ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ប្រទេសហុងឌូរ៉ាស(Honduras)មកពីអាម៉េរិកកណ្តាលបានបង្កើតទំនាក់ទំនងការទូតជាមួយចិនប៉េកាំងកាលពីថ្ងៃអាទិត្យទី២៦មីនាក្រោយផ្តាច់ទំនាក់ទំនងជាមួយកោះតៃវ៉ាន់ ជាហេតុនាំអោយកោះប្រជាធិបតេយ្យមួយនេះកាន់តែឯកោដោយនៅសល់តែរដ្ឋអធិបតេយ្យតែ១៣នៅទទួលស្គាល់រដ្ឋាភិបាលទីក្រុងតៃប៉ិះ រួមទាំងបុរីវ៉ាទីកង់។
រដ្ឋមន្ត្រីការបរទេសចិននិងហុងឌូរ៉ាសបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយនៅក្រុងប៉េកាំង ជាការសំរេចចិត្តមួយដែលក្រសួងការបរទេសចិនអបអរនិងចាត់ទុកជា«ជំរើសត្រឹមត្រូវ»មួយ។
ការបង្កើតទំនាក់ទំនងថ្មីនេះកើតឡើងចំពេលមានភាពតឹនតឹងរវាងរដ្ឋាភិបាលទីក្រុងប៉េកាំងនិងអាម៉េរិក រួមទាំងការអះអាងកម្មសិទ្ធិរបស់ចិនប៉េកាំងលើកោះតៃវ៉ាន់ និងវាបង្ហាញសញ្ញានៃឥទ្ធិពលចិនកាន់តែកើនឡើងនៅអាម៉េរិកឡាទីន។
រូបភាពយកមកពីទូរទស្សន៍ចិន បង្ហាញរដ្ឋមន្ត្រីការបរទេសចិន និងហុងឌូរ៉ាស ចាប់រលាក់ដៃក្រោយពិធីចុះហត្ថលេខាមួយនៅក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យទី២៦មីនា
ទំនាក់ទំនងថ្មីចិន-ហុងឌូរ៉ាស ត្រូវបានប្រកាសឡើងបន្ទាប់ពីរដ្ឋាភិបាលហុងឌូរ៉ាសនិងតៃវ៉ាន់បានធ្វើការប្រកាសផ្សេងគ្នាថាពួកគេផ្តាច់ការទាក់ទងគ្នាហើយ។
ក្រសួងការបរទេសហុងឌូរ៉ាសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលរបស់ខ្លួនទទួលស្គាល់ថា«មានចិនតែមួយនៅក្នុងលោក»និងថារដ្ឋាភិបាលទីក្រុងប៉េកាំងគឺជា«រដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលតំណាងអោយចិនទាំងអស់»។
វាបន្ថែមថា «តៃវ៉ាន់ជាផ្នែកនៃទឹកដីចិន ដែលមិនអាចកាត់ផ្តាច់បានមួយនិងនៅថ្ងៃនេះរដ្ឋាភិបាលហុងឌូរ៉ាសបានជូនដំណឹងទៅតៃវ៉ាន់ថា ខ្លួនផ្តាច់ទំនាក់ទំនងការទូត ដោយមិននៅមានទំនាក់ទំនងផ្លូវការណាជាមួយតៃវ៉ាន់ទេ»។
រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់លោក ចូសេប វូ(Joseph)បានប្រាប់សន្និសីទកាសែតមួយកាលពីថ្ងៃអាទិត្យថា តៃវ៉ាន់បានបញ្ចប់ទំនាក់ទំនងជាមួយហុងឌូរ៉ាសដើម្បី«ការពារអធិបតេយ្យភាពនិងសេចក្តីថ្លៃថ្នូររបស់ខ្លួន»។
លោកវូ បាននិយាយថាហុងឌូរ៉ាសបានស្នើសុំជំនួយរាប់ពាន់លានដុល្លារនិងបានប្រៀបធៀបសំណើរបស់ខ្លួនទៅកាន់ចិនប៉េកាំង។កាលពីពីរសប្តាហ៍មុន រដ្ឋាភិបាលហុងឌូរ៉ាសបានស្វះស្វែងរកប្រាក់២,៤៥ពាន់លានដុល្លារពីតៃវ៉ាន់សំរាប់សាងសង់មន្ទីរពេទ្យមួយនិងទំនប់ទឹកមួយ ហើយសុំលុបចោលបំណុលថែមទៀត។«រដ្ឋាភិបាលនេះបានច្រានចោលជំនួយនិងទំនាក់ទំនងយូរអង្វែងរបស់យើង ហើយបានធ្វើការពិភាក្សាបង្កើតទំនាក់ទំនងការទូតជាមួយចិន។រដ្ឋាភិបាលរបស់យើងមានអារម្មណ៍ឈឺចាប់និងសោកស្តាយ»។
សូមបញ្ជាក់ថា អស់ពេលរាប់ទសវត្សរ៍មកហើយចិនបានបញ្ចូលលុយរាប់ពាន់លានដុល្លារទៅក្នុងគំរោងវិនិយោគហេដ្ឋារចនាសម្ពន្ធនៅទូទាំងអាម៉េរិកឡាទីន។ការវិនិយោគទាំងនោះជួយអោយចិនកាន់តែមានឥទ្ធិពលនិងកើនសម្ពន្ធមិត្ត។
នៅហុងឌូរ៉ាស ចិនសាងសង់ទំនប់វារីអគ្គិសនីមួយតំលៃប្រមាណ៣០០ពាន់លានដុល្លារ ជាលុយបានមកពីរដ្ឋាភិបាលចិន។
ហុងឌូរ៉ាស ជាសម្ពន្ធទីប្រាំបួនដែលរដ្ឋាភិបាលទីក្រុងតៃប៉ិះបានបាត់បង់ទៅខាងរដ្ឋាភិបាលទីក្រុងប៉េកាំងចាប់តាំងពីប្រធានាធិបតីនិយមឯករាជ្យ សាយ អ៊ីងវិន ឡើងកាន់អំណាចដំបូងនៅឆ្នាំ២០១៦៕
រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ ចូសេប វូ និយាយក្នុងសន្និសីទកាសែត ជុំវិញការផ្តាច់ទំនាក់ទំនងជាមួយហុងឌូរ៉ាសកាលពីថ្ងៃ២៦មីនា