ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រជាជន​អ៊ីស្រាអែល​រាប់​ម៉ឺន​នាក់​បាន​សម្រុក​ដង្ហែ​តាម​ដងផ្លូវ​នៃ​ទីក្រុង​នានា​ទូទាំង​ប្រទេស​កាលពី​យប់​ថ្ងៃអាទិត្យ​ទី​២៦​មីនា​ក្នុង​ការផ្ទុះ​កំហឹង​ដោយ​ឯកឯង បន្ទាប់​ពី​នាយករដ្ឋមន្ត្រី បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ (Benjamin Netanyahu)​បណ្តេញ​រដ្ឋមន្ត្រី​ការពារជាតិ​របស់​គាត់​ភ្លាមៗ​សម្រាប់​ការ​ជំទាស់​នឹង​ផែនការ​កែប្រែ​ប្រព័ន្ធ​តុលាការ​របស់​មេ​ដឹក​​នាំ​អ៊ីស្រាអែល​រូបនេះ​។​

​ក្រុម​បាតុករ​នៅ​ទីក្រុង​តែ​ល​អា​វី​វ (Tel Aviv)​បាន​បិទផ្លូវ​ហាយវេ​ដ៏​សំខាន់​មួយ​និង​ដុត​ភ្នក់ភ្លើង​ធំៗ​ជាច្រើន​កន្លែង​ខណៈ​ប៉ូលិស​បាន​ប៉ះទង្គិច​ជាមួយ​ក្រុម​បាតុករ​ដែល​ប្រមូលផ្តុំ​គ្នា​នៅ​ខាងក្រៅ​ផ្ទះ​​ឯកជន​របស់​លោក​ណេ​តាន់​យ៉ា​ហ៊ូ​ក្នុង​ទីក្រុង​ហ្ស៊េ​រុយ​សាឡិម​។​

​ភាពចលាចល​នេះ​កាន់តែ​ធ្វើឱ្យ​ផុង​ជម្រៅ​នូវ​វិបត្តិ​ជា​ច្រើន​ខែ​ជុំវិញ​ផែនការ​របស់​លោក​ណេ​តាន់​យ៉ា​ហ៊ូ​ក្នុង​ការរុះរើ​ប្រព័ន្ធតុលាការ ដែល​បាន​បង្ក​ឱ្យមាន​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​ជាហេតុ​នាំ​ឱ្យ​មាន​ការបារម្ភ​​ពី​សំណាក់​មេដឹកនាំ​អាជីវកម្ម​និង​អតីត​ប្រធាន​សន្តិសុខ និង​ទាក់ទាញ​ការព្រួយបារម្ភ​ពី​សហរដ្ឋ​អាម៉េរិក​និង​សម្ពន្ធមិត្ត​ជិតស្និទ្ធ​ផ្សេងទៀត​។​

​ការបណ្តេញ​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ លោក យ៉ូវ ហ្គាលែ​ន (Yoav Gallant)​បានបង្ហាញ​សញ្ញា​ថា​នាយក​រដ្ឋមន្ត្រី​និង​សម្ពន្ធមិត្ត​របស់គាត់​នឹង​នឹង​សម្រុក​ធ្វើ​ផែនការ​ផ្លាស់ប្តូរ​របស់​គាត់​នៅ​សប្តាហ៍​​នេះ​។ លោក​ហ្គាលែ​ន​បាន​ក្លាយ​ជា​សមាជិក​ជាន់ខ្ពស់​ដំបូង​គេ​នៃ​គណបក្សកាន់អំណាច លីឃុត (Likud) ដែល​ចេញ​មុខ​ប្រឆាំង​នឹង​ការកែ​ប្រព័ន្ធតុលាការ ដោយ​និយាយ​ថា​ការបែកបាក់​ដ៏​ជ្រៅ​នេះ​​កំពុង​គំរាម​ធ្វើឱ្យ​យោធា​ចុះខ្សោយ​។​

​ប៉ុន្តែ​ខណៈ​ក្រុមអ្នកតវ៉ា​បាន​ជោរជន់​ពេញ​ដងផ្លូវ​រហូតដល់​យប់​ជ្រៅ ក្រុម​រដ្ឋមន្ត្រី​របស់​បក្សលី​ឃុត​បាន​ចាប់ផ្តើមបង្ហា​ញ​ឆន្ទៈ​ក្នុង​ការផ្អាក​ការអនុវត្ត​ផែនការ​។ រដ្ឋមន្ត្រីក្រសួង​វប្បធម៌ លោក មី​ក​គី ហ្សូ​ហា (Micky Zohar)​ជា​មនុស្ស​ជំនិត​របស់​លោក​ណេ​តាន់​យ៉ា​ហ៊ូ បាន​និយាយថា គណបក្ស​នឹង​គាំទ្រ​គាត់ ប្រសិនបើ​គាត់​សម្រេចចិត្ត​ផ្អាក​ការកែប្រែ​ប្រព័ន្ធតុលាការ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីស្រាអែល​បាន​និយាយថា មេដឹកនាំ​ក្នុង​ក្រុម​ចម្រុះ​របស់​លោក​ណេ​តាន់​យ៉ា​ហ៊ូ​នឹង​ជួប​គ្នា​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​។ នៅ​រសៀល​ថ្ងៃ​ចន្ទ ចលនា​តវ៉ា​ដ៏​ធំ​នេះ​និយាយថា ខ្លួន​នឹង​ធ្វើ​មហា​បាតុកម្ម​មួយទៀត​នៅ​ខាងក្រៅ​វិមាន Knesset ឬ​វិមាន​សភា​ក្នុង​ក្រុង​ហ្ស៊េ​រុយ​សាឡិម​៕

ប្រជាជន​អ៊ីស្រាអែល​តវ៉ា​ទូទាំង​ប្រទេស​រហូត​ដល់​យប់​ជ្រៅ​ថ្ងៃអាទិត្យ​ក្រោយ​នាយករដ្ឋមន្ត្រី​ដក​រដ្ឋមន្ត្រី​ការពារ​ជាតិ​រឿង​កែ​ប្រព័ន្ធតុលាការ

​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ លោក យ៉ូវ ហ្គាលែ​ន​