ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ យោធាកូរ៉េខាងត្បូងនិយាយថា ខ្លួនបានរកឃើញសញ្ញាដែលថាកូរ៉េខាងជើងបាញ់មីស៊ីលផ្លោងយ៉ាងតិចមួយគ្រាប់ឆ្ពោះទៅកាន់សមុទ្រភាគខាងកើតរបស់ខ្លួន ដោយបន្ថែមទៅលើការសាកល្បងអាវុធជាញឹកញាប់នាពេលថ្មីៗនេះខណៈសហរដ្ឋអាម៉េរិកបង្កើនសមយុទ្ធយោធារបស់ខ្លួនជាមួយកូរ៉េខាងត្បូងដើម្បីទប់ទល់នឹងការគំរាមកំហែងខ្លាំងឡើងពីសំណាក់កូរ៉េខាងជើង។
អគ្គសេនាធិការចម្រុះរបស់រដ្ឋាភិបាលក្រុងសេអ៊ូលកាលពីថ្ងៃចន្ទទី២៧មីនាមិនបានបញ្ជាក់ភ្លាមៗថាតើមីស៊ីលនោះហោះបានចម្ងាយប៉ុន្មានឬទៅដល់ទីណានោះទេ។ ឆ្មាំសមុទ្រជប៉ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មីស៊ីលនេះត្រូវគេជឿថាបានធ្លាក់រួចទៅហើយ។
ការបាញ់នេះគឺជាព្រឹត្តិការណ៍បាញ់មីស៊ីលលើកទីប្រាំពីររបស់កូរ៉េខាងជើងក្នុងខែនេះខណៈប្រទេសនេះបង្កើនការសម្ញែងសាច់ដុំយោធារបស់ខ្លួននៅក្នុងការឆ្លើយតបចំពោះសមយុទ្ធយោធាអាម៉េរិក-កូរ៉េខាងត្បូង។
ក្រុមសម្ពន្ធមិត្តកាលពីសប្តាហ៍មុនបានបញ្ចប់សមយុទ្ធរយៈពេល ១១ ថ្ងៃ ដែលរួមបញ្ចូលទាំងការហ្វឹកហ្វឺនលើទីលានដ៏ធំបំផុតរបស់ពួកគេក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះប៉ុន្តែកូរ៉េខាងជើងរំពឹងបង្កើនសកម្មភាពបាញ់សាកល្បងអាវុធរបស់ខ្លួនបន្ថែមទៀត ខណៈសហរដ្ឋអាម៉េរិកគ្រោងនឹងបញ្ជូននាវាផ្ទុកយន្តហោះនៅប៉ុន្មានថ្ងៃខាងមុខសម្រាប់សមយុទ្ធរួមគ្នាមួយផ្សេងទៀតជាមួយកូរ៉េខាងត្បូង។
កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងនិងមីស៊ីលនាំផ្លូវជាង ២០ គ្រាប់នៅទូទាំងព្រឹត្តិការណ៍បាញ់សាកល្បងទាំង ១១ ក្នុងឆ្នាំនេះខណៈខ្លួនព្យាយាមបង្ខំឱ្យសហរដ្ឋអាម៉េរិកទទួលយកឋានៈនុយគ្លេអ៊ែររបស់ខ្លួន និងចរចាដកទណ្ឌកម្មចេញ។
ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងក្នុងខែនេះរួមមានការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបបណ្តែតមួយគ្រាប់និងមីស៊ីលរយៈចម្ងាយខ្លីជាច្រើនគ្រាប់ដែលមានបំណងពន្លិចប្រព័ន្ធការពារអាកាសរបស់កូរ៉េខាងត្បូង ខណៈខ្លួនព្យាយាមបង្ហាញពីសមត្ថភាពធ្វើការវាយប្រហារនុយគ្លេអ៊ែរលើកូរ៉េខាងត្បូងនិងដីគោកអាម៉េរិក៕
ទាហានកូរ៉េខាងត្បូងមើលភាគីកូរ៉េខាងជើងពីប៉ុស្តិ៍សង្កេតមួយក្នុងស្រុកប៉ាជូ កូរ៉េខាងត្បូង ជិតព្រំដែនជាមួយកូរ៉េខាងជើង កាលពីថ្ងៃសុក្រ ទី ២៤ ខែមីនា ឆ្នាំ ២០២៣