ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ អង្គការណាតូកាលពីថ្ងៃអាទិត្យបានរិះគន់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីនចំពោះអ្វីដែលសម្ពន្ធភាពយោធាលោកខាងលិចនេះហៅថាសម្តីអំពីនុយគ្លេអ៊ែរបែប«មិនទទួលខុសត្រូវនិងដ៏គ្រោះថ្នាក់» នៅមួយថ្ងៃបន្ទាប់ពីមេដឹកនាំរុស្ស៊ីរូបនេះបាននិយាយថាលោកមានផែនការដាក់តាំងសព្វាវុធនុយគ្លេអ៊ែរកលយុទ្ធនៅបេឡារូស។
លោកពូទីន បានប្រដូចចំណាត់ការរបស់លោកទៅនឹងអាម៉េរិកដែលដាក់សព្វាវុធនុយគ្លេអ៊ែរនៅអឺរ៉ុប និងថារុស្ស៊ីនឹងមិនរំលោភការសន្យាស្តីពីការមិនរីកសាយនុយគ្លេអ៊ែរទេ។
ទោះជារឿងថ្មី តែវាជាផែនការមួយដែលលោកពូទីនបានអោយសញ្ញាចាប់តាំងពីពេលរុស្ស៊ីចាប់ផ្តើមចូលឈ្លានពានអ៊ុយក្រែនកាលពី១៣ខែមុន ហើយអ៊ុយក្រែនបានអំពាវនាវអោយមានកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខបន្ទាន់លើបញ្ហានេះ។
អាម៉េរិក ដែលជាមហាអំណាចនុយគ្លេអ៊ែរកំពូលលើលោក បាននិយាយសម្រាលការព្រួយបារម្ភអំពីការប្រកាសរបស់ពូទីន តែណាតូបាននិយាយថា ការសន្យារបស់រុស្ស៊ីស្តីពីការមិនរីកសាយសព្វាវុធនុយគ្លេអ៊ែរនិងការពណ៌នារបស់លោកអំពីការដាក់សព្វាវុធនុយគ្លេអ៊ែររបស់អាម៉េរិកនៅបរទេសជា«ការមិនត្រឹមត្រូវ»។
អ្នកនាំពាក្យណាតូបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃអាទិត្យថា «ការនិយាយយោងរបស់រុស្ស៊ីថាណាតូចែករំលែកនុយគ្លេអ៊ែរអាម៉េរិកជាការមិនពិតទាំងស្រុង។សម្ពន្ធមិត្តណាតូប្រព្រឹត្តជាមួយនឹងការគោរពការប្តេជ្ញាអន្តរជាតិទាំងស្រុង។រុស្ស៊ីរំលោភការប្តេជ្ញាចិត្តរបស់ខ្លួនស្តីពីការគ្រប់គ្រងអាវុធ»។
ក្នុងពេលជាមួយគ្នា ទីប្រឹក្សាសន្តិសុខកំពូលមួយរូបរបស់ប្រធានាធិបតីអ៊ុយក្រែនបាននិយាយថាផែនការរបស់រុស្ស៊ីក៏នឹងធ្វើអោយបេឡារូសបាត់ស្ថិរភាពនិងថាធ្វើអោយបេឡារូសក្លាយជា«ចំណាប់ខ្មាំង»របស់រដ្ឋាភិបាលទីក្រុងមូស្គូ។
អាម៉េរិកនិងណាតូបាននិយាយថា ព័ត៌មានស្តីពីរុស្ស៊ីប្រុងដាក់សព្វាវុធនុយគ្លេអ៊ែរនៅបេឡារូសនឹងមិនប៉ះពាល់ស្ថានភាពនុយគ្លេអ៊ែររបស់ខ្លួនទេហើយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនទំនងជាមិនមើលឃើញឳកាសដែលរុស្ស៊ីប្រើនុយគ្លេអ៊ែរលើអ៊ុយក្រែនដែរ។
ទោះជាយ៉ាងណា ក្រសួងការបរទេសអ៊ុយក្រែនបានកោះប្រជុំពិសេសរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្រោយពូទីនប្រកាសដូច្នេះនិងបានស្នើសុំសហគមន៍អន្តរជាតិ«ចាត់វិធានការដាច់ខាត»ដើម្បីរារាំងកុំអោយរុស្ស៊ីប្រើសព្វាវុធនុយគ្លេអ៊ែរ៕
ពូទីន បាននិយាយថា ប្រធានាធិបតីបេឡារូស បានស្នើសុំយូរមកហើយអោយរុស្ស៊ីដាក់សព្វាវុធនុយគ្លេអ៊េរនៅក្នុងប្រទេសរបស់លោក