ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី២៩ មីនា ខាងមុខនេះ ក្រុមបាល់ទះ ជម្រើសជាតិកម្ពុជា នឹងធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមព្រឹត្តិការណ៍ Three Nation Volleyball Cup 2023។
ព្រឹត្តិការណ៍នេះ នឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី២៩ មីនា ដល់ថ្ងៃទី១ មេសា ដោយមានប្រទេសចំនួន ៣ ចូលរួម គឺក្រុមម្ចាស់ផ្ទះម៉ាឡេស៊ីកម្ពុជា និងសឹង្ហបូរី។ ក្រុមជម្រើសជាតិកម្ពុជា ក៏នឹងត្រៀមប្រកួត នៅក្នុងកម្មវិធី Tri-Nation Volleyball Cup 2023 ទៀតផង។
សម្រាប់កម្មវិធីនៃការប្រកួតនោះ កម្ពុជា នឹងជួបប្រកួតជាមួយម្ចាស់ផ្ទះម៉ាឡេស៊ី ក្រុម A នៅវេលាម៉ោង ៩និង៣០ នាទី យប់ថ្ងៃទី២៩មីនា ប្រកួតជាមួយសឹង្ហបូរី នៅវេលាម៉ោង ៧និង៣០នាទី យប់ថ្ងៃទី៣០ មីនា។ ចុងក្រោយ នៅថ្ងៃទី៣១ មីនា កម្ពុជា នឹងលេងមួយប្រកួតទៀត ជាមួយម៉ាឡេស៊ី ក្រុម B ។
ក្រុមកម្ពុជា គឺជាក្រុមដែលត្រៀមចូលរួម ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ហើយក៏ជាក្រុម ដែលបានមេដាយសំរិទ្ធ នាស៊ីហ្គេមលើកទី៣១ នៅវៀតណាមដែរ។
មួយរយៈនេះ ក្រុមបាល់ទាត់កម្ពុជា ហាក់ដូចជាមានការរីកចម្រើនខ្លាំង ព្រោះក្នុង ការប្រកួតជាមិត្តភាពកន្លងមក កម្ពុជាឈ្នះក្រុមជម្រើសជាតិសឹង្ហបូរី ឈ្នះក្រុមជម្រើស យុវជនគុយបា និងលេង២ប្រកួត ជាមួយក្រុមជម្រើសអាយុក្រោម ១៩ ឆ្នាំ បារាំង ដោយឈ្នះមួយជើងម្នាក់៕/V-PC