ដោយ៖ សុខុម / ស្ទឹងត្រែង៖ កម្លាំងសមត្ថកិច្ចចម្រុះ បានឃាត់ខ្លួនជនជាតិឡាវចំនួន ពីរនាក់ ដោយដកហូតបានថ្នាំញៀន ចំនួ ១៣កញ្ចប់ធំនៅវេលាម៉ោង ៧និង០៥ នាទី ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅចំណុចស្ពានទី២ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

មន្ត្រីប្រតិបត្តិការ បានប្រាប់ឲ្យដឹងថាៈ ជនសង្ស័យជនជាតិឡាវ ចំនួន ពីរនាក់បានបើករថយន្ត ពណ៌ខ្មៅ ពាក់ស្លាកលេខឡាវ ឆ្លងកាត់ច្រករបៀងចូលមកទឹកដី ខេត្តស្ទឹងត្រែង នៃកម្ពុជា។ ឃើញរថយន្តឡាវ ដូចខាងលើនេះ កម្លាំងនគរបាល ប្រចាំច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ក៏បានឃាត់សាកសួរ ត្រួតពិនិត្យលិខិតឆ្លងដែន ពេលសមត្ថកិច្ច ពិនិត្យមើលនៅក្នុងរថយន្ត មានធុងពណ៌បៃតងដាក់ (កាកស្ករ) មួយកំណាត់លើ និងបិទសន្ទះពីរ ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច។ សមត្ថកិច្ចសង្ស័យ បទល្មើសគ្រឿងញៀន ក៏បានសម្រេចកាត់ធុងចេញ ស្រាប់តែឃើញកញ្ចប់ថ្នាំញៀន បង្កប់ជាមួយដីខ្សាច់ ចំនួន ១៣ កញ្ចប់ធំ អាចនឹងមានទម្ងន់ ១៣ គីឡូក្រាម។

ពេលឃើញវត្ថុតាងបែបនេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនជាតិឡាវ ទាំងពីរនាក់ និងដករហូតរថយន្តមួយគ្រឿង ភ្លាមតែម្ដង។ជនសង្ស័យទី១ ឈ្មោះ កែវ គង់មឿង ភេទប្រុស អាយុ ២៣ ឆ្នាំ កើតនៅភូមិចមកែវ ស្រុកកៃសន ខេត្តសុវណ្ណខេត្ត និង ទី២ ឈ្មោះណុក សុវណ្ណសាម ភេទប្រុស អាយុ ២០ ឆ្នាំ កើតនៅភូមិណាសៃ ស្រុកហ្វឿង រាជធានីវៀងច័ន្ទ ប្រទេសឡាវ។

បន្ទាប់មក សមត្ថកិច្ចក៏បានបញ្ជូន ជនសង្ស័យជនជាតិឡាវទាំង ពីរនាក់ ជាមួយ វត្ថុតាងគ្រឿងញៀន មកកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង ដើម្បីបន្តនីតិវិធី៕/V-PC