ប្រែសម្រួលៈបំណង(អេសៀវ័ន)៖ រុស្ស៊ីនិងចិនមិនបានបង្កើតសម្ពន្ធភាពយោធាណាមួយជាមួយគ្នា ហើយកិច្ចសហការរវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ«មានតម្លាភាព» នេះបើតាមការលើកឡើងរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីនកាលពីថ្ងៃអាទិត្យទី២៦មីនា នៅប៉ុន្មានថ្ងៃក្រោយពីប្រធានាធិបតីចិនបានទៅធ្វើទស្សនកិច្ចវិមានក្រឹមឡាំង។
ពូទីន និងសមភាគីចិន ស៊ី ជីនពីង បានអះអាងអំពីមិត្តភាពនិងបានសន្យាបង្កើតទំនាក់ទំនងជិតស្និទ្ធឡើង រួមទាំងក្នុងវិស័យយោធាក្នុងអំឡុងជំនួបកំពូលរបស់លោកទាំងពីរកាលពីថ្ងៃ២០-២១មីនានៅពេលរុស្ស៊ីកំពុងជាប់ធ្វើសង្គ្រាមនៅអ៊ុយក្រែន ជាមួយអ្វីដែលមន្ត្រីរុស្ស៊ីអះអាងថាជាមួយ«កងកម្លាំងណាតូ»។
ពូទីនបាននិយាយក្នុងការចាក់ផ្សាយក្នុងទូរទស្សន៍ថា«យើងមិនបង្កើតសម្ពន្ធភាពយោធាជាមួយចិនទេ ។បាទ យើងមានកិច្ចសហការក្នុងវិស័យយោធានិងបច្ចេកទេស។យើងមិនលាក់លៀមទេលើរឿងហ្នឹង។គ្រប់យ៉ាងមានតម្លាភាព គ្មានអ្វីជាការសម្ងាត់ទេ»។
សូមបញ្ជាក់ថា ចិននិងរុស្ស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ«គ្មានព្រំដែន»មួយកាលពីដើមឆ្នាំ២០២២ នៅពេលតែប៉ុន្មានសប្តាហ៍មុនលោកពូទីនបើកប្រតិបត្តិការយោធាពិសេសចូលអ៊ុយក្រែន។រដ្ឋាភិបាលទីក្រុងប៉េកាំងអត់ធ្មត់មិនរិះគន់ការសំរេចចិត្តរបស់ពូទីនថាជាការឈ្លានពានប្រទេសក្បែរខាងនិងជំរុញផែនការសន្តិភាពមួយសំរាប់អ៊ុយក្រែន។ទោះជាយ៉ាងណា សំណើស្វែងរកសន្តិភាពរបស់ចិនត្រូវលោកខាងលិចដឹកនាំដោយអាម៉េរិកមិនទទួលស្វាគមន៍ដោយសារតែភាពជិតស្និទ្ធរវាងចិននិងរុស្ស៊ី។
មន្ត្រីអាម៉េរិកកាលពីពេលថ្មីៗក៏បានសម្តែងការសង្ស័យថា ចិនកំពុងពិចារណាផ្តល់សព្វាវុធដល់រុស្ស៊ី តែចិនបដិសេធ។
កាលពីថ្ងៃ២៤មីនា ប្រធានាធិបតីអាម៉េរិកលោកចូ បសដិន បាននិយាយថា ចិននៅមិនទាន់ផ្តល់សព្វាវុធសំខាន់ណាទៅអោយរុស្ស៊ីនៅឡើយទេសំរាប់សង្គ្រាមនៅអ៊ុយក្រែន។លោកបាននិយាយក្នុងសន្និសីទកាសែតជាមួយនាយករដ្ឋមន្ត្រីកាណាដាថា «ខ្ញុំបានឮអស់បីខែមកហើយអំពីចិនប្រុងផ្តល់អាវុធទៅអោយរុស្ស៊ី តែរហូតដល់ពេលនេះពួកគេនៅមិនទាន់ធ្វើវានៅឡើយទេ តែមិនមានន័យថាពួកគេនឹងមិនធ្វើវាទេ។ទោះជាយ៉ាងណា នៅមិនទាន់នៅឡើយទេរហូតពេលនេះ»។
លោកពូទីន ក៏បានច្រានចោលការលើកឡើងដែលថា ទំនាក់ទំនងរបស់រុស្ស៊ីជាមួយចិនលើវិស័យសំខាន់ៗដូចជាថាមពលនិងហិរញ្ញវត្ថុ មានន័យថារុស្ស៊ីកាន់តែពឹងលើចិនដោយលោកថាទាំងនេះជាទស្សនៈចេញមកពីក្រុមពួកច្រណែន។លោកថា«អស់ពេលរាប់ទសវត្សរ៍មកហើយ ពួកគេចង់អោយចិនប្រឆាំងសហភាពសូវៀតនិងរុស្ស៊ីឬរុស្ស៊ីប្រឆាំងចិន ។យើងដឹងអំពីពិភពដែលយើងរស់នៅ។យើងពិតជាអោយតំលៃទំនាក់ទំនងទៅវិញទៅមករបស់យើងនិងកំរិតដែលវាឈានដល់នៅប៉ុន្មានឆ្នាំថ្មីៗនេះ»។
ពូទីន ក៏បានរិះគន់អាម៉េរិកនិងណាតូថាស្វះស្វែងបង្កើតសម្ពន្ធភាពយោធាសកលថ្មីមួយ ដែលលោកបាននិយាយថា វាស្មើនឹងសម្ពន្ធភាពសង្គ្រាមលោកលើកទីពីររវាងអាល្លឺម៉ង់ណាស៊ី ពួកហ្វាស៊ីសអ៊ីតាលីនិងចក្រពត្តិជប៉ុន។
ពូទីន បានចុចឈ្មោះប្រទេសអូស្ត្រាលី នូវែលសេឡង់និងកូរ៉េខាងត្បូងថាកំពុងស្ថិតក្នុងជួរចូលរួមក្នុងសម្ពន្ធភាព«ណាតូថ្មី»មួយ និងបានយោងដល់កិច្ចព្រមព្រៀងយោធាមួយរវាងអង់គ្លេសនិងជប៉ុននៅឆ្នាំនេះ។ថាលោក «ហេតុអ៊ីចឹងហើយបានជាពួកអ្នកវិភាគលោកខាងលិច…និយាយថាលោកខាងលិចចាប់ផ្តើមសម្ពន្ធភាពថ្មីមួយ ស្រដៀងគ្នានឹងសម្ពន្ធភាពមួយដែលត្រូវបានបង្កើតឡើងក្នុងទសវត្សរ៍ឆ្នាំ១៩៣០ដោយរបបហ្វាស៊ីអាល្លឺម៉ង់និងអ៊ីតាលី រួមជាមួយពួកចក្រពត្តិនិយមជប៉ុន»។
សូមរំលឹកថា ប្រមុខអង្គការណាតូបានទៅធ្វើទស្សនកិច្ចជប៉ុននិងកូរ៉េខាងត្បូងនៅពេលមុននេះក្នុងឆ្នាំ២០២៣និងបានបញ្ជាក់អំពីសារសំខាន់ដែលសម្ពន្ធភាពយោធាណាតូធ្វើការជិតដិតជាមួយដៃគូនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក៕
ពូទីនបានពណ៌នាចំណាត់ការរបស់រុស្ស៊ីនៅអ៊ុយក្រែនថាជាការវាយរុញច្រានដើម្បីការពារខ្លួនមួយប្រឆាំងនឹងលោកខាងលិចដែលមានចិត្តបង្ករឿងនិងឈ្លានពាន ដោយប្រដូចវាទៅនឹងការប្រយុទ្ធរបស់រុស្ស៊ីប្រឆាំងកងកម្លាំងណាស៊ីអាល្លឺម៉ង់ក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ