ដោយៈមុនីរ័ត្ន/ភ្នំពេញៈ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បកស្រាយបំភ្លឺ និងបដិសេធទាក់ទងទៅនឹងបុរសម្នាក់ប្រើប្រាស់សារធាតុញៀន បានបង្ហោះវីដេអូក្នុងបណ្តាញសង្គមហ្វេសប៊ុក ចោទប្រកាន់មកលើមន្ត្រីអនុវត្តច្បាប់ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ទាក់ទងនឹងការយកលុយ ជាថ្នូរនឹងការដោះលែងពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ជាការចុះផ្សាយព័ត៌មានមិនពិត។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង២២:២០នាទី កម្លាំងល្បាតនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានប្រទះឃើញឈ្មោះ សុខ កូប ជិះម៉ូតូចេញពីចំណុចសំណង់មិនរៀបរយ ស្ថិតនៅភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។ កម្លាំងល្បាតក៏បានហៅសួរនាំ ដោយសង្ស័យពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសគ្រឿងញៀន ក៏បាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសួរនាំបន្ថែម និងធ្វើតេស្តរកសារធាតុញៀន ជាលទ្ធផល វិជ្ជមានពិតប្រាកដមែន។
បន្ទាប់មកបងប្រុសរបស់ឈ្មោះ សុខ កូប មកធានាយកជនសង្ស័យដើម្បីយកទៅព្យាបាលបន្សាបសារធាតុញៀន និងកែប្រែខ្លួននៅមណ្ឌលស្តានីតិសម្បទារ និងណែនាំអប់រំនៅផ្ទះបន្ថែមទៀត ទើបសមត្ថកិច្ចអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។ សមត្ថកិច្ចមិនបានធ្វើការជំរិតយកលុយពីជនដែលញៀនថ្នាំ ជាថ្នូរនឹងការដោះលែងពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននោះទេ៕ srn / N