ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ ការតវ៉ាប្រឆាំងនឹងកំណែទំរង់សោធននិវត្តន៍នៅបារាំងបណ្តាលអោយមានការពន្យារពេលដំណើរយាងទស្សនកិច្ចរបស់ស្តេចឆាលទីបីនៅបារាំង ដោយវារំលេចអំពីបញ្ហាសន្តិសុខនិងនយោបាយដែលប្រធានាធិបតី អេមម៉ានុយអែល ម៉ាក្រុង កំពុងប្រឈម។
ប្រធានាធិបតីបារាំងបានថ្កោលទោសការផ្ទុះអំពើហិង្សាចុងក្រោយកាលពីយប់ថ្ងៃសុក្រ នៅពេលក្រុមសិទ្ធិមនុស្សមួយបានរិះគន់«ការប្រើកម្លាំងលើសលប់»ដោយប៉ូលីសក្នុងអំឡុងពេលមានបាតុកម្ម។
ម៉ាក្រុងបាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលនឹងមិនឳនក្បាលចំពោះអំពើហិង្សាហើយ«ខ្ញុំថ្កោលទោសអំពើហិង្សានិងគាំទ្រកងកម្លាំងសន្តិសុខ»
ដំណើរយាងទស្សនកិច្ចលើកដំបូងរបស់ស្តេចឆាលក្នុងនាមជាព្រះមហាក្សត្រអង់គ្លេសមានបំណងរំលេចអំពីទំនាក់ទំនងកាន់តែកក់ក្តៅឡើងរវាងអង់គ្លេសនិងបារាំង តែវាបែរជារំលេចអោយឃើញពីភាពធ្ងន់ធ្ងរនៃការប្រឆាំងតវ៉ា ដែលបានញាំញីប្រទេសក្បែរខាងអង់គ្លេសមួយនេះនៅពេលដប់ខែបន្ទាប់ពីលោកម៉ាក្រុងចូលកាន់តំណែងអាណត្តិទីពីរ។
កំហឹងជុំវិញច្បាប់ដំឡើងអាយុចូលនិវត្តន៍ពី៦២ឆ្នាំទៅ៦៤ឆ្នាំ កាន់តែអាក្រក់ឡើងនៅពេលលោកម៉ាក្រុងប្រើអំណាចប្រធានាធិបតីដ៏ប្រទូសរ៉ាយដើម្បីជំរុញច្បាប់នេះកាត់សភាដោយមិនចាំបាច់បោះឆ្នោតកាលពីថ្ងៃ១៦មីនា។
ដោយកូដកម្មថ្មីត្រូវរំពឹងថានឹងធ្វើនៅថ្ងៃអង្គារទី២៨មីនាដែលអាចចំថ្ងៃទីពីរនៃដំណើរយាងទស្សនកិច្ចរបស់ស្តេចឆាល លោកម៉ាក្រុងបានស្នើសុំពន្យារពេលដំណើររបស់ទ្រង់នៅក្នុងទឹកដីបារាំង ។ការិយាល័យរបស់ម៉ាក្រុងបាននិយាយថា ការសំរេចចិត្តនេះត្រូវបាន«ស្វាគមន៍ដោយស្តេចឆាលទីបី ក្នុងលក្ខខណ្ឌដែលឆ្លុះបញ្ចាំងអំពីទំនាក់ទំនងមិត្តភាពរបស់យើង»។
ប៉ូលីសបានធ្វើការចាប់ខ្លួនមនុស្សជាង៤៥០នាក់កាលពីថ្ងៃព្រហស្បតិ៍ និងកម្លាំងសន្តិសុខ៤៤១នាក់បានរងរបួស ក្នុងថ្ងៃហិង្សាបំផុតចាប់តាំងពីការតវ៉ាប្រឆាំងបានចាប់ផ្តើមតាំងពីដើមឆ្នាំមក។
អគ្គិភ័យជាង៩០០លើកត្រូវបានដុតនៅក្នុងនិងជុំវិញទីក្រុងប៉ារីស ដោយពួកបាតុករអនាធិបតេយ្យបានដុតសម្រាមអោយឆេះនិងវាយបំបែកកញ្ចក់ទ្វារកញ្ចក់បង្អួចហាងដែលនាំដល់ការប៉ះទង្គិចជាមួយប៉ូលីសជាញឹកញាប់។តែពួកក្រុមស្តាំ ពួកអ្នកច្បាប់និងក្រុមអ្នកនយោបាយក្រុមឆ្វេង ក៏បានថ្កោលទោសអំពើព្រៃផ្សៃរបស់ប៉ូលីសនៅប៉ុន្មានថ្ងៃចុងក្រោយនេះ។
កាលពីថ្ងៃព្រហស្បតិ៍ មនុស្សជាងមួយលាននាក់បាននាំគ្នាចេញមកដង្ហែរនៅបារាំង។នៅក្រុងប័រដូ ពួកអ្នកប្រឆាំងតវ៉ាបានដុតអោយឆេះក្លោងទ្វារបុរាណមួយ កន្លែងដែលស្តេចឆាលគ្រោងយាងទស្សនកិច្ច។ពួកអ្នកប្រឆាំងតវ៉ា បានគំរាមរារាំងរំខានដំណើរទស្សនកិច្ចនេះ ហើយបណ្តាដងវិថីនៃរដ្ឋធានីបារាំងពោរពេញដោយសម្រាមរាយប៉ាយដោយសារតែអ្នកប្រមូលសម្រាមក៏ចូលរួមកូដកម្មដែរ៕
កម្លាំងសន្តិសុខ៤៤១នាក់បានរងរបួស ក្នុងថ្ងៃហិង្សាបំផុតកាលពីថ្ងៃព្រហស្បតិ៍
បណ្តាដងវិថីនៃរដ្ឋធានីបារាំងពោរពេញដោយសម្រាមរាយប៉ាយដោយសារតែអ្នកប្រមូលសម្រាមក៏ចូលរួមកូដកម្មដែរ
រថយន្តប៉ូលីសត្រូវបានបាតុករដុតបំផ្លាញ