់កាកាបទី១ និងលោកសក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិសែនជ័យចូលរួមផងដែរ។
លោកម៉ប់ សារិន បានមានប្រសាសន៍លើកឡើងថា៖ សមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ដែលត្រូវប្រកាសបញ្ចូលនេះ មានចំនួន៥៥០នាក់ មកពីសង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ។ ដូច្នេះ លោកស្នើអោយប្អូនៗសមាជិកបក្សទាំង៥៥០រូប ខិតខំបំពេញតួនាទី ជាយុវជនសរសរទ្រូង ជាទំពាំងស្នងឬស្សី ជាសកម្មជនរបស់គណបក្ស និងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៣ កក្កដា ២០២៣ ខាងមុខនេះ ដោយសមាជិកម្នាក់ ជាសន្លឹកឆ្នោតមួយសន្លឹករបស់គណបក្សកុំបីខាន។
លោកស្រីទៀប វណ្ណរឿង ប្រធានគណបក្សសង្កាត់ កាកាបទី១ ខណ្ឌពោធិសែនជ័យ ក្នុងឱកាសនោះដែរ ក៏បានអានសេចក្តីសម្រេចយល់ព្រម បញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាសង្កាត់កាកាបទី១ ទាំង ៥៥០រូប ទៅតាមសំណើរបស់សាម៉ីតំណាងដោយកញ្ញាអេង សៀងជូផងដែរ។
គួរបញ្ជាក់ថា ក្រោយបញ្ចប់ការសំណេះសំណាល លោកម៉ប់ សារិន បានឧបត្ថម្ភថវិកា របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជូនប្អូនៗទាំង៥៥០នាក់ ដោយម្នាក់ទទួលបាន២០.០០០រៀលផងដែរ៕/R